ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ឲ្យពន្លឿនការពង្រឹងធនធានមនុស្សក្នុងស្រុក ដើម្បីជំនួសជនបរទេស រូបថត AFP
× ភ្នំពេញ៖ កម្ពុជាខ្វះខាតពលករជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អ្នកវិនិយោគ ដែលធ្វើឲ្យមានលំហូរអ្នកបច្ចេកទេសពីក្រៅប្រទេស ក្នុងតម្លៃប្រាក់ឈ្នួលខ្ពស់។ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាត្រូវតែបើកឲ្យមានការវិនិយោគពីបរទេស ដោយមិនអាចរង់ចាំរហូតដល់ធនធានមនុស្សក្នុងស្រុកមានគ្រប់គ្រាន់នោះទេ។
សូមស្ដាប់ប្រសាសន៍ សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី១៣ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានលើកឡើងថា ទោះបីជាលំហូរវិនិយោគបាននាំមកជាមួយពលករជំនាញពីក្រៅ តែការវិនិយោគនឹងផ្ដល់ការងារដែលទាមទារជំនាញកម្រិតល្មម និងផ្ដល់ឱកាសរៀនសូត្រដល់អ្នកក្នុងស្រុក ដើម្បីជំនួសកន្លែងការងារជនបរទេសទៅពេលអនាគត។ សម្ដេចថ្លែងថា កម្ពុជាត្រូវតែពន្លឿនការពង្រឹងធនធានជំនាញរបស់ខ្លួនឲ្យឆ្លើយតបតម្រូវការទីផ្សារ។ សម្ដេចអះអាងថា វិនិយោគិននឹងលែងជួលពលករជំនាញពីបរទេស ដោយយកនិយោជិតខ្មែរមកជំនួសវិញ ព្រោះគម្លាតកម្រៃប្រាក់បៀវត្ស។
បើតាមតួលេខដែលសម្ដេចលើកឡើង ការវិនិយោគពីបរទេស ក្នុងខែធ្នូឆ្នាំ២០១៧ និងខែមករាឆ្នាំ២០១៨ បានបង្កើតការងារជិត ៣០ម៉ឺនកន្លែង ដែលបង្ហាញពីតម្រូវការខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com