ជាតិ
សេដ្ឋកិច្ច
«លុយឌីជីថល» មានកំណើតពីពេលណា និងមានស្ថានភាពសព្វថ្ងៃដូចម្ដេច? លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ។ រូបថត NBC
× បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុសកលនៅអំឡុងឆ្នាំ២០០៨ ក្រុមមនុស្សមួយចំនួនមិនពេញចិត្តនឹងប្រព័ន្ធហិរញ្ញវត្ថុ រួចក៏នាំគ្នាបង្កើតរូបិយបណ្ណឌីជីថល (CryptoCurrency) ឬគេច្រើនហៅថា លុយគ្រីបតូ។ នេះជាការកំណើតរបស់លុយគ្រីបតូនៅលើសកលលោក។
មួយក្នុងចំណោមលុយគ្រីបតូ គឺ Bitcoin ដែលត្រូវបានគេស្គាល់ខ្លាំងជាងគេលើសកលលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយជនជាតិជប៉ុនម្នាក់ ដែលមិនមានអត្តសញ្ញាណពិតប្រាកដ។
សារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានដកស្រង់មួយផ្នែកនៃកិច្ចសម្ភាសរបស់សា្ថនីយទូរទស្សន៍ BTV ជាមួយលោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ខែកុម្ភៈ អំពីកំណើតរបស់លុយគ្រីបតូ និងស្ថានភាពសព្វថ្ងៃរបស់រូបិយវត្ថុនេះលើសកលលោក។
សូមស្ដាប់ប្រសាសន៍ លោកស្រី ជា សិរី ខាងក្រោមនេះ៖
ប្រតិបត្តិការរបស់ Bitcoin គឺធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលគេអាចផ្ទេរទឹកប្រាក់ និងព័ត៌មានពីមនុស្សម្នាក់ ទៅម្នាក់ទៀត ក្នុងបណ្ដាញរបស់ Bitcoin នេះ ដោយមិនឆ្លងកាត់ អន្តរការី (បុគ្គលទីបី) ដែលជាធនាគារនោះទេ។
ដំណើរការនេះ គឺខុសពីប្រតិបត្តិការទូទាត់ថ្លៃ នាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន ពេលគេទិញអ្វីមួយតាមអនឡាញ គេត្រូប្រើ Credit Card របស់ក្រុមហ៊ុនណាមួយ ដូចជា Unionpay, Visa Card ជាដើម ហើយប្រតិបតិការរបស់ក្រុមហ៊ុនទាំងនោះមានការតភ្ជាប់ទៅធនាគារណាមួយ ដែលធ្វើការទូទាត់។ បានសេចក្ដីថា ការទូទាត់ ត្រូវឆ្លងកាត់អន្តរការី ដែលជាគ្រឹះស្ថានធនាគារ។
សព្វថ្ងៃ Bitcoin ត្រូវបានធនាគារកណ្ដាលរបស់ប្រទេសមួយចំនួនហាមឃាត់។ លោកស្រី ជាសិរី ថ្លែងដូច្នេះថា៖«Bitcoin ត្រូវបានធនាគារកណ្ដាលក្នុងពិភពលោក ពិសេសធនាគារកណ្ដាលធំៗ បានហាមឃាត់»។
ខុសពីរូបិយបណ្ណ ប្រាក់រៀល ដុល្លារ បាត ជាដើមដែលមានការធានាតម្លៃ តែលុយគ្រីបតូនេះ មិនមានការធានាថ្លៃនោះទេ។ ក្នុងរយៈពេលប៉ុន្មានខែមុននេះ តម្លៃរបស់ Bitcoin បានឡើងជាង ១០០០ភាគរយ តែក្នុងរយៈពេលតែពីរអាទិត្យចុងក្រោយនេះតម្លៃនេះបានធ្លាក់ ៥០ភាគរយវិញ។ លោកស្រី ជា សិរី លើកឡើងដូចនេះ។
នៅកម្ពុជា មានការផ្សព្វផ្សាយពីលុយគ្រីបតូនេះ ចាប់តាំងពីឆ្នាំ២០១៥។ ហើយរឹតតែហានិភ័យ ដោយដំណើរការលុយគ្រីបតូនេះនៅកម្ពុជា មិនមានត្រឹមតែ Bitcoin ប៉ុណ្ណោះទេ គឺមានច្រើនយ៉ាងទៀត ដែលគ្មានលក្ខណៈច្បាស់លាស់។
លោក ជា សិរី ប្រកាសដូចក្នុងពេលកន្លងមកដែរថា រដ្ឋាភិបាលមិនទទួលស្គាល់ការចរាចរលុយគ្រីបតូនេះទេ នៅក្នុងក្របខណ្ឌប្រទេសកម្ពុជាឡើយ។ លោកស្រីអំពាវនាវ ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះលុយគ្រីបតូនេះគ្មានការគ្រប់គ្រងច្បាស់លាស់ និងមានហានិភ័យខ្ពស់៕
Tag:
ជា សិរី
លុយឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com