ជាតិ
គ​.​ជ​.​ប​៖ គ្មាន​អ្នកណាម្នាក់ អាច​រារាំង​ការងារ​បោះឆ្នោត​បានឡើយ​
13, Feb 2018 , 8:39 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
ដោយ:
​ភ្នំពេញ​៖ ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បញ្ជាក់​ជាថ្មី​ថា ខ្លួន ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សុទ្ធសាធ ហើយ​ត្រូវ​ប្រកាន់​ជំហរ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការប្រកាស​ជំហរ​បែបនេះ​របស់​គ​.​ជ​.​ប គឺធ្វើឡើង​ក្រោយពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍ ដោយ​អះអាងថា មិន​គាំទ្រ​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​។​



​សេចក្តីថ្លែងការណ៍​រប​ស់គ​.​ជ​.​ប បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​នរណាម្នាក់​មាន​សិទ្ធិមក​រារាំង​ការងារ​របស់ គ​.​ជ​.​ប បានទេ ជាពិសេស គ​.​ជ​.​ប កំពុងដំណើរការ​រៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នេះ​»​។

​ដើម្បី​អាច​ធានាបាន​នូវ​ភាពត្រឹមត្រូវ​តាម​គន្លង​ច្បាប់ និង​ទទួលបាន​ការជឿទុកចិត្ត ចំពោះ​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវអនុវត្ត​គោលការណ៍​មួយចំនួន ដូចជា ឯករាជ្យភាព អព្យាក្រឹតភាព សុចរិត​ភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និង​ភាពជា​អ្នកបម្រើ​សេវា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គ​.​ជ​.​ប ដដែល​។

​ជុំវិញ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មុន​គ​.​ជ​.​ប​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​មិន​គាំទ្រ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដោយសារតែ​ខ្លួន អវត្តមាន​។ ម្យ៉ាងទៀត អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ បាន​លើក​ហេតុផល​ថា តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​អង្គ​បោះឆ្នោត មិនមែនជា​តំណាង​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះទេ​។

​យ៉ាងណាក៏ដោយ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។ ទាំង​រដ្ឋាភិបាល និង​គ​.​ជ​.​ប សុទ្ធតែ​បញ្ជាក់​បែបនេះ​។ 

​ការឃោសនា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ដំណើរការ​អស់​រយៈពេល​បី​-​បួន​ថ្ងៃ​ហើយ​។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​លេចធ្លោ​ជាងគេ​ក្នុងការ​ឃោសនា​នេះ​។ រីឯ គណបក្ស​យុ​ជ​ជនកម្ពុជា ទើបនឹង​ចេញ​ធ្វើ​យុទ្ធនាការ រក​សំឡេងឆ្នោត នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ​។ ចំណែក គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនទាន់​ចេញ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នោះទេ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មានតែ​គណបក្ស​បួន​នេះ​ទេ ដែល​ចូលរួម​៕



Tag:
 គ​.​ជ​.​ប​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com