ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​៖ សុខភាព​របស់លោក កឹម សុខា កាន់តែ​ធ្លាក់ចុះ​
13, Feb 2018 , 12:42 pm        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ហាក់​មិនសូវ​ស្វាហាប់​ដូច​មុន​នោះទេ​។ នេះ​ជាការ​សង្កេត​របស់លោក ផែង ហេង មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​។


 
​បើតាម​លោក ផែង ហេង សញ្ញា​នេះ បញ្ជាក់ថា សុខភាព​របស់លោក កឹម សុខា កាត់​តែមាន​ភាពទន់ខ្សោយ​។  លោក​មេធាវី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​មើលទៅ​គាត់ ដូចជា​ទ្រុឌទ្រោម​ជាង​មុន​។ គាត់ មិនសូវ​រហ័សរហួន​ដូច​មុន​ទេ ហើយក៏​សម្រាន្ត​មិនសូវ​លក់​ដែរ​»​។​
 
​លោក ផែង ហេង បន្តថា ជារឿយៗ លោក កឹម សុខា តែង​ឈឺដៃ​ខាងឆ្វេង ដោយសារតែ​លោក មាន​ជំងឺ​កៀប​សរសៃ​ដៃ​។  យ៉ាងណាក៏ដោយ លោក ផែង ហេង មិនអាច​បញ្ជាក់​ពី​បញ្ហា​ផ្លូវចិត្ត​របស់លោក កឹម សុខា បានឡើយ​។ លោក អះអាងថា លោក កឹម សុខា មិនដែល​បង្ហាញ​ឬ​ប្រាប់​ពី​បញ្ហា​ផ្លូវចិត្ត​នោះទេ​។ 
 
​ក្រៅពី​ជំងឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង លោក កឹម សុខា ក៏មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ធ្ងន់ ផងដែរ​។ នេះ​បើតាម​លោក ជូ​ង ជូ​ងី មេធាវី​មួយទៀត​របស់លោក កឹម សុខា ដែល​បាន​អះអាង នាពេល​កន្លងមក​។ 
 
​ដោយសារតែ​បារម្ភ​ពី​សុខភាព ដែល​យាយី​ដោយ​ជំងឺ​ទាំងបី​ប្រភេទ​នេះ ក្រុម​មេធាវី បានដាក់​សំណើ​ទៅកាន់​សាលាឧទ្ធរណ៍ សុំ​ឲ្យ​លោក កឹម សុខា នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ក្រុម​មេធាវី លើក​ហេតុផល ការស្នើ​ឲ្យ​កូនក្តី​ក្រៅ​ឃុំ គឺ​ដើម្បី​បាន​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ សំណើ​នេះ ត្រូវបាន​សាលាឧទ្ធរណ៍ ច្រានចោល​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​ជឿ​នោះទេ ថា​លោក កឹម សុខា មាន​ជំងឺ ជាពិសេស​ជំងឺ​កៀប​សរសៃ​ដៃ​ខាងឆ្វេង​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សរសេរ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ការនិយាយ​របស់​មេធា​វី គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ ដែល​ចង់បាន​ការដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​តែប៉ុណ្ណោះ​»​។​
 
​ថ្មីៗ​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុខភាព​របស់លោក កឹម សុខា ហើយ​បានស្នើ​ឲ្យ​តុលាការ​កម្ពុជា ដោះលែង​លោក ជាបន្ទាន់​។ ចំណែក អង្គការ និង​សហគមន៍​អន្តរជាតិ​ផ្សេងទៀត ក៏​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដែរ​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី សញ្ញា​វិជ្ជមាន ដែល​នាំ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា មិនទាន់​លេចឡើង​នៅឡើយ​ទេ​។ រដ្ឋាភិបាល ប្រកាស​ជំហរ​ថា ចំណាត់ការ​លើ​លោក កឹម សុខា គឺធ្វើឡើង​ទៅតាម​ច្បាប់​។ 
 
​មកដល់ពេលនេះ លោក កឹម សុខា បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ ក្រោម​ការសង្ស័យ​របស់​សមត្ថកិច្ច​និង​តុលាការ ថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ បច្ចុប្បន្ន សំណុំរឿង​របស់លោក កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕ 

Tag:
 ​កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com