អន្តរជាតិ
កូរ៉េខាងត្បូង៖ អតីតមនុស្សជំនិតលោកស្រី ប៉ាក ហ្គឺនហេ ជាប់គុក២០ឆ្នាំក្នុងសំណុំរឿងពុករលួយ លោកស្រី Choi Soon-sil ពេលបញ្ជូនទៅកាន់តុលាការ (រូបភាព៖ AFP)
× តុលាការកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែកុម្ភៈ បានកាត់ទោសលោកស្រី ឆយ ស៊ូនស៊ីល (Choi Soon-sil) ឲ្យជាប់ពន្ធនាគារយៈពេល២០ឆ្នាំលើសំណុំរឿងពុករលួយ។ លោកស្រី ឆយ មនុស្សជំនិតរបស់លោកស្រី ប៉ាក ហ្គឺនហេ គឺជាបុគ្គលនៅចំកណ្ដាលរឿងអាស្រូវពុករលួយរវាងនយោបាយ និងសេដ្ឋីនៅកូរ៉េខាងត្បូងរហូតធ្វើឲ្យលោកស្រី ប៉ាក អស់តំណែងប្រធានាធិបតីកាលពីឆ្នាំមុន និងកំពុងរង់ចាំការកាត់ទោស។
តុលាការក្រុងសេអ៊ូលបានប្រកាសសាលក្រមដាក់ទោសលោកស្រី ឆយ ស៊ូនស៊ីល មនុស្សជិតស្និទ្ធអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទបំពានអំណាចរដ្ឋ ការទទួលសំណូក និងការបង្ខិតបង្ខំ។ តុលាការដដែលក៏បានបញ្ជាឲ្យលោកស្រី ឆយ បង់ប្រាក់ពិន័យចំនួន១៦,៦លានដុល្លារផងដែរ។ លោកស្រី ឆយ ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០១៧ និងការចោទប្រកាន់ចំនួន១៨ករណីឯណោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua តុលាការរកឃើញថា លោកស្រី ឆយ បានទទួលសំណូកចំនួន៦,៧លានដុល្លារពីលោក Lee Jae-yong អ្នកស្នងតំណែងក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម។ តាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី ប៉ាក លោកស្រី ឆយ ក៏បង្ខំឲ្យក្រុមហ៊ុនជាច្រើនទៀតបង់ប្រាក់រាប់សិនលានដុល្លារទៅកាន់មូលនិធិផ្ទាល់ខ្លួន។
ជាមួយគ្នានោះ លោកស្រី ឆយ ក៏រកឃើញកំហុសពាក់ព័ន្ធនឹងការលូកដៃក្នុងកិច្ចការរដ្ឋ និងទទួលព័ត៌មានសម្ងាត់ជាតិ ទាំងខ្លួនឯងមិនមែនជាមន្ត្រីរដ្ឋផងនោះ។ ចៅក្រមតុលាការក្រុងសេអ៊ូលនិយាយថា កំហុសរបស់លោកស្រី ឆយ ពិតជាធ្ងន់ណាស់ តែជនជាប់ចោទរូបនេះមិនបានបង្ហាញការស្ដាយក្រោយអ្វីឡើយ។ តាមពិតទៅ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើដាក់ទោស២៥ឆ្នាំ តែតុលាការសម្រេចឲ្យជាប់ពន្ធនាគារ២០ឆ្នាំប៉ុណ្ណោះ។
ក្រៅពីលោកស្រី ឆយ តុលាការក៏បានកាត់អ្នកជាប់ពាក់ព័ន្ធពីរនាក់ទៀតក្នុងរឿងអាស្រូវពុករលួយដ៏ធំនេះ។ លោក Shin Dong-bin ប្រធានក្រុមហ៊ុន Lotte ដែលជាក្រុមហ៊ុនធំទី៥ របស់កូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ពីបទផ្ដល់សំណូកទៅឲ្យលោកស្រី ឆយ ដើម្បីទទួលបានផលប្រយោជន៍ក្នុងការរកស៊ី ហើយលោកត្រូវបានចាប់ឃុំខ្លួនភ្លាមតែម្ដង។ លោក An Chong-bum អតីតទីប្រឹក្សាលោកស្រី ប៉ាក ម្នាក់ ជាប់ពន្ធនាគារ៦ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យជាង៩ម៉ឺនដុល្លារ។
ដោយឡែក លោក Lee Jae-yong ដែលជាប់វាក់វិនក្នុងសំណុំរឿងនេះដែរនោះ ទើបត្រូវបានតុលាការដោះលែងកាលពីសប្ដាហ៍មុន។ ងាកទៅរកលោកស្រី ប៉ាក វិញ បន្ទាប់ពីអស់តំណែងប្រធានាធិបតីកាលពីឆ្នាំមុន ក៏ត្រូវជាប់ឃុំខ្លួនរហូត ខណៈតុលាការអាចប្រកាសសាលក្រមលោកស្រីនៅមុនខែមេសា ដែលជាពេលកំណត់ចុងក្រោយនៃការឃុំខ្លួន។ លោកស្រី ប៉ាក បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ និងហៅការកាត់ទោសនេះជារឿងនយោបាយ៕
Tag:
កូរ៉េខាងត្បូង
ប៉ាក ហ្គឺនហេ
Choi Soon-sil
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com