កីឡាជាតិ
ហាប់​គី​ដូ​ប្តេជ្ញា​ខិតខំ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​បង្កើន​ឱកាស​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
17, Feb 2018 , 2:00 pm        
រូបភាព
ដោយ:
កីឡា​ហាប់​គី​ដូ​ដែល​មិន​ស្ថិតក្នុង​ចលនា​អូឡាំពិក បាននិងកំពុង​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ជាមួយ​ក្តីសង្ឃឹម​នឹង​អាច​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ នា​ពិធី​ជួបជុំ​គ្រួសារ​ហាប់​គី​ដូ ប្រគល់​វិញ្ញាបនបត្រ និង​លិខិត​ថ្លែងអំណរគុណ​កាលពី​ថ្ងៃទី​១១ កុម្ភៈ នៅ​មជ្ឈមណ្ឌល​កីឡា​វាយ​កូន​បាល់​និង​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

 
​កង្វះ​ទីលាន​ហ្វឹកហាត់ ធនធាន​គ្រូបង្វឹក កីឡាករ និង​មន្ត្រី​ប​ច្ច​កេ​ទេស ជា​បញ្ហា​ប្រឈម​ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាននិងកំពុង​ខិតខំ​ស្វែងរក​ដំណោះស្រាយ ក្នុងការ​ជំរុញ​ឲ្យ​កីឡា​ហាប់​គី​ដូ​មានការ​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ លើសពីនេះ ដើម្បី​ជំរុញ​ឲ្យ​កីឡា​នេះ​បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​។ 



«​កីឡា​ហាប់​គី​ដូ​មិនទាន់បាន​ចូលក្នុង​ប្រព័ន្ធ​ចលនា​អូឡាំពិក​នោះទេ ប៉ុន្តែ NOCC បាន​លើកទឹកចិត្ត​ឲ្យ​យើង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព ជាមួយ​ការសន្យា​នឹងដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ដូច្នេះ​យើង​កំណត់​យក​ឆ្នាំ​២០២១ ជា​ឆ្នាំ​ត្រួតពិនិត្យ និង​វាយតម្លៃថា​តើ យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ ធនធាន​កីឡាករ គ្រូបង្វឹក និង​ក្លិប​-​សមាគម​ត្រឹមត្រូវ​ហើយ​ឬ​នៅ ជាពិសេស​មើល​លើ​ការរីកចម្រើន និង​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ម៉ក់ សំអុល​។ 


 
​ប្រធាន​សហព័ន្ធ​រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា បច្ចុប្បន្ន​សហព័ន្ធ​កំពុង​រៀបចំ​ទីលាន​ហ្វឹកហាត់​មួយ​ទំហំ​ដី​១​ហិកតា​នៅ​ស្រុក​កណ្តាលស្ទឹង ដែលមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​។ ទីលាន​ដែល​គ្រោង​ដាក់ឈ្មោះ​«​ក្លិប​-​សមាគម​អ្នក​និយម​ហាត់​ក្បាច់គុន​»​នេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ 


 
​នា​ពិធី​ជួបជុំ​គ្រួសារ​កីឡា​ហាប់​គី​ដូ ក៏ដូចជា​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ និង​វិញ្ញាបនបត្រ​បញ្ជាក់​ដាន់​ដល់​សិស្ស​គុន​ហាប់​គី​ដូ​កាលពី​ថ្ងៃទី​១១ កុម្ភៈ អគ្គលេខាធិការ​សហព័ន្ធ លោក គង់ ចាន់​ធី​ណា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សហព័ន្ធ​ពុំទាន់​មាន​ធនធាន​កីឡាករ​គ្រប់គ្រាន់​នៅឡើយ​ទេ​។ បញ្ហា​នេះ ដោយសារ​កីឡាករ​មួយចំនួនធំ​បាន​លាឈប់ ក្រោយ​ពួកគេ​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ និង​មួយចំនួនទៀត​លាឈប់ ក្រោយ​ហ្វឹកហាត់​គ្មាន​ការប្រកួត និង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ជាដើម​។ 
 
«​យើង​កំពុង​ជួប​បញ្ហា​ខ្វះខាត​ធនធានមនុស្ស បច្ចុប្បន្ន​យើង​មាន​គ្រូ​បង្គោល​ប្រហែល​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ព្រោះ​ភាគច្រើន​គាត់​ជាប់រវល់​ជាមួយ​ការងារ​ផ្សេង​។ ដូច​យើង​ឃើញស្រាប់​ហើយ កីឡា​យើង​ពុំមាន​ការគាំទ្រ​ច្រើន​នោះទេ ហើយក៏​គ្មាន​ការប្រកួត​ដណ្តើម​ជើងឯក ឬ​ពាន​អ្វី​នោះដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​មិន​ចាប់អារម្មណ៍​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ ចាន់​ធី​ណា ហើយ​លោក​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​យុវជន​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។​


 
​នា​ពិធី​ជួបជុំ​មហា​គ្រួសារ​កីឡា​ហាប់​គី​ដូ​នោះដែរ សហព័ន្ធ​បានប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ដាន់​ដល់​សិស្ស​គុន​ហាប់​គី​ដូ​ចំនួន​៥​រូប ក្នុងនោះ​កម្រិត​១​ដាន់​មាន​៣​នាក់ និង​២​ដាន់​មាន​ពីរ​នាក់​៕  

    



Tag:
 ហាប់​គី​ដូ​
  ម៉ក់ សំអុល​
  SEA Game 2023
© រក្សាសិទ្ធិដោយ thmeythmey.com