ជាតិ
សមាជិករដ្ឋាភិបាល ត្រូវកាត់បន្ថយឲ្យសល់តែប្រមាណ ៦០នាក់ប៉ុណ្ណោះ សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសបុក សម្តេច ហ៊ុន សែន
× ភ្នំពេញ៖ សមាជិករដ្ឋាភិបាលកម្ពុជា ដែលធ្លាប់មានដល់ទៅរាប់រយនាក់ នឹងធ្លាក់មកសល់ត្រឹមខ្ទង់៦០នាក់ប៉ុណ្ណោះ។ ការនៅសល់ចំនួនតិចបែបនេះ គឺដោយសារតែរដ្ឋលេខាធិការ ត្រូវបានដកចេញពីសមាជិករដ្ឋាភិបាល។
រដ្ឋសភា បានអនុវម័តខ្លឹមសារថ្មីនៃមាត្រា១១៨ ក្នុងរដ្ឋធម្មនុញ្ញរួចហើយ ដែលចែងអំពីសមាសភាពរដ្ឋាភិបាល។ ខ្លឹមសារថ្មីនេះ បានកំណត់ថា សមាជិករដ្ឋាភិបាល មានតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដោយមិនរាប់បញ្ចូលរដ្ឋលេខាធិការទៀតទេ។ ខ្លឹមសារថ្មីនេះ នឹងចូលជាធរមាន នៅពេលណាព្រះមហាក្សត្រ ចេញព្រះរាជក្រម។
សមាជិករដ្ឋាភិបាល នាអាណត្តិទី៥នេះ ដែលកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួមមាន នាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ឧបនាយករដ្ឋមន្ត្រី៩នាក់ ទេសរដ្ឋមន្ត្រី១៥នាក់ រដ្ឋមន្ត្រី២៧ (ដឹកនាំក្រសួងទាំង២៧) រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី១៣នាក់ រួមទាំងរដ្ឋលេខាធិការជិត២00នាក់ នៅតាមបណ្តាក្រសួងទាំង២៧។ ក្នុងនោះ មនុស្សម្នាក់ អាចជាឧបនាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្ត្រីផង ហើយក៏អាចជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីផងដែរ។ ជាក់ស្តែង សម្តេច ស ខេង ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ ជាដើម។
បើដករដ្ឋលេខាធិការចេញ សមាជិករដ្ឋាភិបាល នឹងនៅសល់តែប្រមាណ៦០នាក់ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ចំនួនសមាជិករដ្ឋាភិបាលប្រមាណ៦០នាក់នេះ ក៏អាចប្រែប្រួលទៀតដែរ បើនាយករដ្ឋមន្ត្រី ចង់រុះរើ។
ការដករដ្ឋលេខាធិការចេញពីសមាជិករដ្ឋាភិបាល គឺដើម្បីកុំឲ្យរដ្ឋាភិបាលធំសំពីងសំពោង និងដើម្បីពង្រឹងការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ព្រោះតែកន្លងមក រដ្ឋាលេខាធិការ ជាសមាជិករដ្ឋាភិបាល ដូច្នេះហើយបានជាការតែងតាំងរដ្ឋលេខាធិការ តម្រូវឲ្យឆ្លងកាត់ការយល់ព្រមពីរដ្ឋសភាជាមុន ហើយបន្ទាប់មក ទើបព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងតាមក្រោយ។ ប៉ុន្តែ បើរដ្ឋលេខាធិការ លែងជាសមាជិករដ្ឋាភិបាលហើយនោះ នាយករដ្ឋមន្ត្រី នឹងមានសិទ្ធិ ស្នើឲ្យព្រះមហាក្សត្រ តែងតាំងរដ្ឋលេខាធិការណាម្នាក់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការយល់ព្រមពីរដ្ឋសភា ដូចមុនឡើយ៕
Tag:
រដ្ឋាភិបាល
រដ្ឋលេខាធិការ
© រក្សាសិទ្ធិដោយ thmeythmey.com