បោះឆ្នោត​ព្រឹទ្ធសភា​៖ លោក ពេជ្រ ស្រស់ ដែលមាន​អង្គ​បោះឆ្នោត​៣​នាក់ បើក​យុទ្ធ​នាការឃោសនា​

ជាតិ
បោះឆ្នោត​ព្រឹទ្ធសភា​៖ លោក ពេជ្រ ស្រស់ ដែលមាន​អង្គ​បោះឆ្នោត​៣​នាក់ បើក​យុទ្ធ​នាការឃោសនា​
13, Feb 2018 , 3:39 pm         1708
រូបភាព
រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់
រូបពីហ្វេសប៊ុកលោក ពេជ្រ ស្រស់
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក​គណ​បក្ស​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ បាន​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង នៅក្នុង​ខេត្ត​ត្បូង​ឃុំ នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ ដើម្បី​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​អង្គ​បោះឆ្នោត​។


​ក្នុង​យុទ្ធនា​ការឃោសនា​នេះ លោក ពេជ្រ ស្រស់ បានដាក់​ចេញ​សកម្មភាព ៣ ចំណុច ដើម្បី​សង្គ្រោះ​ជីវភាព​របស់​ម្ចាស់ឆ្នោត ដោយ​ក្នុងនោះ​រួមមាន ទី​១, រឹបអូស​មកវិញ​ចំពោះ​ដី​សម្បទាន​ខុសច្បាប់ ដើម្បី​ផ្តល់ជូន​ម្ចាស់ឆ្នោត​ណា​ដែល​គ្មាន​ដី ទី​២, ជំរុញ​ឲ្យ​មានការ​អនុវត្តច្បាប់រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ម៉ឹង​មាត់ ដើម្បី​សង្គ្រោះ​ជីវភាព​ម្ចាស់ឆ្នោត និង​ទី​៣, បង្កើត​កញ្ចប់​ថវិកា​ស​ម្រា​ប់​ទ្រទ្រង់​នូវ​តម្លៃ​កសិកម្ម​ជូន​ម្ចាស់ឆ្នោត​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ដូច្នេះ​៖«​បេសកកម្ម ៣ ចំណុច​ខាងលើ​អាចអនុវត្ត​បាន​នៅពេល​គណបក្ស​យុវជន​កម្ពុជា​ទទួលបាន​អាសនៈ​នៅក្នុង​ព្រឹទ្ធសភាជាតិ និង​រដ្ឋសភាជាតិ​។​បន្ថែម​ពីនេះ​ទៅទៀត ខ្ញុំ​បាន​សន្យា​ចំពោះមុខ​ជនរួមជាតិ​ថា ខ្ញុំ ពេជ្រ ស្រស់ មិន​ធ្វើ​នយោបាយ​តាម​គន្លង​អ្នកនយោបាយ​ជើងចាស់​នោះឡើយ ដោយ​អ្នកនយោបាយ​មុនៗ​បាន​ដើរ​បោកប្រាស់​ម្ចាស់ឆ្នោត ដើម្បី​តែ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ​»​។​

​គណបក្ស​យុវជន​កម្ពុជា​បាន​ជួបជុំ​សមាជិក​ជាង​១,៧០០​នាក់ ដើម្បី​ឃោសនា​គោលនយោបាយ​របស់​គណ​បក្ស​យុវជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ។ សម្រាប់​ការបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ថ្ងៃទី​២៥ កុម្ភៈ​ខាងមុខនេះ គណបក្ស​យុវជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ ចំនួន​៣៨​នាក់ នៅក្នុង​ភូមិភាគ​ចំនួន​៣ រួមមាន ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ , ទី​២ កំពង់ចាម និង​ត្បូងឃ្មុំ និង​ទី​៣ កណ្ដាល ។ ក្នុង​ភូមិភាគ​ទាំង​៣​នេះ គណបក្ស​យុវជន​កម្ពុជា មាន​អង្គ​បោះឆ្នោត​ពី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ តែ​៣​ប៉​ណ្ណោះ ដែល​ទទួលបាន​ពី​ការបែងចែក​អាសនៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លទ្ធភាព​ទទួលបាន​អាសនៈ​ព្រឹទ្ធសភា​របស់​គណបក្ស​យុវជន​នេះ ទំនង​គ្មាន​ឡើយ​។​
អត្ថបទទាក់ទង

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ធ្លាប់​ទទួលស្គាល់ថា គណបក្ស​លោក​នឹងមិន​ទទួលបាន​កៅអី​ព្រឹទ្ធសភា​នោះទេ ព្រោះតែ​អង្គ​បោះឆ្នោត​គ្មាន​សំឡេង​គ្រប់គ្រាន់​។ ប៉ុន្តែ​មូលហេតុ​ដែល​លោក សម្រេច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ ដើម្បី​បំពេញ​សិទ្ធិ​អង្គ​បោះឆ្នោត​ខ្លួន ពោលគឺ​មិន​ចង់​បោះបង់​ការចូលរួម ដូច​គណបក្ស​ដទៃ​។​

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤​នេះ មាន​គណបក្ស​ចំនួន​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។ អង្គ​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត សរុប​ចំនួន ១១,៦៩៥​នាក់​៕

Tag:
 ពេជ្រ ស្រស់​
 ​ ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង