អន្តរជាតិ
បក្ស​កាន់អំណាច​អាហ្វ្រិក​ខាងត្បូង​សម្រេច​ដកតំណែង​ប្រធានាធិបតី​
13, Feb 2018 , 2:59 pm        
រូបភាព
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ចាខុប ស៊ូម៉ា (រូបភាព៖ AFP)
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ចាខុប ស៊ូម៉ា (រូបភាព៖ AFP)
ដោយ: ថ្មីៗ
 ចុងក្រោយ គណបក្ស​សមាជជាតិ​អាហ្វ្រិក (ANC) សម្រេច​ដក​សេចក្តីទុកចិត្ត​ចំពោះ​ប្រធានាធិបតី ចា​ខុប ស៊ូ​ម៉ា (Jacob Zuma) និង​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ដោយសារតែ​ការចោទប្រកាន់ថា លោក​ជំពាក់​វា​ក់វិន​នឹង​បញ្ហា​ពុករលួយ​។ ក្រោយ​ការសម្រេច​នេះ លោក ស៊ូ​ម៉ា​នឹង​ប្រឈម​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ជា​ផ្លូវការ​ពី​សំណាក​សមាជិកសភា​អាហ្វ្រិក​ខាងត្បូង​។​



​ក្រោយ​ពិភាក្សាគ្នា​អស់​ពេល ១៣​ម៉ោង​គ្មាន​សម្រាក​សោះ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ជាតិ​នៃ​បក្ស​សមាជជាតិ​អាហ្វ្រិក​ដែលជា​បក្ស​កាន់អំណាច បានសម្រេច​ដកតំណែង​ប្រធានាធិបតី ចា​ខុប ស៊ូ​ម៉ា ជា​ប្រមុខរដ្ឋ​ហើយ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​របស​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក​ខាងត្បូង​បី​នោះបាន​ឲ្យ​ដឹងថា សមាជិក​គណៈកម្មការ​ទាំង ១០៧ រូប​បាន​ជួបជុំគ្នា​នៅក្រៅ​ក្រុង Pretoria ហើយ​ការសម្រេចចិត្ត​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​គណបក្ស​ប៉ុណ្ណោះ​។ ក្រោយ​ការប្រកាស​ដកតំណែង​ពី​សំណាក់​សមាជិក​បក្ស​ហើយ គេ​រំពឹងថា ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​សំណាក់​សភា​នឹងត្រូវ​រៀបចំឡើង​ឆាប់ៗ​នេះ​។

​លោក ចា​ខុប ស៊ូ​ម៉ា ប្រឈម​នឹង​ការចោទប្រកាន់​ច្រើនដង​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ​កន្លងមក ប៉ុន្តែ​គេ​មិនដែល​រកឃើញ​ទោសកំហុស​ជាក់ស្តែង​របស់លោក​ឡើយ ហើយ​គ្រប់យ៉ាង​នៅតែ​ជាការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ គណបក្សកាន់អំណាច​កំពុង​ប្រឈម​បញ្ហា​ច្រើន​កន្លងមក ជាពិសេស​ការដណ្តើម​អំ​ណា​ច​គ្នា​ក្នុង​បក្ស​តែម្តង​។ ដូច្នេះហើយ​ទើប​យុទ្ធនា​ការដកហូត​តំណែង​លោក ស៊ូ​ម៉ា នៅ​បន្ត​ស្រប​ពេលដែល​ការបោះឆ្នោត​នឹង​មកដល់​នៅ​ឆ្នាំក្រោយ​ផង​។ សម្ពាធ​ក្នុង​បក្ស​ដែល​ដាក់​លើ​លោក ស៊ូ​ម៉ា កើនឡើង​កាន់តែខ្លាំង​ក្រោយ​ពេលដែល អនុ​ប្រធានាធិបតី​លោក Cyril Ramaphosa បាន​ឡើង​ជំនួស​តំណែង​លោក​ជា​ប្រធាន​គណបក្សកាន់អំណាច​កា​លពី​ខែធ្នូ​កន្លងមក​នោះ​។

​កន្លងមក លោក ស៊ូ​ម៉ា ក៏​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ដក​សេច​ក្ត​ទុកចិត្ត​ក្នុង​សភា​ដែរ ប៉ុន្តែ​លោក​អាច​ប្រឈមមុខ​បាន និង​ការពារ​កៅអី​ប្រធានាធិបតី​បាន​ដូចគ្នា​។ នោះ​ក៏ដោយ​សារ លោក​នៅ​ជា​អ្នកនយោបាយ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​។ ប៉ុន្តែ​លើក​នេះ ទំនងជា​លោក​មិនអាច​សង្គ្រោះ​កៅអី​ប្រធានាធិបតី​របស់លោក​បាន​ដូច​មុន​ឡើយ​។​

​បើទោះបីជា​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ក្នុង​បក្ស​មិនមាន​អនុភាព​ចាប់បង្ខំ​ដើម្បី​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ក៏ដោយ វា​ជាការ​សម្រេចចិត្ត​រួម ហើយ​វា​ជា​រឿង​លំបាក​បំផុត​បើសិនជា​លោក​ចង់​ជំទាស់​នោះ​។ យ៉ាងណាមិញ វា​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធានាធិបតី​អាហ្វ្រិក​អាហ្វ្រិក​ខាងត្បូង​រូបនេះ​រង​ការដាក់​សម្ពាធ​ឲ្យ​ចុះ​ចេញពី​តំណែង​។


Tag:
 អាហ្វ្រិក​ខាងត្បូង​
  Jacob Zuma
  Cyril Ramaphosa
© រក្សាសិទ្ធិដោយ thmeythmey.com