ជាតិ
សកម្មជនបរិស្ថានពីរនាក់ ដែលមានទោស ព្រោះថតរូបក្រុមហ៊ុនបូមខ្សាច់ ត្រូវបានដោះលែង លោក ឌឹម គុណឌី (អាវពណ៌ស) និងលោក ហ៊ុន វណ្ណៈ សកម្មជននៃអង្គការមាតាធម្មជាតិ ក្រោយចេញពីពន្ធនាគារខេត្តកោះកុង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៨
× លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី សកម្មជននៃអង្គការមាតាធម្មជាតិ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៨នេះ។ លោក សំ ចំរើន ដែលជាមេធាវីការពារក្តីឲ្យសកម្មជនបរិស្ថានទាំងពីរ បានអះអាងថា ការដោះលែងនេះ គឺដោយសារតែពួកគេ បានអនុវត្តទោស ក្នុងពន្ធនាគារ គ្រប់ពេលកំណត់។
លោកមេធាវី សំ ចំរើន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«តុលាការ ឲ្យពួកគាត់ ជាប់ឃុំ ៥ខែ ឥឡូវ មកពេលនេះ គឺមានរយៈពេល៥ខែហើយ។ ដូច្នេះ ពួកគាត់ ត្រូវរួចផុតទោសហើយ»។
លោក ហ៊ុន វណ្ណៈ និង លោកឌឹម គុណឌី ត្រូវបានតុលាការខេត្តកោះកុង ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោម «បទធ្វើឲ្យប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ប៉ុន្តែ តុលាការ កំណត់ឲ្យសកម្មជនបរិស្ថានទាំងពីរនេះ អនុវត្តទោសក្នុងពន្ធនាគារតែ៥ខែប៉ុណ្ណោះ ឯទោស៧ខែទៀត ត្រូវព្យួរ។ ក្រៅពីជាប់ពន្ធនាគារ ពួកគេទាំងពីរ ក៏ត្រូវបានតុលាការ បង្គាប់ឲ្យបង់ប្រាក់ ១លានរៀលក្នុងម្នាក់ៗ ចូលទៅរដ្ឋផងដែរ។
លោក ហ៊ុន វណ្ណៈ និង លោកឌឹម គុណឌី ត្រូវបានឃាត់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២0១៧ ដោយសារតែពួកគេ បានថតរូបសកម្មភាពក្រុមហ៊ុនមួយ ដែលបូមខ្សាច់នៅក្នុងខេត្តកោះកុង។ អ្នកទាំងពីរនេះ រួមជាមួយសកម្មជនតាមសហគមន៍នានា តែងចេញមុខជំទាស់នឹងការបូកខ្សាច់ យកទៅលក់នៅក្រៅប្រទេស និងការកាប់បំផ្លាញព្រៃឈើ ជាដើម៕
Tag:
ហ៊ុន វណ្ណៈ
ឌឹម គុណឌី
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com