អន្តរជាតិ
តុលាការ​ឥណ្ឌូណេស៊ី កាត់ទោស​មេដឹកនាំ​ភេរវ​ករ​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ
13, Feb 2018 , 9:59 pm        
រូបភាព
រូបភាព៖ Kumpar
រូបភាព៖ Kumpar
ដោយ:
​តុលាការ​ឥណ្ឌូណេស៊ី បានសម្រេច​កាត់ទោស​មេ​ដឹកនាំ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែលមាន​មូលដ្ឋាន​នៅ​ឥណ្ឌូណេស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ ។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ បានឃើញរ​កថា ជនជាប់ចោទ​រូបនេះ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​អំពើ​ភេរវកម្ម​មែន ។



​នៅ​ថ្ងៃ​១២ កុម្ភៈ មេដឹកនាំ​ភេរវ​ករ​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម​ប្រចាំ​ឥណ្ឌូណេស៊ី ត្រូវបាន​តុលាការ​រដ្ឋធានី​ហ្សា​ការ​តា កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ប្រាំពីរ​ឆ្នាំ ពីបទ​ឧក្រិដ្ឋ​ភេរវកម្ម ក្រោយពី​រដ្ឋអាជ្ញា​បានស្នើ​ឲ្យ​ដាក់ទោស​ពន្ធនាគារ​រយៈ​ពេល​មួយ​ទសវត្សរ៍​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។

​តាម​ប្រភពព័ត៌មាន​ដដែល ជនជាប់ចោទ ត្រូវបាន​ចាប់ខ្លួន ខណៈពេលដែល រូបគេ បាន​ព្យាយាម​ជួញដូរ​អាវុធ​ប្រហែល ៥០​ដើមពី​ហ្វីលីពីន ។ សកម្មភាព​នេះ ត្រូវបាន​តុលាការ​សន្ម​ត់​ថា ជា​ផែនការ​វាយប្រហារ​នៅ​ឥណ្ឌូណេស៊ី​នាពេលខាងមុខ ។ ជនជាប់ចោទ​នេះ ក៏ត្រូវ​បាន​គេ​ជឿជាក់ថា​ជា​ក្រុម ដែល​វាយប្រហារ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៦​ដែល​បង្ក​មនុស្ស​ច្រើន​នាក់​ស្លាប់ ។

​គួរ​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី គឺជា​ប្រទេសមួយ ដែលមាន​ប្រជាជន​កាន់សាសនា​ឥស្លាម​ច្រើនជាងគេ​ក្នុង​ពិភពលោក ។ ឥណ្ឌូណេស៊ី ក៏​កំពុងតែ​ក្លាយជា​ជម្រក​មួយ​សម្រាប់​ក្រុម​ភេរ​វករ ដែល​កំពុងតែ​ព្យាយាម​តាំង​មូលដ្ឋាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូច​នៅ​ហ្វីលីពីន និង​ម៉ាឡេស៊ី​ផងដែរ​។

​ដោយសារតែ​ការគំរាមកំហែង​ក្រុម​ភេរ​វករ ឥណ្ឌូណេស៊ី មិន​ត្រឹមតែ​ព្យាយាម​ពង្រឹង​សន្តិសុខ​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ តែ​បងធំ​អាស៊ាន​មួយ​នេះ ក៏​កំពុងតែ​សហការ​ជាមួយ​មិត្ត​អាស៊ាន​រួមមាន​ម៉ាឡេស៊ី និង​ហ្វីលីពីន​ដែរ​។ ភាគី​ទាំងបី បាន​ព្រមព្រៀង​ផ្លាស់ប្តូរ​ព័ត៌មាន​ចារកម្ម​សន្តិសុខ​ជាមួយគ្នា​ដើម្បី​ធានាថា ក្រុម​ភេរ​វករ​មិន​អាចធ្វើ​សកម្មភាព​តាម​បំណង​ពួកគេ​បានឡើយ ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ភេរវកម្ម​)
© រក្សាសិទ្ធិដោយ thmeythmey.com