ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹ​ង​ផង​!!!

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹ​ង​ផង​!!!
13, Feb 2018 , 6:59 pm         1677
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ទៅដោយ​សារធាតុ​មួយ​ឈ្មោះថា Lycopene ដែល​វា​ជា​អ្នកផ្តល់​ពណ៌​ក្រហម​ស្រស់​ដល់​ផ្លែ​មួយ​នេះ ហើយក៏​ជួយ​ការពារ​ផ្លែ​របស់​វាពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ដែរ​។ ដូចគ្នានេះដែរ វា​អាចជួយ​ការពារ​កោសិកា​រាងកាយ​អ្នក​ពី​ការខូចខាត​បានដែរ​។ ផ្លែ​ប៉េងប៉ោះ​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន B និង E និង​ជីវជាតិ​ផ្សេងៗ​ទៀត​ដែរ​។


​ប្រព័ន្ធ​ភាពស៊ាំ​
​សារធាតុ Lycopene គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំងនឹង​ការ​ម៉ូលេគុល​រ៉ាឌីកាល​សេរី​បាន ដែល​ម៉ូលេគុល​មួយ​នេះ​អាច​បំផ្លាញ​ដល់​កោសិកា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ថែមទៀត​។ ដោយសារតែ​រឿងនេះ​ហើយ អាហារ​ដែលមាន​សារធាតុ Lycopene ខ្ពស់​ដូចជា​ប៉េងប៉ោះ ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ជាមាន​ជំងឺមហារីក​សួត ក្រពះ ឬ​ក្រពេញ​ប្រូ​ស្តា​ត​ឡើយ​។ ការស្រាវជ្រាវ​ខ្លះ​បង្ហាញថា វា​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ជាច្រើន​ទៀត​ដែរ​។

​បេះដូង
​សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ព្រមទាំង​សម្ពាធ​ឈាម​ផងដែរ​។ កាលណា​រឿង​ទាំងពីរ​នេះ​ថយចុះ វា​នឹង​ល្អ​ចំពោះ​សុខភាព​បេះដូង​។ ជីវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ប៉េងប៉ោះ​ដូចជា​វីតាមីន B និង E ក៏​ប្រហែលជា​ជួយ​បង្កើន​សុខភាព​បេះដូង​ដែរ​។

​ភ្នែក​
​ប៉េងប៉ោះ​មាន​សារធាតុ​ជាច្រើន​ទៀត​ដូចជា Lutein និង Zeaxanthin ដែល​អាចជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌​ខៀវ​ចេញពី​ឧបករណ៍​ឌីជីថល​បាន​ដូចជា ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម​។​

​សួត​
​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ប៉េងប៉ោះ​ប្រហែល​ជាមាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​ជំងឺហឺត និង​ជួយ​បង្ការ​ជំងឺ​ខ្យល់​ក្នុង​ទងសួត​ទៀតផង​។  រឿងនេះ​អាច​ដោយសារតែ​សារធាតុ Lycopene, Lutein, និង Zeaxanthin​។

​សរសៃឈាម​

​ការដែល​ញ៉ាំ​ប៉េងប៉ោះ​កាន់តែច្រើន​ពី​របប​អាហារ​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិនសូវមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទេ​។ ការសិក្សា​បានបញ្ជាក់​ថា វា​ប្រហែលជា​ជួយ​លុបបំបាត់​ការ​រលាក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​កុំ​ឲ្យ​មាន​កំណក​ឈាម ដែល​វា​សុទ្ធសឹងតែ​ជួយ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ទាំងអស់​។

​សុខភាព​មាត់​
​ការសិក្សា​បានបង្ហាញ​ថា សារធាតុ Lycopene ប្រហែលជា​ជួយ​ដល់​ជំងឺ​អញ្ចាញធ្មេញ រលាក​អញ្ចាញធ្មេញ និង​រលាក​ជុំវិញ​ធ្មេញ ដូចគ្នា​នឹង​ការបង្ការ​ជំងឺមហារីក​ដែរ​។ ប៉ុន្តែ​ការដែល​ញ៉ាំ​ប៉េងប៉ោះ​ឆៅ​ច្រើន​អាច​បំផ្លាញ​ដល់​ស្រទាប់​ការពារ​ធ្មេញ​បាន​។

​ស្បែក​

​អ្នក​ស្គា​ល់ហើយ​ថា មួក និង​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​អាចជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​បាន​។ មែនហើយ​សារធាតុ Lycopene ក្នុង​ប៉េងប៉ោះ​ប្រហែលជា​ធ្វើការ​ដូចគ្នា​អញ្ចឹង​ដែរ​។ ប៉ុន្តែ​មិនបាច់​យក​វា​មក​លាប​ស្បែក​ទេ គឺ​វា​ជួយ​កោសិកា​ពី​ខាងក្នុង​ទៅវិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង