អន្តរជាតិ
តុលាការឥណ្ឌូណេស៊ី កាត់ទោសមេដឹកនាំភេរវករម្នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ រូបភាព៖ Kumpar
× តុលាការឥណ្ឌូណេស៊ី បានសម្រេចកាត់ទោសមេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាមដែលមានមូលដ្ឋាននៅឥណ្ឌូណេស៊ី ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានឃើញរកថា ជនជាប់ចោទរូបនេះ ពិតជាបានប្រព្រឹត្តបទល្មើសអំពើភេរវកម្មមែន ។
នៅថ្ងៃ១២ កុម្ភៈ មេដឹកនាំភេរវករបណ្តាញក្រុមរដ្ឋឥស្លាមប្រចាំឥណ្ឌូណេស៊ី ត្រូវបានតុលាការរដ្ឋធានីហ្សាការតា កាត់ទោសឲ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំ ពីបទឧក្រិដ្ឋភេរវកម្ម ក្រោយពីរដ្ឋអាជ្ញាបានស្នើឲ្យដាក់ទោសពន្ធនាគាររយៈពេលមួយទសវត្សរ៍នោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។
តាមប្រភពព័ត៌មានដដែល ជនជាប់ចោទ ត្រូវបានចាប់ខ្លួន ខណៈពេលដែល រូបគេ បានព្យាយាមជួញដូរអាវុធប្រហែល ៥០ដើមពីហ្វីលីពីន ។ សកម្មភាពនេះ ត្រូវបានតុលាការសន្មត់ថា ជាផែនការវាយប្រហារនៅឥណ្ឌូណេស៊ីនាពេលខាងមុខ ។ ជនជាប់ចោទនេះ ក៏ត្រូវបានគេជឿជាក់ថាជាក្រុម ដែលវាយប្រហារឥណ្ឌូណេស៊ីនៅឆ្នាំ២០១៦ដែលបង្កមនុស្សច្រើននាក់ស្លាប់ ។
គួរជម្រាបផងដែរថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេក្នុងពិភពលោក ។ ឥណ្ឌូណេស៊ី ក៏កំពុងតែក្លាយជាជម្រកមួយសម្រាប់ក្រុមភេរវករ ដែលកំពុងតែព្យាយាមតាំងមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចនៅហ្វីលីពីន និងម៉ាឡេស៊ីផងដែរ។
ដោយសារតែការគំរាមកំហែងក្រុមភេរវករ ឥណ្ឌូណេស៊ី មិនត្រឹមតែព្យាយាមពង្រឹងសន្តិសុខក្នុងស្រុកប៉ុណ្ណោះនោះទេ តែបងធំអាស៊ានមួយនេះ ក៏កំពុងតែសហការជាមួយមិត្តអាស៊ានរួមមានម៉ាឡេស៊ី និងហ្វីលីពីនដែរ។ ភាគីទាំងបី បានព្រមព្រៀងផ្លាស់ប្តូរព័ត៌មានចារកម្មសន្តិសុខជាមួយគ្នាដើម្បីធានាថា ក្រុមភេរវករមិនអាចធ្វើសកម្មភាពតាមបំណងពួកគេបានឡើយ ៕
Tag:
ឥណ្ឌូណេស៊ី
អាស៊ាន
ភេរវកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com