សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
៤០​ឆ្នាំក្រោយ​បើកចំហ​សេដ្ឋកិច្ច ចិន​ក្លាយជា​មហា​យក្ស​លំដាប់​ទី​២
15, Feb 2018 , 11:47 am        
រូបភាព
លោក តេង​ស៊ាវភីង ឈរជិតរដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក  Jean-François Deniau ក្នុងឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ១៩៧៨ (រូបភាព៖ AFP)
លោក តេង​ស៊ាវភីង ឈរជិតរដ្ឋមន្ត្រីពាណិជ្ជកម្មបារាំងលោក Jean-François Deniau ក្នុងឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ១៩៧៨ (រូបភាព៖ AFP)
២០១៨ គឺជា​ខួប​ទី​៤០​គត់​នៃ​ការកែទម្រង់ និង​ការបើកចំហ​សេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន​។ កាលពី​៤០​ឆ្នាំមុន បក្ស​កុម្មុយនីស្ត​ចិន​ក្រោម​ការដឹកនាំ​របស់លោក តេង ស៊ា​វ​ភីង បាន​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ថ្មី គឺ​បើកទ្វារ​ប្រទេស​ទទួល​វិនិយោគ​បរទេស និង​រកស៊ី​ជាមួយ​ប្រទេស​លើ​ពិភពលោក​។ លទ្ធផល​នៃ​ការកែទម្រង់​នេះ គឺ​ចិន ដែល​ពីមុន​ជា​ប្រទេស​ក្រីក្រ ក្លាយជា​មហាអំណាច​ពិភពលោក​លំដាប់​ទី​២ នៅ​ពីក្រោយ​អាមេរិក​។​



​ក្នុង​រយៈពេល​៤០​ឆ្នាំ ក្រោយ​ការកែទម្រង់ ចិន​បាន​ប្រែក្លាយជា​មុខមាត់​ថ្មី កើន​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​លើ​ឆាក​អន្តរជាតិ ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ​។ ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​វិនិយោគ​ទុក​បរទេស និង​ការ​បោះទុន​រកស៊ី​ន​នៅ​បរទេស​ជួប​ចិន​បាន​វ៉ា​ដាច់​ជប៉ុន​ក្នុង​ឆ្នាំ​២០១៣ ហើយ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។ ងាក​ទៅ​វិស័យ​ការពារជាតិ​ឯណោះ ទំនើបកម្ម​យោធា ធ្វើ​ឲ្យ​កងទ័ព​ចិន​ក្លាយជា​កងទ័ព​ទំនើប និង​ខ្លាំងពូកែ​មួយ​។​

​និយាយ​ពី​ការកែទម្រង់​នេះ មេដឹកនាំ​ចិន​បច្ចុប្បន្ន​ត្រូវ​នឹក​គុណ​មេដឹកនាំ​ជំនាន់​ទី​ពីរ គឺ​លោក តេង ស៊ា​វ​ភីង ព្រោះ​បើ​គ្មាន​លោក តេង ស៊ា​វ​ភីង ក៏​ទំនងជា​គ្មាន​ចិន​សព្វថ្ងៃ​ដែរ​។ ក្នុង​មហាសន្និបាត ឆ្នាំ​១៩៧៨ បក្ស​កុម្មុយនីស្ត​ចិន​បាន​ដាក់ចេញ​គោលនយោបាយ​កែទម្រង់​ទ្រង់ទ្រាយ​ធំ​លើ​វិស័យសេដ្ឋកិច្ច​តាមបែប​មូលធននិយម តែ​ប្រព័ន្ធ​នយោបាយ​នៅ​បន្ត​បែប​សង្គមនិយម​ដដែល​។ លោក តេង ដែល​បន្ត​ដឹកនាំ​ពី​ប្រធាន ម៉ៅ សេទុង ជឿថា ចិន​មិន​រីកចម្រើន​ឡើយ បើ​មិន​បើកចំហ​នោះ​។​

​ក្នុង​វិស័យ​កសិកម្ម ដីស្រែ​ធំៗ​ត្រូវបាន​បែងចែក​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​ផង និង​ជា​សមូហភាព​ផង​។ កសិក​ករ​មាន​សិទ្ធិ​លើដី​ឯកជន​កាន់តែច្រើន និង​អាច​លក់បាន​ទៀតផង​។ ចំពោះ​វិស័យ​ឧស្សាហកម្ម​វិញ រដ្ឋាភិបាល​ចិន​បាន​កាត់បន្ថយ​ការគ្រប់គ្រង​លើ​រោងចក្រ និង​ក្រុមហ៊ុន​រដ្ឋ​ធំៗ​។ ចំនួន​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ធ្លាក់ចុះ ហើយ​ម្ចាស់​រោងចក្រ​អាច​ចាត់ចែង​ការងារ​បាន​ដោយ​មិនចាំបាច់​មានការ​ណែនាំ​ពី​បក្ស ឬ​រដ្ឋាភិបាល​ឡើយ​។​

​ទំនិញ​របស់​ចិន​ចាប់ផ្ដើម​វាយលុក​ចូល​ទីផ្សារ​ពិភពលោក ប្រជាជន​ចិន​ចាប់ផ្ដើម​មាន​ជីវភាព​ធូរធារ ហើយ​ក្រុមហ៊ុន​ធំៗ​បានកើត​ឡើង​ស្កេ​ក​ស្កះ ហើយ​បោះទុន​រកស៊ី​នៅ​បរទេស​ទៀតផង​។ ឥទ្ធិពល​ចិន​កាន់តែ​រីក​ធំ ហើយ​ក្លាយជា​គូប្រជែង​របស់​អាមេរិក ដែលជា​មហាអំណាច​ទីមួយ​របស់​ពិភពលោក​ស្ទើរ​គ្រប់​វិស័យ​ទៅហើយនោះ​។ ការកែទម្រង់​នេះ​បន្ត​រហូតដល់​សម័យ​លោក ស៊ី ជិន​ភីង ដែលមាន​អំណាច​ដូច​ប្រធាន ម៉ៅ និង​លោក តេង ទៅហើយនោះ​។

​លោក ស៊ី ជិន​ភីង ដែល​ក្ដោប​អំណាច​ពេញដៃ​ដោយ​គ្មាន​គូប្រជែង​នោះ ប្រកាស​ជារឿយៗ​ថា ចិន​នឹង​បន្ត​បើកចំហ​ទីផ្សារ​របស់ខ្លួន​សម្រាប់​ក្រុមហ៊ុន​បរទេស ហើយ​ចិន​ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​បរទេស​នានា​ដែល​រកស៊ី​ក្នុង​ទឹកដី​ចិន​។ ស្រប​ពេលដែល​អាមេរិក ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ អនុវត្ត​នយោបាយ​គាំពារ​និយម​នោះ ចិន​ដែល​សម្បូរ​ដោយ​លុយ និង​ឥទ្ធិពល​ពេញ​ពិភពលោក ប្រាកដជា​ឆ្លៀតឱកាស​នេះ​ដើម្បី​ឈោង​តំណែង​មហាអំណាច​ទីមួយ​មិន​ខាន​៕


Tag:
 ចិន​
  សេដ្ឋកិច្ច​
  តេង ស៊ា​វ​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com