អន្តរជាតិ
អាមេរិកបង្កើនវត្តមានកងទ័ពចូលរួមសមយុទ្ធពស់មាសនៅថៃ រូបភាព៖ AFP
× នៅថ្ងៃទី១៣ ខែកុម្ភៈ សមយុទ្ធពស់វែកមាសឆ្នាំ២០១៨ បានចាប់ផ្ដើមហើយនៅខេត្ត Chonburi ប្រទេសថៃ។ ទាហានមកពី២៩ប្រទេសបានចូលរួមសមយុទ្ធពហុសាសន៍ដ៏ធំនេះ ដោយអាមេរិកបានបង្កើនចំនួនកងទ័ពចូលរួមច្រើនជាងឆ្នាំកន្លងទៅ។ វត្តមានយោធាមីយ៉ាន់ម៉ា ក្លាយជាចំណុចចាប់អារម្មណ៍ ព្រោះកំពុងតែរងការរិះគន់ខ្លាំងជុំវិញប្រតិបត្តិការហិង្សានៅឯរដ្ឋ Rakhine ដែលបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់រត់ភៀសខ្លួន។
អាមេរិកបានបញ្ជូនទាហានរបស់ខ្លួនចំនួន៦,៨០០នាក់ឲ្យចូលរួមសមយុទ្ធពស់មាសប្រចាំឆ្នាំ២០១៨ នៅឯខេត្ត Chonburi ជាប់មាត់ឈូងសមុទ្រថៃ។ សមយុទ្ធនេះធ្វើឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដោយមានទាហានចូលរួមទាំងចំនួន១១,០៧៥នាក់ មកពី២៩ប្រទេស។ អាមេរិកបានបង្កើនចំនួនកងទ័ពរបស់ខ្លួនជិតទ្វេដង ប្រៀបធៀបឆ្នាំ២០១៧ ពេលដែលទំនាក់ទំនងជាមួយរបយោធាថៃមិនសូវល្អ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
នេះជាលើកដំបូងដែលសមយុទ្ធពស់វែកមាសនេះ ធ្វើឡងក្នុងកម្រិតទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ២០១៤ ដែលយោធាថៃដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។ ឆ្នាំក្រោយៗមក អាមេរិកបានបន្ថយចំនួនទាហានរបស់ខ្លួន ហើយទំនាក់ទំនងទ្វេភាគីក៏រអាក់រអួល ដ្បិតអាមេរិកបានរិះគន់របបសឹកថៃរបស់លោក ប្រាយុទ្ធ ចន្ទអូចា ។ ជាមួយគ្នានោះ អាមេរិកតែងទទូចឲ្យថៃត្រឡប់ទៅរកប្រជាធិបតេយ្យវិញឲ្យបានឆាប់។
ក្រោយពេលលោក ដូណាល់ ត្រាំ ទំនាក់ទំនងអាមេរិក និងថៃ ដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំ ក៏ប្រសើរឡើងវិញដែរ ហើយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏ត្រូវបានលោក ត្រាំ ហៅទៅទស្សនកិច្ចនៅសេតវិមានទៀតផង។ ការបង្កើនវត្តមានទាហាននៅពេលនេះ ក៏ជាសញ្ញាបង្ហាញសាច់ដុំរបស់អាមេរិកនៅក្នុងតំបន់ដែលចិនកំពុងតែពង្រីកឥទ្ធិពលកាន់តែខ្លាំងដែរនោះ។
លោក Steve Castonguay អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងបាងកក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សមយុទ្ធពស់វែកមាសនេះ គឺជាលំហាត់យោធាធំជាងគេនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាការប្ដេជ្ញាចិត្តរបស់អាមេរិកសម្រាប់តំបន់។ អ្នកនាំពាក្យដដែលនេះ ក៏បានបញ្ជាក់ពីការចូលរួមរបស់យោធាមីយ៉ាន់ម៉ា តាមការអញ្ជើញរបស់ថៃផងដែរ។ ប៉ុន្តែយោធាមីយ៉ាន់ចូលរួមក្នុងពិធីបើកប៉ុណ្ណោះ មិនមែនជាក្នុងសមយុទ្ធឡើយ។
នេះជាឆ្នាំទី៣៧ នៃសមយុទ្ធពស់វែកមាស ដែលជាការប្រមូលកងទ័ពដ៏ធំមួយក្នុងតំបន់ សំដៅសម្របសម្រួលគ្នាលើការដោះស្រាយបញ្ហាបណ្ដាលពីគ្រោះធម្មជាតិ។ មិនមែនតែអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកទេដែលចូលរួម គូប្រជែងរបស់អាមេរិក គឺចិន ក៏បានបញ្ជូនកងទ័ពមួយក្រុមចូលរួមសមយុទ្ធនេះដែរ។ គោលដៅធំនៃសមយុទ្ធឆ្នាំនេះ គឺការផ្ដល់ជំនួយមនុសធម៌ និងការជួយសង្គ្រោះក្នុងពេលមានគ្រោះថ្នាក់ធម្មជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com