សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
វីដូដូ មិនចង់ឃើញឥណ្ឌូណេស៊ីជាប្រទសមានសេដ្ឋកិច្ចធំ នៅតែបន្តទទួលជំនួយបរទេស
× រដ្ឋាភិបាលក្រុងហ្សាការតា បានដាស់តឿនមន្ត្រីទូតរបស់ខ្លួនឲ្យបំពេញតួនាទី និងចូលរួមសកម្មភាពអន្តរជាតិឲ្យកាន់តែសកម្មដើម្បីលើកមុខមាត់ប្រទេស ក៏ដូចជាឲ្យសក្តិសមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ។ ក្រុងហ្សាការតា ក៏មិនចង់ឃើញឥណ្ឌូណេស៊ី អន់ជាងប្រទេសដទៃ និងបន្តទទួលជំនួយគេដែរ ។
« យើងជាប្រទេស ដែលមានសេដ្ឋកិច្ចធំរួចទៅហើយ ក៏ប៉ុន្តែ ប្រសិនបើយើងនៅតែមានអារម្មណ៍ថាយើងអន់ជាងគេ តើយើងអាចចូលរួម និងបង្ហាញឥទ្ធិពលនៅក្នុងកិច្ចប្រជុំកំពូល ឬសន្និសីទអន្តរជាតិដោយរបៀបណា»? នេះគឺជាសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ចូកូ វីដូដូក្នុងជំនួបថ្ងៃ១២ កុម្ភៈ ជាមួយនឹងមន្ត្រីទូតជនខ្ពស់នៃក្រសួងការបរទេសឥណ្ឌូណេស៊ី ។
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Globe លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា៖« ឥណ្ឌូណេស៊ី ក៏គួរតែបញ្ឈប់ស្វែងរកជំនួយពីបរទេស ហើយប្រែក្លាយជាប្រទេសផ្តល់ជំនួយអន្តរជាតិទៅកាន់ប្រទេសដទៃវិញ» ។ លោក ចូកូ កាលពីដើមឆ្នាំកន្លងទៅ ក៏បានអះអាងផងដែរថា រដ្ឋាភិបាលលោក កំពុងតែចាប់ផ្តើមបង្កើតមូលនិធិធ្វើជាកញ្ចប់ជំនួយអន្តរជាតិផងដែរ ។
ប្រមុខរដ្ឋឥណ្ឌូណេស៊ី ដដែលនោះ បានណែនាំបេសកកការទូតឥណ្ឌូណេស៊ីទាំងនោះឲ្យពួកគេ បង្ហាញពិភពលោកថា ឥណ្ឌូណេស៊ី ជារដ្ឋដ៏ធំមួយហើយ ឥណ្ឌូណេស៊ី ក៏ជាសមាជិក នៃក្រុមប្រទេស ២០ (G20) ដែលមានសេដ្ឋកិច្ចធំ និងរីកលូតលាស់ផងដែរ ។
ខណៈដាស់តឿនឲ្យមន្ត្រីជាន់ខ្ពស់ការទូតបន្តចូលរួមសកម្មភាពអន្តរជាតិឲ្យកាន់តែច្រើនដើម្បីជាមធ្យោបាយមួយនៃការពង្រីកសេដ្ឋកិច្ចនោះ លោក ចូកូ ក៏បានព្រមានជាថ្មីពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ីបើប្រៀបធៀបជាមួយនឹងមិត្តអាស៊ាន ។
« តើវាមានបញ្ហាអ្វី ? វា ពិតជារឿង ដែលមិនអាចផ្លាស់ប្តូរបានមែនទេ ... ឥណ្ឌូណេស៊ី គឺជាសមាជិកអាស៊ានតែមួយគត់ ដែលស្ថិតនៅក្នុងក្រុមប្រទេសសេដ្ឋកិច្ចលូតលាត់របស់ពិភពលោក G-20 ប៉ុន្តែការនាំចេញរបស់យើងនៅតែទាបជាងបណ្តាប្រទេសជិតខាងមួយចំនួន» ។ លោក បានលើកឡើងយ៉ាងដូច្នេះ ៕
Tag:
ឥណ្ឌូណេស៊ី
អាស៊ាន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com