កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​៖ សម្តេច ស ខេង ប្រធាន ខណៈ​លោក ជា ប៊ុនហេង ឡើងជា​អនុប្រធាន​ទី​១
16, Feb 2018 , 3:35 pm        
រូបភាព
សមាជិកប្រតិបត្តិអាណត្តិទី២របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
សមាជិកប្រតិបត្តិអាណត្តិទី២របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង ត្រូវបាន​អង្គ​មហាសន្និបាត​គាំទ្រ​តាមរយៈ​ការលើកដៃ​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដឹកនាំ​អាណត្តិ​ទី​២​ជំនួស​លោក ឈឹម ជួន ដែល​ទទួលមរណភាព​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែលជា​អគ្គលេខាធិការ​អាណត្តិ​ទី​១ ឡើងកាន់​តួនាទី​ជា​អនុប្រធាន​ទី​១​។



​អង្គ​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​១ និង​ដាក់​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​អាណត្តិ​ទី​២ នៅ​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ NOCC បាន​គាំទ្រ​តាមរយៈ​លើកដៃ​ឲ្យ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដឹកនាំ​អាណត្តិ​ទី​២​ពី​ឆ្នាំ​២០១៨-២០២២​។ ការគាំទ្រ​ឲ្យ​សម្តេច ស ខេង ធ្វើជា​ប្រធាន​សហព័ន្ធ​នេះ បន្ទាប់ពី​ប្រធាន​សហព័ន្ធ​ចាស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈឹម ជួន បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៦​។

​អង្គ​មហាសន្និបាត​ដែល​តែងតាំង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ជា​ប្រធាន​នេះ ក៏បាន​គាំទ្រ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែល​កាន់​តួនាទី​ជា​អគ្គលេខាធិការ​ក្នុង​អាណត្តិ​ទី​១ ឡើងទៅ​កាន់​តួនាទី​ជា​អនុប្រធាន​ទី​១​ក្នុង​អាណត្តិ​ថ្មី​នេះ​ផងដែរ​។ ចំណែក​តួនាទី​អគ្គលេខាធិការ​បានប្រគល់​ឲ្យ​លោក ជា សែន​វិស្សុត ដែលជា​កូនបង្កើត​របស់លោក ជា ប៊ុនហេង​។​

​ក្រោយ​ទទួលបាន​តួនាទី​ជា​អនុប្រធាន​ទី​១​លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឲ្យ​កាន់តែ​រីកចម្រើន និង​មាន​ភាពល្បីល្បាញ​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ បច្ចុប្បន្ន​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដែល​ធ្លាប់​ឈរ​បាត​តារាង​នៅ​ឆ្នាំ​២០១៤ បាន​ឡើងទៅ​ឈរ​លេខ​៩​ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​។​

​ក្រៅពី​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី សហព័ន្ធ​នេះ​ក៏មាន​ការផ្លាស់ប្តូរ និង​បន្ថែម​សមាជិក​ប្រតិបត្តិ​មួយចំនួន​ដែរ​។ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ សំអុល និង​លោក គាវ សុវណ្ណ​ធី ត្រូវបាន​គាំទ្រ​ឲ្យ​ធ្វើជា​អនុប្រធាន​សហព័ន្ធ ជំនួស​លោក ហែម ថុ​ន ដែល​ទទួលមរណៈភាព និង​លោក រស់ ច​ន្ត្រា​និ​ត ដែល​ដកខ្លួន ខណៈ​លោក ប្រាក់ ផល្លា បន្ត​កាន់​តួនាទី​ជា​អនុប្រធាន​ដដែល​។

​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ក្នុង​អាណត្តិ​ទី​២​មាន​១៧​រូប​រួមមាន សម្តេច ស ខេង ប្រធាន​, លោក ជា ប៊ុនហេង អនុប្រធាន​ទី​១, លោក ប្រាក់ ផល្លា​, លោក ម៉ក់ សំអុល និង​លោក គាវ សុវណ្ណ​ឌី អនុប្រធាន​, លោក ជា សែន​វិស្សុត អគ្គលេខាធិការ​, លោក ធុច សុខ​ជា អគ្គលេខា​ការរង​, លោក ស្រ៊ុន ប៊ុន​ណារ៉ាត អគ្គហិរញ្ញិក និង​លោក គង់ ចាន់​ធី​ណា អគ្គហិរញ្ញិក​រង​។ ចំណែក​លោក ប៊ូ សុផល​, លោក ហេង សុ​ធុន​, លោក ឆាយ បញ្ញាវុធ​, លោក វ៉ង់ វុ​ទ្ធា​, លោក ដាំ ដា​, លោក យ៉ែម វាសនា​, កញ្ញា មាស តឿ និង​កញ្ញា ឃ​ន​សាត សាន្នី​តា ជា​សមាជិក​៕ 


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ស ខេង​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com