ជាតិ
ថៃ ដោះលែងពលរដ្ឋខ្មែរ២៧៤នាក់វិញ ខណៈជាង១០នាក់ទៀត កំពុងរងការចោទប្រកាន់
× ភ្នំពេញ៖ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់២៨៩នាក់ ក្នុងរយៈពេល២ថ្ងៃកន្លងមក។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួនលោក សរ សំណាង បាននិយាយថា ភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរនៅផ្សារណាត់ក្បែរព្រំដែន ក្នុងស្រុកតាប់ប្រាយ៉ាប្រទេសថៃ នៅគ្រាដែលប្រជាពលរដ្ឋខ្មែរចូលទិញទំនិញ និងជីគីមីដឹកតាមគោយយន្តមកកម្ពុជា។ លោក សរ សំណាង បានបន្ថែមថា កម្លាំងយោធាប៉ារ៉ាថៃ ឃាត់ពលរដ្ឋខ្មែរទាំងនោះ ក្រោមហេតុផលថា នាំចេញទំនិញខុសច្បាប់។
ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួនរូបនេះ បញ្ជាក់ដូច្នេះថា៖«ថៃឃាត់ប្រជាពលរដ្ឋខ្មែរចំនួន២៧៤នាក់និងឃាត់គោយន្តដឹកជី៦៥៥ការ៉ុង ចោទថាទិញនាំចេញខុសច្បាប់។ក្រោយពេលឃាត់ប្រជាពលរដ្ឋនិងយកជីគីមីហើយអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចូលសម្របសម្រួលជាមួយភាគីថៃទើបសម្រេចដោះលែងប្រជាពលរដ្ឋនិងគោយន្តតែដកហូតជីគីមីចំនួន២០០ការ៉ុងទុក»។
បើតាមលោក សរ សំណាង ពលរដ្ឋខ្មែរ១៥នាក់ទៀត ដែលភាគីថៃឃាត់ខ្លួនក្នុងករណីឆ្លងដែនខុសច្បាប់នោះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយសារភាគីថៃកំពុងចាត់វិធានការតាមច្បាប់។ «មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនិងមន្ត្រីគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួនចូលទៅសម្របសម្រួលដែរតែភាគីថៃមិនយល់ព្រមហើយបានបញ្ជូនប្រជាពលរដ្ឋដែលចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ត្រូវបានអនុវត្តតាមច្បាប់»។ នេះបើតាមលោក សរ សំណាង។
គួរបញ្ជាក់ថា អាជ្ញាធរថៃ កំពុងចាត់វិធានការម៉ឺងម៉ាត់ លើការចំណាកស្រុកខុសច្បាប់របស់ពលករពីប្រទេសនានា ចូលទឹកដីថៃ។ រដ្ឋាភិបាលថៃ បានចេញក្រឹត្យស្ដីពីច្បាប់គ្រប់គ្រងពលករបរទេសដ៏តឹងរ៉ឹង ដែលចូលជាធរមានកាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០១៧ មានគោលដៅត្រួតពិនិត្យចំនួនពលករចំណាកស្រុកនៅប្រទេសថៃ ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅថៃដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com