ជាតិ
GMAC ព្រួយបារម្ភ​ពី​បញ្ហា​បើកប្រាក់​ខែ​ឲ្យ​កម្មករ ដោយសារ​វិធាន​ការចាប់​រថយន្ត​កែច្នៃ​របស់​រដ្ឋាភិបាល​
16, Feb 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្នើ​ឲ្យ​រដ្ឋាភិបាល ពិចារណា​លើ​ករណី​ចាប់​រថយន្ត​ដឹកជញ្ជូន និង​កុងតឺន័រ​ប្រភេទ​វែង​ឡើងវិញ ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ស​ង្វា​ក់​ផលិតកម្ម​ការងារ​រប​ស់រោង​ចក្រ​។ ការស្នើ​របស់ GMAC នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​អាជ្ញាធរ​ឃាត់​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ទូទាំងប្រទេស និង​ព្រមាន​បិទ​ក្រុមហ៊ុន ដែល​នៅ​បន្តសកម្មភាព​ប្រើប្រាស់​រថយន្ត​កែច្នៃ​ផង​។​



​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​ផលិតកម្ម​ការងារ​នៅតាម​បណ្ដា​រោងចក្រ​នានា ដែល​នាំ​ឲ្យ​ពិបាក​ដល់​ការបើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ ស្របតាម​គោលនយោបាយ​ដំឡើង​ប្រាក់ខែ​និយោជិត របស់​រដ្ឋាភិបាល​។ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង ដែល​បានទទួល​របាយការណ៍​ពី​ក្តីកង្វល់​របស់​ថៅកែ​រោងចក្រ​នោះ បានលើកឡើង​ក្នុង​សំណើ​ទៅ​សម្ដេច ហ៊ុន សែន ដូច្នេះ​ថា​៖«​រថយន្ត និង​កុងតឺន័រ​ទាំងនោះ ជាច្រើន​ត្រូវបាន​ចាប់​ឃាត់ទុក​តាមច្បាប់​របស់​អា​ជ្ញា​ធរ នាំទៅដល់​ការ​រាំ​ស្ទះ​នៃ​សង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម​ក៏ដូចជា​ការនាំចេញ​។ បញ្ហា​នេះ​បង្ក​ជាការ​គំរាមកំហែង​ថ្មី​មួយទៀត ដល់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ការ​បូ​ប ដែល​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ខ្លាំង​លើ​ទីផ្សារ​ពិភពលោក និង​ពេលវេលា​ផលិត​ដែល​អ្នកបញ្ជា​ទិញ​ដាក់​ឲ្យ​កាន់តែ​ខ្លី​ទៅៗ​»​។​

​បន្ថែម​ពីនេះ​លោក វ៉ាន់ ស៊ូ​អៀង បាន​លើកឡើងថា ច្បាប់​កម្ពុ​ជាមាន​លក្ខណៈ​សមស្រប​នឹង​ស្ថានភាព​ជាក់ស្ដែង តែ​អាចមាន​លក្ខណៈ​ខុសគ្នា​ខ្លះ ពី​បទដ្ឋាន​ដែល​អនុវត្ត​ជា​អន្តរជាតិ ។ ដូច្នេះ​កម្ពុជា​គួរ​ធ្វើការ​សម្របសម្រួល​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម និង​ការធ្វើសមាហរណកម្ម​ក្នុង​សហគម​អន្តរជាតិ​។ ត្រង់ចំណុច​នេះ​លោក វ៉ាន់ ស៊ូ​អៀង ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ជា​បណ្ដោះអាសន្ន​ឲ្យ​រថយន្ត​សណ្ដោង​សឺ​មី​រ៉ឺម៉ក់​កុងតឺន័រ​៤០​ហ្វី​ត និង​៤៥​ហ្វី​ត ដែលមាន​ប្រវែង​សរុប​១៦​ម៉ែត្រ និង​មាន​កម្ពស់​៤,៦​ម៉ែត្រ អាច​ចរាចរណ៍​លើផ្លូវ​សាធារណៈ​រហូតដល់​ពេលវេលា​កំណត់​ណាមួយ​។ ជាពិសេស​ការកែសម្រួល​ប្រកាស ចុះ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០១០ ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​និយាម​អន្តរជាតិ ដែល​អាច​ឲ្យ​រថយន្ត​សណ្ដោង​សឺ​មី​រ៉ឺម៉ក់​កុងតឺន័រ​៤០​ហ្វី​ត និង​៤៥​ហ្វី​ត ធ្វើ​ចរាចរណ៍​បាន​។​

