អាមេរិក​បង្កើន​វត្តមាន​កងទ័ព​ចូលរួម​សមយុទ្ធ​ពស់​មាស​នៅ​ថៃ​

អន្តរជាតិ
អាមេរិក​បង្កើន​វត្តមាន​កងទ័ព​ចូលរួម​សមយុទ្ធ​ពស់​មាស​នៅ​ថៃ​
13, Feb 2018 , 7:19 pm         1144
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ សមយុទ្ធ​ពស់វែក​មាស​ឆ្នាំ​២០១៨ បានចាប់ផ្ដើម​ហើយ​នៅ​ខេត្ត Chonburi ប្រទេស​ថៃ​។ ទាហាន​មកពី​២៩​ប្រទេស​បាន​ចូលរួម​សមយុទ្ធ​ពហុ​សាសន៍​ដ៏​ធំ​នេះ ដោយ​អាមេរិក​បាន​បង្កើន​ចំនួន​កងទ័ព​ចូលរួម​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។ វត្តមាន​យោធា​មី​យ៉ាន់​ម៉ា ក្លាយជា​ចំណុច​ចាប់អារម្មណ៍ ព្រោះ​កំពុងតែ​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ប្រតិបត្តិការ​ហិង្សា​នៅឯ​រដ្ឋ Rakhine ដែល​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​រត់​ភៀសខ្លួន​។​


​អាមេរិក​បាន​បញ្ជូនទាហាន​របស់ខ្លួន​ចំនួន​៦,៨០០​នាក់​ឲ្យ​ចូលរួម​សមយុទ្ធ​ពស់​មាស​ប្រចាំឆ្នាំ​២០១៨ នៅឯ​ខេត្ត Chonburi ជាប់មាត់​ឈូង​សមុទ្រ​ថៃ​។ សមយុទ្ធ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ដោយមាន​ទាហាន​ចូលរួម​ទាំង​ចំនួន​១១,០៧៥​នាក់ មកពី​២៩​ប្រទេស​។ អាមេរិក​បាន​បង្កើន​ចំនួន​កងទ័ព​របស់ខ្លួន​ជិត​ទ្វេដង ប្រៀបធៀប​ឆ្នាំ​២០១៧ ពេលដែល​ទំនាក់ទំនង​ជាមួយ​រប​យោធា​ថៃ​មិនសូវ​ល្អ​។ នេះ​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​នេះ​ជា​លើកដំបូង​ដែល​សមយុទ្ធ​ពស់វែក​មាស​នេះ ធ្វើ​ឡង​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ឆ្នាំ​២០១៤ ដែល​យោធា​ថៃ​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​ស៊ីវិល​។ ឆ្នាំក្រោយៗ​មក អាមេរិក​បាន​បន្ថយ​ចំនួន​ទាហាន​របស់ខ្លួន ហើយ​ទំនាក់ទំនង​ទ្វេភាគី​ក៏​រអាក់រអួល ដ្បិត​អាមេរិក​បាន​រិះគន់​របប​សឹក​ថៃ​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ ជាមួយគ្នា​នោះ អាមេរិក​តែង​ទទូច​ឲ្យ​ថៃ​ត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​វិញ​ឲ្យ​បាន​ឆាប់​។​

​ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​អាមេរិក និង​ថៃ ដែលជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ ក៏​ប្រសើរ​ឡើងវិញ​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ក៏ត្រូវ​បាន​លោក ត្រាំ ហៅ​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​ទៀតផង​។ ការបង្កើន​វត្តមាន​ទាហាន​នៅពេលនេះ ក៏​ជា​សញ្ញា​បង្ហាញ​សាច់ដុំ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ដែល​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ដែរនោះ​។

​លោក Steve Castonguay អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សមយុទ្ធ​ពស់វែក​មាស​នេះ គឺជា​លំ​ហាត់​យោធា​ធំជាងគេ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ជាការ​ប្ដេជ្ញាចិត្ត​របស់​អា​មេ​រិ​ក​សម្រាប់​តំបន់​។ អ្នកនាំពាក្យ​ដដែល​នេះ ក៏បាន​បញ្ជាក់​ពី​ការចូលរួម​របស់​យោធា​មី​យ៉ាន់​ម៉ា តាម​ការអញ្ជើញ​របស់​ថៃ​ផងដែរ​។ ប៉ុន្តែ​យោធា​មី​យ៉ាន់​ចូលរួម​ក្នុង​ពិធី​បើក​ប៉ុណ្ណោះ មិនមែនជា​ក្នុង​សមយុទ្ធ​ឡើយ​។  

​នេះ​ជា​ឆ្នាំ​ទី​៣៧ នៃ​សមយុទ្ធ​ពស់វែក​មាស ដែលជា​ការប្រមូល​កង​ទ័ព​ដ៏​ធំ​មួយ​ក្នុង​តំបន់ សំដៅ​សម្របសម្រួល​គ្នា​លើ​ការដោះស្រាយ​បញ្ហា​បណ្ដាល​ពី​គ្រោះធម្មជាតិ​។ មិនមែន​តែ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​ទេ​ដែល​ចូលរួម គូប្រជែង​របស់​អាមេរិក គឺ​ចិន ក៏បាន​បញ្ជូន​កងទ័ព​មួយក្រុម​ចូលរួម​សមយុទ្ធ​នេះដែរ​។ គោលដៅ​ធំ​នៃ​សមយុទ្ធ​ឆ្នាំនេះ គឺ​ការផ្ដល់​ជំនួយ​មនុសធម៌ និង​ការជួយ​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះថ្នាក់​ធម្មជាតិ​៕

Tag:
 ថៃ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next