ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គារ​សិល្ប៍​៖ ដើម​រាសី​សម្រាប់​អ្នកទិញ តែ​អ្នក​ឡើង​ភ្នំ​រុករក​ប្រថុយ​គ្រោះថ្នាក់
14, Feb 2018 , 5:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម  ដើម​អង្គារ​សិល្ប៍ ត្រូវបាន​ដាក់លក់​ស្ទើរ​គ្រប់​ច្រកល្ហក​ក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​នៅតាម​ផ្ទះ និង​នៅតាម​ដងផ្លូវ​។ ប៉ុន្តែ​​ទម្រាំ​បាន​ដើម​អង្គារ​សិល្ប៍​ទាំងនោះ មក​ដាក់លក់ មិនមែនជា​ការងាយស្រួល​ឡើយ។ សម្រាប់​អ្នក​ឡើង​ភ្នំ ដើម្បី​កាប់​ដើម​អង្គារ​សិល្ប៍​ទាំងនេះ ពួកគាត់​សុទ្ធតែ​អះអាងថា របរ​នេះ ជាការ​ដាក់ទុន​ដោយ​ផ្សងព្រេង និង​ប្រថុយ​ជីវិត​ផងដែរ​។



​លោក ចុន សារិន អ្នក​កាប់​ដើម​អង្គារ​សិល្ប៍​យកមក​លក់​នៅ​ភ្នំពេញ​ដោយ​ខ្លួនឯង បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ត្រូវ​ចំណាយពេល​កន្លះ​ខែ ដើម្បី​ឡើង​ភ្នំ​កាប់​ដើម​អង្គារ​សិល្ប៍​នេះ​មក និង​ចំណាយ​ទុន​ប្រមាណ​២​ពាន់​ដុល្លារ​។ បើទោះជា​ឆ្នាំមុន លោក សារិន ថា​ខ្លួន​ខាត​ប្រមាណ​២​ពាន់​ដុល្លារ ប៉ុន្តែ​ឆ្នាំនេះ លោក នៅតែ​ជម្នះ​រកស៊ី​របរ​នេះ​ដដែល ព្រោះ​រំពឹងថា​នឹង​កាក់កប​វិញ ដោយសារតែ​លោក​ចង់​ប្រកប​របរ​នេះ​ខ្លាំង​។​



​និយាយ​បណ្ដើរ ភ្នែក​រេ​មើល​ភ្ញៀវ​បណ្ដើរ អ្នករកស៊ី​កាប់​ដើម​អង្គារ​សិល្ប៍​ន​៣​ឆ្នាំ​ហើយ​នោះ បន្តទៀតថា របរ​កាប់​អង្គារ​សិល្ប៍​នេះ ជា​របរ​ផ្សងព្រេង​ណាស់ ព្រោះ​ត្រូវ​ប្រថុយ​ជីវិត​ឡើង​ភ្នំ​ទាំង​មិន​ស្គាល់​ភូមិសាស្ត្រ ប្រឈម​នឹង​សត្វ​សាហាវ រួមទាំង​ការដាក់ទុន ទាំង​មិនដឹង​ខាត ឬ​ចំណេញ​ផង​។ លោក សារិន បញ្ជាក់​ក្នុង​ទឹកមុខ​ស្រពោន​ថា​៖«​លើក​មុន​វង្វេង​ក្នុង​ព្រែ​ម្ដង​ហើយ ទូរ​សព្ទ​ក៏​មិនមាន​សេវា ផ្លូវ​ក៏​មិន​ស្គាល់ វេទនាណាស់​។ ខ្ញុំ​ទៅ​កាប់​បានតែ​ដើម​ផ្កា​តូចៗ​ទេ ព្រោះ​វា​ពិបាក​រក ដើម​នៅ​ឆ្ងាយៗ​ពីគ្នា​ណាស់ ជួនកាល​១​គីឡូ​ដី​បាន​មាន​ដើម​មួយ​គុម្ព ដូច្នេះ​យើង​ដើររក​កាប់​មិនឃើញ​ទេ ទាល់តែ​ជួល​អ្នក​នៅ​ទីនោះ ដែល​គេ​ស្គាល់ផ្លូវ​ឱ្យគេ​កាប់​ឱ្យ ហើយ​យើង​ដើរ​តាម​ពីក្រោយ​គេ ដើម្បី​ប្រាប់​ដើម​ណា ដែល​យើង​ចង់បាន​»​។



