ជាតិ
ឥទ្ធិពលព្យុះ«សាន់បា» នឹងធ្វើឲ្យមានភ្លៀងកក់ខែនៅថ្ងៃទី១៨-២២ ខែកុម្ភៈ
× ភ្នំពេញ៖ បណ្ដាខេត្តមួយចំនួននៅកម្ពុជា នឹងមានភ្លៀងកក់ខែ ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី ១៨-២២កុម្ភៈខាងមុខ ដោយសារឥទ្ធិពលព្យុះទី២ សាន់បា (SANBA) ដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភៈ បង្ហាញថា ព្យុះទី២ ឈ្មោះ សាន់បា (SANBA) ដែលកើតឡើង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១២ ខែកុម្ភៈ បាននិងកំពុងរំកិលខ្លួន មកភាគខាងត្បូងប្រទេសហ្វីលីពីន។ ព្យុះនេះ នឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូងហើយ នឹងថយឥទ្ធិពលនៅពេលវាមកកៀក នឹងឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម នាយប់ថ្ងៃទី១៧ ខែកុម្ភៈ។
ផ្អែកតាមការព្យាករ ឥទ្ធិពលព្យុះទី២ «សាន់បា»នេះ នឹងបង្កឲ្យមានភ្លៀងកក់ខែ ពីតិច ទៅមធ្យម នៅថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបណ្ដារាជធានី-ខេត្តមួយចំនួន មានរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងខេត្តនៅតំបន់ឆ្នេរ៕
Tag:
អាកាសធាតុ
ព្យុះ
ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com