ជាតិ
សកម្មជន​បរិស្ថាន​ពីរ​នាក់ ដែលមាន​ទោស ព្រោះ​ថតរូប​ក្រុមហ៊ុន​បូម​ខ្សាច់ ត្រូវបាន​ដោះលែង
13, Feb 2018 , 5:03 pm        
រូបភាព
លោក ឌឹម គុណឌី (អាវពណ៌ស)  និងលោក ហ៊‌ុន វណ្ណៈ  សកម្មជននៃអង្គការមាតាធម្មជាតិ  ក្រោយចេញពីពន្ធនាគារខេត្តកោះកុង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៨
លោក ឌឹម គុណឌី (អាវពណ៌ស) និងលោក ហ៊‌ុន វណ្ណៈ សកម្មជននៃអង្គការមាតាធម្មជាតិ ក្រោយចេញពីពន្ធនាគារខេត្តកោះកុង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹ​ម គុណ​ឌី សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។ លោក សំ ចំរើន ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បរិស្ថាន​ទាំងពីរ បាន​អះអាងថា ការដោះលែង​នេះ គឺ​ដោយសារតែ​ពួកគេ បាន​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ គ្រប់ពេល​កំណត់​។



​លោក​មេធាវី សំ ចំរើន ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​តុលាការ ឲ្យ​ពួកគាត់ ជាប់ឃុំ ៥​ខែ ឥឡូវ មក​ពេលនេះ គឺមាន​រយៈពេល​៥​ខែ​ហើយ​។ ដូច្នេះ ពួកគាត់ ត្រូវ​រួចផុត​ទោស​ហើយ​»​។ 

​លោក ហ៊ុន វណ្ណៈ និង លោក​ឌឹ​ម គុណ​ឌី  ត្រូវបាន​តុលាការ​ខេត្តកោះកុង ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ក្រោម «​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ប៉ុន្តែ តុលាការ កំណត់​ឲ្យ​សកម្មជន​បរិស្ថាន​ទាំងពីរ​នេះ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​៥​ខែ​ប៉ុណ្ណោះ ឯ​ទោស​៧​ខែ​ទៀត ត្រូវ​ព្យួរ​។ ក្រៅពី​ជាប់ពន្ធនាគារ ពួកគេ​ទាំងពីរ ក៏​ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​បង់ប្រាក់ ១​លាន​រៀល​ក្នុង​ម្នាក់ៗ ចូលទៅ​រដ្ឋ​ផងដែរ​។

​លោក ហ៊ុន វណ្ណៈ និង លោក​ឌឹ​ម គុណ​ឌី ត្រូវបាន​ឃាត់ខ្លួន​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២0១៧ ដោយសារតែ​ពួកគេ បាន​ថតរូប​សកម្មភាព​ក្រុមហ៊ុន​មួយ ដែល​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង​។ អ្នក​ទាំងពីរ​នេះ រួមជាមួយ​សកម្មជន​តាម​សហគមន៍​នានា តែង​ចេញមុខ​ជំទាស់​នឹង​ការ​បូក​ខ្សាច់ យកទៅលក់​នៅក្រៅ​ប្រទេស និង​ការកាប់បំផ្លាញ​ព្រៃឈើ ជាដើម​៕


Tag:
 ហ៊ុន វណ្ណៈ​
  ឌឹ​ម គុណ​ឌី​
  មេធាវី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com