កីឡាជាតិ
ជាតិ
លោក Infantino៖ យើង​និយាយ​ជាច្រើន​ឆ្នាំ​ពី​បាល់ទាត់​នារី ពេលនេះ​យើង​ត្រូវ​ចាប់​ផ្តើមធ្វើ​
17, Feb 2018 , 11:00 am        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានលើកឡើង​ពី​សារសំខាន់​ក្នុងការ​លើកកម្ពស់​បាល់ទាត់​នារី​។ លោក Gianni Infantino បាន​បញ្ជាក់ថា ក្នុង​គម្រោង​សុំ​ជំនួញ​ហិរញ្ញវត្ថុ​ពី FIFA ត្រូវតែមាន​សំណើរ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​បាល់ទាត់​នារី​។​



 
 
«​យើង​បាន​និយាយ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយពី​ការអភិវឌ្ឍន៍​បាល់ទាត់​នារី ខ្ញុំ​គិតថា​ពេលនេះ​យើង​ត្រូវ​ប្តូរ​ពី​ការនិយាយ ទៅជា​ការធ្វើ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​សហព័ន្ធ កីឡា បាល់ទាត់​អន្តរជាតិ (FIFA) នា​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ​។​
 
​លោក Gianni Infantino ដែល​បានមក​ដឹកនាំ​កិច្ចប្រជុំ​ជា​ស៊េរី FIFA Executive Football Summit បាន​បញ្ជាក់ថា បាល់ទាត់​នារី គឺជា​របៀបវារៈ​មួយ​ដ៏​សំខាន់​ក្នុង​កិច្ចប្រជុំ​នានា​របស់ FIFA​។ សម្រាប់​កិច្ចប្រជុំ​នៅ​រាជធានី​ភ្នំពេញ​កន្លងមក ថ្នាក់ដឹកនាំ​ប្រតិបត្តិ​ចំនួន​១៤​ប្រទេស​ដែលជា​សមាជិក FIFA ក៏បាន​ពិភាក្សាគ្នា​ពី​គម្រោង​រៀបចំ​ការប្រកួត​ក្របខណ្ឌ «Women World League» ផងដែរ​។​
 
​ប្រធាន FIFA វ័យ​៤៧​ឆ្នាំ ដែលមាន​សញ្ជាតិ​ស្វី​ស​-​អ៊ីតាលី បាន​លើកឡើងថា​៖ «​យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​ស្ត្រី​ឲ្យ​បាន​ច្រើន​»​។ លោក​បាន​បន្ថែមថា សហព័ន្ធ​ជាតិ​នីមួយៗ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​រៀបចំ​ការប្រកួត​ផ្នែក​នារី​នៅ​គ្រប់​វ័យ រួមទាំង​ការពង្រឹង​សមត្ថភាព​ក្រុម​កីឡាការិនី​ជម្រើសជាតិ ជាពិសេស​ការរៀបចំ​ជំនួប​មិត្តភាព ឬ​ដណ្តើមពាន​ជាមួយ​ប្រទេស​ជិ​ខាង​។​
 
​នៅក្នុង​កម្មវិធី FIFA Forward ដែលមាន​ទឹកប្រាក់​១.២៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ សហព័ន្ធ​ជាតិ​នីមួយៗ ត្រូវមាន​គម្រោង​លើ​ការអភិវឌ្ឍន៍​បាល់ទាត់​នារី​យ៉ាងហោចណាស់​ចំនួន​២​គម្រោង ដូចជា​ការរៀប​ចំការ​ប្រកួត​ក្របខណ្ឌ​ក្នុងស្រុក និង​កម្មវិធី​អភិវឌ្ឍន៍​នានា​។​
 
​ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីប​នីមួយៗ​ក៏​នឹង​ទទួលបាន​កញ្ចប់​ថវិកា​បន្ថែម​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​យុវជន និង​នារី​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com