«​ការពិចារណា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ក្នុងការ​អនុញ្ញាត​ជា​បណ្ដោះអាសន្ន​ដូច​ការស្នើសុំ​ខាងលើ នឹង​ជួយ​ឲ្យ​រោងចក្រ​អាច​បន្ត​និរន្ត​ភាព​ផលិតកម្ម​រលូន​ទៅមុខទៀត​បាន ដើម្បី​ធានា​នូវ​លទ្ធភាព​ក្នុងការ​បើកប្រាក់​ឈ្នួល​គ្រប់គ្រាន់ ទាន់ពេលវេលា​ដល់ក​ម្ម​ករ​របស់​យើង ដែល​សម្ដេច​បាននិងកំពុង​យកចិត្តទុកដាក់​ជាពិសេស​។ ក្រៅពីនេះ​សមាគម នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងឡាយ ដែល​ផ្ដល់​សេវា​ដល់​វិស័យ​របស់​យើង ក៏ដូចជា​វិស័យ​ដទៃទៀត ឲ្យ​ធ្វើយ៉ាងណា​មាន​កម្រិត​អនុលោមភាព​ពេញលេញ តាមច្បាប់​ជា​ធរមាន​របស់​កម្ពុជា​»​។ នេះ​ជា​សំណើ​របស់លោក វ៉ាន់ ស៊ូ​អៀង ដែល​បាន​បន្ថែមថា រាល់​ទូ​កុងតឺន័រ​ដែល​ផ្ទុកទំនិញ​ផលិតផល​រោងចក្រ មាន​ទម្ងន់​ចន្លោះ​ពី​៧​តោន ទៅ​១៣​តោន រួមទាំង​ទម្ងន់​រថយន្ត​សណ្ដោង​សឺ​មី​រ៉ឺម៉ក់​កុងតឺន័រ​មាន​ទម្ងន់​៤០​តោន​ប៉ុណ្ណោះ ដែល​អនុលោម​តាមច្បាប់​និង​មិនមាន​ការគំរាមកំហែង​ដល់​គុណភាព​ផ្លូវថ្នល់ និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ឡើយ​។​

​តាម​ការប៉ាន់ស្មាន​លើ​តួលេខ​នៃ​ប្រភេទ​កុងតឺន័រ និង​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​បច្ចុប្បន្ន ដែល​កំពុងផ្ដល់​សេវា​ដល់​វិស័យ​ឯកជន​ផ្នែក​នាំចេញ​-​នាំចូល កំពុង​ជួប​បញ្ហា​សង្វាក់​ផលិតកម្ម ៥០​ភាគរយ ដោយសារ​ការអនុវត្ត​ច្បាប់​ជា​ធរមាន​តឹងរឹង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ នេះ​បើតាម​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។​

ទាក់ទង​បញ្ហា​នេះ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បាន​ចុះ​សិក្សា​លក្ខណៈ​បច្ចេកទេស​យ៉ាង​ល្អិតល្អន់ ជាមួយ​វិស័យ​ឯកជន កាលពីថ្ងៃទី១៥ កុម្ភៈ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ ចំពោះ​បញ្ហា​រថយន្ត​ដឹក​កុងតឺន័រ ដែលមាន​ប្រវែង​លើស​ច្បាប់​កំណត់ ក្នុងទិសដៅ​បញ្ចៀស​ការកកស្ទះ​លំហូរ​ទំនិញ​នាំចេញ​-​នាំចូល​ទាំងឡាយ ជាពិសេស​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ដែលជា​ផលិតផល​នាំចេញ​ចំបង​របស់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រលោក ស៊ុន ចាន់ថុល នឹងសិក្សា​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​សេដ្ឋកិច្ចសង្គម​ជាក់ស្តែង ដើម្បី​ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី ធ្វើការ​ពិចារណា​និង​សម្រេច​ឡើងវិញ​។​

​កាលពី​ថ្ងៃទី​៩ កុម្ភៈ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ដែល​បណ្ដោយ​ឲ្យ​មាន​ករណី​រថយន្ត​បើកបរ​ល្មើស​ទម្ងន់ និង​រថយន្ត​កែច្នៃ (​ត​ទ្រុង​) បើកបរ​លើផ្លូវ​។ សម្ដេច ហ៊ុន សែន ប្រកាស​មិន​ឲ្យ​មាន​រថយន្ត​កែច្នៃ និង​លើស​ទម្ងន់ បើកបរ​លើផ្លូវ​ទៀតឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​ប្រឈមមុខ​បញ្ហា​មុនគេ គឺ​អាជ្ញាធរ​មូលដ្ឋាន​តែម្ដង​។​

អត្ថបទទាក់ទង


​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ព្រមាន​បិទ​ក្រុមហ៊ុន​ណា ដែល​នៅតែ​ប្រព្រឹត្ត​ល្មើសបទបញ្ជា​សម្ដេច​ខាងលើ​នេះដែរ​។ មូល​ហេតុដែល​សម្ដេច ចេញ​វិធានការ​បែបនេះ ដោយសារតែ​រថយន្ត​ធំៗ របស់​ក្រុមហ៊ុន​ទាំងអស់នោះ បាន​បំផ្លាញ​ផ្លូវ​អស់​ជាច្រើន​កន្លងមកនេះ​។

​ទាក់ទង​នឹង​បញ្ហា​ផ្លូវថ្នល់​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បាន​សង្កត់ធ្ងន់​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ដែល​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់​។​លោក ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​លើ​ការជួសជុល​ផ្លូវ​៕


Tag:
 GMAC
  វ៉ាន់ ស៊ូ​អៀង​
 ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com