អន្តរជាតិ
បក្សកាន់អំណាចអាហ្វ្រិកខាងត្បូងសម្រេចដកតំណែងប្រធានាធិបតី ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ចាខុប ស៊ូម៉ា (រូបភាព៖ AFP)
× ចុងក្រោយ គណបក្សសមាជជាតិអាហ្វ្រិក (ANC) សម្រេចដកសេចក្តីទុកចិត្តចំពោះប្រធានាធិបតី ចាខុប ស៊ូម៉ា (Jacob Zuma) និងបង្ខំឲ្យលោកចុះចេញពីតំណែងដោយសារតែការចោទប្រកាន់ថា លោកជំពាក់វាក់វិននឹងបញ្ហាពុករលួយ។ ក្រោយការសម្រេចនេះ លោក ស៊ូម៉ានឹងប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្តជាផ្លូវការពីសំណាកសមាជិកសភាអាហ្វ្រិកខាងត្បូង។
ក្រោយពិភាក្សាគ្នាអស់ពេល ១៣ម៉ោងគ្មានសម្រាកសោះ សមាជិកគណៈកម្មការប្រតិបត្តិជាតិនៃបក្សសមាជជាតិអាហ្វ្រិកដែលជាបក្សកាន់អំណាច បានសម្រេចដកតំណែងប្រធានាធិបតី ចាខុប ស៊ូម៉ា ជាប្រមុខរដ្ឋហើយ។
ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្តីរបសប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកខាងត្បូងបីនោះបានឲ្យដឹងថា សមាជិកគណៈកម្មការទាំង ១០៧ រូបបានជួបជុំគ្នានៅក្រៅក្រុង Pretoria ហើយការសម្រេចចិត្តធ្វើឡើងក្នុងក្របខណ្ឌគណបក្សប៉ុណ្ណោះ។ ក្រោយការប្រកាសដកតំណែងពីសំណាក់សមាជិកបក្សហើយ គេរំពឹងថា ការបោះឆ្នោតដកសេចក្តីទុកចិត្តពីសំណាក់សភានឹងត្រូវរៀបចំឡើងឆាប់ៗនេះ។
លោក ចាខុប ស៊ូម៉ា ប្រឈមនឹងការចោទប្រកាន់ច្រើនដងពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយកន្លងមក ប៉ុន្តែគេមិនដែលរកឃើញទោសកំហុសជាក់ស្តែងរបស់លោកឡើយ ហើយគ្រប់យ៉ាងនៅតែជាការចោទប្រកាន់គ្មានភស្តុតាងប៉ុណ្ណោះ។
យ៉ាងណាមិញ គណបក្សកាន់អំណាចកំពុងប្រឈមបញ្ហាច្រើនកន្លងមក ជាពិសេសការដណ្តើមអំណាចគ្នាក្នុងបក្សតែម្តង។ ដូច្នេះហើយទើបយុទ្ធនាការដកហូតតំណែងលោក ស៊ូម៉ា នៅបន្តស្របពេលដែលការបោះឆ្នោតនឹងមកដល់នៅឆ្នាំក្រោយផង។ សម្ពាធក្នុងបក្សដែលដាក់លើលោក ស៊ូម៉ា កើនឡើងកាន់តែខ្លាំងក្រោយពេលដែល អនុប្រធានាធិបតីលោក Cyril Ramaphosa បានឡើងជំនួសតំណែងលោកជាប្រធានគណបក្សកាន់អំណាចកាលពីខែធ្នូកន្លងមកនោះ។
កន្លងមក លោក ស៊ូម៉ា ក៏ប្រឈមមុខនឹងការបោះឆ្នោតដកសេចក្តទុកចិត្តក្នុងសភាដែរ ប៉ុន្តែលោកអាចប្រឈមមុខបាន និងការពារកៅអីប្រធានាធិបតីបានដូចគ្នា។ នោះក៏ដោយសារ លោកនៅជាអ្នកនយោបាយមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមប្រជាជនអាហ្វ្រិកខាងត្បូង។ ប៉ុន្តែលើកនេះ ទំនងជាលោកមិនអាចសង្គ្រោះកៅអីប្រធានាធិបតីរបស់លោកបានដូចមុនឡើយ។
បើទោះបីជាការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងបក្សមិនមានអនុភាពចាប់បង្ខំដើម្បីឲ្យលោកចុះចេញពីតំណែងក៏ដោយ វាជាការសម្រេចចិត្តរួម ហើយវាជារឿងលំបាកបំផុតបើសិនជាលោកចង់ជំទាស់នោះ។ យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេ ដែលប្រធានាធិបតីអាហ្វ្រិកអាហ្វ្រិកខាងត្បូងរូបនេះរងការដាក់សម្ពាធឲ្យចុះចេញពីតំណែង។
Tag:
អាហ្វ្រិកខាងត្បូង
Jacob Zuma
Cyril Ramaphosa
© រក្សាសិទ្ធិដោយ thmeythmey.com