កីឡាអន្តរជាតិ
អន្តរជាតិ
បុរស​ដែល​លួច​លុយ​ប្រពន្ធ​ទៅ​ទិញ​ក្លិប Portsmouth ត្រូវ​ជាប់ទោស​៥​ឆ្នាំ​
16, Feb 2018 , 9:39 pm        
រូបភាព
លោក Sulaiman Al Fahim ដែលបានក្លាយជាម្ចាស់ក្លិប Portsmouth រយៈពេល៦ខែ ។ រូបថត AFP
លោក Sulaiman Al Fahim ដែលបានក្លាយជាម្ចាស់ក្លិប Portsmouth រយៈពេល៦ខែ ។ រូបថត AFP
ដោយ: រួបរួម
​លោក Sulaiman Al Fahim ដែល​បាន​ក្លាយជា​ម្ចាស់​ក្លិប Portsmouth រយៈពេល​៦​ខែ កាលពី​ឆ្នាំ​២០០៩ ត្រូវ​តុលាការ​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​លួច​លុយ​ភរិយា​ចំនួន​៥​លាន​ផោន (​ជាង​៧​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ដេញថ្លៃ​ទិញ​ក្លិប Portsmouth ដែល​កំពុងមាន​វិបត្តិ​។​



​លោក Al Fahim ដែលជា​សមាជិក​នៃ​ក្រុម​ជំនួញ Abu Dhabi United Group ដែល​បាន​ទិញ Manchester City កាលពី​ឆ្នាំ​២០០៨ ផងដែរ​នោះ ត្រូវបាន​រកឃើញថា បាន​លួច​បង្កើត​លិខិតស្នាម និង​ឯកសារ​ក្លែងក្លាយ​មួយចំនួន​។​

​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០០៩ លោក Al Fahim បាន​ចុះហត្ថលេខា​ក្នុង​ទិញ Portmouth ក្នុង​ទឹកប្រាក់​៦០​លាន​ផោន (​ប្រមាណ​៨៥​លាន​ដុល្លារ​អាមេរិក​) ពី​អ្នកជំនួញ​បារាំង​-​អ៊ីស្រាអែល លោក Alexandre Gaydamak​។ នេះ​បើតាម BBC​។​

​នៅពេលនោះ Portsmouth ដែល​ក្នុង​ក្របខណ្ឌ Premier League កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ដោយ​បង្ខំ​លក់​កីឡាករ​ឆ្នើមៗ​ចេញ​។ ការចរចា​ទិញ​ក្លិប​មិនបាន​សម្រេច​ផ្លូវការ​១០០​ភាគរយ​ឡើយ ដោយមាន​ការខ្វះខាត​ថវិកា​មួយចំនួន ប៉ុន្តែ​លោក Al Fahim នៅតែមាន​ឈ្មោះ​ជា​ម្ចាស់​ក្លិប មុនពេល​គាត់​លក់​បន្តទៅ​ឲ្យ​អ្នកជំនួញ​អា​រ៉ា​ប៊ី​សា​អូឌីត លោក Ali Al Faraj​។​

២​ឆ្នាំ​ក្រោយមក ភរិយា​របស់លោក Al Fahim បាន​ពិនិត្យឃើញថា គណនី​ធនាគារ​របស់គាត់​បាន​បង់ប្រាក់​ជាច្រើន បាន​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​សំណាក់​ធនាគារ និង​តុលាការ​។ ទីបំផុត សមត្ថកិច្ច​រកឃើញថា ទឹកប្រាក់​ក្នុង​ខ្ទង់​៥​លាន​ផោន​នោះ ត្រូវបាន​លោក Al Fahim លួច​ដើម្បី​បង្គ្រប់​ទិញ​ក្លិប Portsmouth​។​

​លោក Al Fahim អាយុ​៤២​ឆ្នាំ មិនមាន​វត្ត​មាននៅ​តុលាការ​ឡើយ​។ ស្របពេល​ជាមួយគ្នានេះដែរ តុលាការ​ព្រហ្មទណ្ឌ ក្រុង​ឌូ​បៃ បាន​កាត់​អ្នកគ្រប់គ្រង​ធនាគារ​ដាក់ពន្ធនាគារ​៥​ឆ្នាំ​ដូចគ្នា ពីបទ​បង្កើត​ឯកសារ​ក្លែងក្លាយ​។​

​នៅពេលដែល​លោក Al Fahim ធ្វើជា​ម្ចាស់ ក្លិប Portsmouth លេង​នៅ​ក្របខណ្ឌ Premier League ប៉ុន្តែ​វិបត្តិ​ហិរញ្ញវត្ថុ​កាន់តែ​រីក​ធំ​ឡេង បាប​ធ្វើ​ឲ្យ​ក្លិប​រហស្សនាម Pompey ធ្លាក់​ក្នុង​ការពិន័យ​រដ្ឋបាល​២​ដង ហើយ​ត្រូវ​ទម្លាក់​ឲ្យ​ទៅលេង​ក្របខណ្ឌ​លំដាប់​ទាប​។​

​ក្រោយមក Portsmouth ផ្លាស់ប្តូរ​ម្ចាស់​រហូតដល់​ទៅ​៧​លើក ដោយ​បច្ចុប្បន្ន លោក Michael Eisner បាន​បន្ត​គ្រប់គ្រង​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៧​មក ក្រោយ​ការកាប់​កាប់​របស់​ភ្នាក់ងារ Pompey Supporters Trust (PST)​។​

​កាលពី​រដូវ​កាល​មុន Portsmouth បាន​ឡើង​ពី​ក្របខណ្ឌ League Two ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​នៅ​លេង​រៀង​ទី​៩​នៃ​ក្របខណ្ឌ​ទី​បី​របស់​អង់គ្លេស​៕


Tag:
 បាល់ទាត់​
  Portsmouth
© រក្សាសិទ្ធិដោយ thmeythmey.com