អូឡាំពិក​ព្យុង​ឆាង​៖ កីឡាករ​ជប៉ុន​ម្នាក់ រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​មុនគេ​

កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ កីឡាករ​ជប៉ុន​ម្នាក់ រកឃើញថា​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​មុនគេ​
13, Feb 2018 , 4:00 pm         2147
រូបភាព
​កីឡាករ Kei Saito របស់​ជប៉ុន​ត្រូវបាន​ធ្វើតេស្ត​រកឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង (Pyeongchang 2018 Winter Olympic Games) ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) ដែល​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែកុម្ភៈ​នេះ​។​


​កីឡាករ​ប្រណាំង​ស្គី​លើទឹក​កក (short-track speed skater) វ័យ​២១​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ត្រួតពិនិត្យ​រកឃើញថា​រូបគេ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម Acetalozamide ហើយ​ត្រូវ​ក្រុម​ភ្នាក់ងារ​ហាមឃាត់​ចូលរួម​ប្រកួតប្រជែង​តែម្តង​។

CAS បាន​និយាយថា Saito បានសម្រេច​ចាកចេញ​ពី​ភូមិ​អូឡាំពិក​ដោយ​ខ្លួនឯង ហើយ​រូបគេ​ក៏ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ពី​កីឡា​អូឡាំពិក​នេះ រួមទាំង​ការប្រកួត​ដទៃទៀត ដោយ​រង់ចាំ​ការស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​សិន​។​

​ជុំវិញ​រឿងនេះ គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន បានលើកឡើង​ដែរ​ថា នេះ​ជា​ករណី​ដ៏​កម្រ​មួយ​សម្រាប់​អត្ត​ព​លិ​ក​ជប៉ុន ហើយក៏​ជា​លើកដំបូង​ផងដែរ​សម្រាប់​ប្រទេស​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​។

Saito ដែលជា​និស្សិត​ផ្នែក​ជីវសាស្ត្រ​នៃ​សកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​ជប៉ុន មាន​ប្អូនស្រី​របស់គេ​ម្នាក់​ឈ្មោះ Hitomi ក៏​កំពុង​ប្រកួតប្រជែង​នៅ​ទីក្រុង​ព្យុង​ឆាង​នេះដែរ​៕


Tag:
 កីឡា​អូឡាំពិក​
  Kei Saito
  ប្រណាំង​ស្គី​លើទឹក​កក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1213next