​លោក ស្រស់ ស៊ីណា អ្នក​កាប់​ដើម​អង្គារ​សិល្ប៍​មួយរូប​ទៀត ក៏​ត្អូញត្អែរ​ពី​ផល​លំបាក ពេល​ទៅ​កាប់​ដើម​អង្គារ​សិល្ប៍​នៅលើ​ភ្នំ​ដែរ​។ លោ​កថា​របរ​នេះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដំណាក់កាល តាំងពី​ការជួល​គេ​កាប់ ឈ្នួល​លី​ចុះ​ពីលើ​ភ្នំ ថ្លៃ​គោយន្ត​ដឹក​ចេញពី​ព្រៃ និង​ចំណាយ​ផ្សេងៗ​ទៀត​តាមផ្លូវ​ដឹក​មក ថ្លែ​ជួល​កន្លែង​លក់​ជាដើម​។ បើ​សរុបទៅ  មួយ​គុម្ពៗ ចំណាយ​ថ្លែ​ដើម​ច្រើន មិន​ក្រោម​១០​ម៉ឺន​ទេ តែ​ពេល​មក​បំបែក អាច​បាន​តិច ឬ​ច្រើន​បាច់ តាម​ដើម​ធំ​ឬ តូច​។ នេះ​បើតាម​អ្នករកស៊ី​មកពី​ខេត្តកណ្ដាល វ័យ​៣៣​ឆ្នាំ​រូបនេះ ដែល​បន្តទៀតថា តម្លៃ​អង្គារ​សិល្ប៍​មួយ​ដើម ថ្លៃ​ចាប់ពី​២​ម៉ឺន​រៀល ដល់​ជិត​៨០​ម៉ឺន​រៀល ឬ​លើស​នេះ បើ​វា​ចេញ​ផ្កា​ច្រើន​។

​លោក ស៊ីណា យក​ខ្សែ​ចង​មែក​អង្គារ​សិល្ប៍​ឱ្យ​ស្រ​លូន​ស្អាត​បណ្តើរ និង​បញ្ជាក់​បណ្តើ​រថា គាត់​ឡើង​កាប់​ដើម​អង្គារ​សិល្ប៍​ជាមួយ​អ្នកភូមិ​ផ្សេងទៀត ហើយ​ពួកគាត់​ក៏​ធ្លាប់​ក្រឡាប់​គោយន្ត​ផងដែរ ពេល​បរ​ឡើង​ភ្នំ ដោយសារតែ​ផ្លូវ​ពិបាក​ខ្លាំងពេក​។ លោក ស៊ីណា ដែលមាន​ពិសោធន៍​ឡើង​ភ្នំ​កាប់​អង្គារ​សិល្ប៍​ប្រមាណ​៤​ឆ្នាំ បាន​រម្លឹក​ដល់​ហេតុការណ៍​ក្រឡាប់​គោយន្ត​អមដោយ​សំណើច​ហួសចិត្ត​ដូច្នេះ​៖«​ផ្លូវ​ពិបាក​ខ្លាំងណាស់ បើក​ឡើង​ថ្ម​ផង​អី​ផង ពេលខ្លះ​ក្រឡាប់​គោយន្ត​ទៀត មាន​របួស​តិចតួច​ដែរ​។ បើ​និយាយ​ពី​ការ​សម្រាន្ត​ពេលយប់​វិញ ចង​មុង និង​កន្ទេល​ដេក​ហាលវាល​ទៅ បើ​មាន​ភ្លៀង​ក្រោក​អង្គុយ​ទាំងអស់គ្នា យើង​យក​តង់​ទៅ​ការពារ​ដែរ​»​។​



​អ្នកស្រី ចែម ទូច  ក៏​យល់ស្រប​ដែរ​ថា ការឡើង​ភ្នំ​កាប់​ដើម​អង្គារ​សិល្ប៍ ជា​កិច្ចការ​មួយ​ដែល​ពិបាក​។ ស្ត្រី​មាឌតូច​ល្អិត​រូបនេះ គឺជា​អ្នក​ដែល​បាន​ឡើង​ទៅលើ​ភ្នំ​កាប់​ដើម​អង្គារ​សិល្ប៍​ជាមួយ​ប្ដី ដើម្បី​រៀបចំ​បាយទឹក ឱ្យ​ប្តី​ផង និង​សម្រាប់​អ្នក​កាប់​ដើម​អង្គារ​សិល្ប៍​ដទៃ​ទៀតផង​។ បើតាម អ្នកស្រី ទូច អាហារ​ដែល​រៀបចំ​មានតែ​ម្ហូប​ក្រៀមក្រោះ​ប៉ុណ្ណោះ មិនអាច​ធ្វើ​ម្ហូប​មានទឹក​ទេ គឺ​ទឹក​ទុក​សម្រាប់តែ​បរិភោគ​ដោយ​សន្សំសំចៃ​ប៉ុណ្ណោះ​។  អ្នកស្រី ទូច  បញ្ជាក់​ដូច្នេះ​៖«​ឡើង​ទៅលើ​ភ្នំ​ពិបាក​ណាស់ យើង​ត្រូវ​លី​ទឹក អង្ករ មុង កន្ទេល ដូច្នេះ​យើង​មិន​អាចដាក់​អីវ៉ាន់​ច្រើន​បានទេ​។  ទឹកបាន​អ្នកភូមិ​ចិត្តល្អ គេ​ឱ្យ​យើង​៦០​លីត្រ​អី​ទុក​គ្រាន់តែ​ផឹក និង​ដាំបាយ ព្រោះ​នៅលើ​ភ្នំ កន្លែង​ខ្លះ​អត់​មានទឹក​ទេ​។ ចំណែក​ម្ហូប មានតែ​ត្រីងៀត ពង​ទា និង​សៀង អីហ្នឹង ហូប​សន្សំសំចៃ ព្រោះ​មិន​ងាយ​បាន​ចុះមក​ភូមិ​គេ​ទេ​»៕




Tag:
 អង្គារ​សិល្ប៍​
© រក្សាសិទ្ធិដោយ thmeythmey.com