ឥទ្ធិពល​ព្យុះ​«​សាន់​បា​» នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​នៅ​ថ្ងៃទី​១៨-២២ ខែកុម្ភៈ​

ជាតិ
ឥទ្ធិពល​ព្យុះ​«​សាន់​បា​» នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​នៅ​ថ្ងៃទី​១៨-២២ ខែកុម្ភៈ​
13, Feb 2018 , 10:21 pm         1586
រូបភាព
​ភ្នំពេញ​៖ បណ្ដា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា នឹងមាន​ភ្លៀង​កក់ខែ ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី ១៨-២២​កុម្ភៈ​ខាងមុខ ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​២ សាន់​បា (SANBA) ដែល​កើតឡើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក ចេញផ្សាយ​នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ បង្ហាញថា ព្យុះ​ទី​២ ឈ្មោះ សាន់​បា (SANBA) ដែល​កើតឡើង ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ បាននិងកំពុង​រំកិល​ខ្លួន មក​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ចូលមក​សមុទ្រ​ចិន​ខាងត្បូង​ហើយ នឹង​ថយឥទ្ធិពល​នៅពេល​វា​មក​កៀក នឹង​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម នា​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​។ 
 
​ផ្អែក​តាម​ការ​ព្យាករ ឥទ្ធិពល​ព្យុះ​ទី​២ «​សាន់​បា​»​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ ពី​តិច ទៅ​មធ្យម នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ នៅ​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន មាន​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​នៅ​តំបន់ឆ្នេរ​៕
 
 

Tag:
 អាកាសធាតុ​
 ព្យុះ​
 ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង