អន្តរជាតិ
អ្នកជំនាញ​៖ ផ្នត់គំនិត​អវិជ្ជមាន​ចំពោះ​ចិន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​ចិន​
16, Feb 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន និង នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន និង នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង (រូបភាព៖ AFP)
​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន​បន្ត​រីកលូតលាស់​ទៅមុខ​តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​សំខាន់​ផ្សេងទៀត​ជាច្រើន​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​នេះ​បាន​រង​ការរិះគន់ ហើយ​វា​ក៏មានមតិ​យល់ឃើញ​អវិជ្ជមាន​ពី​កំណើន​វិនិយោគិន និង​ជនជាតិ​ចិន​នៅ​កម្ពុជា​ផង​។ អ្នកជំនាញ​ជឿជាក់ថា ផ្នត់គំនិត​អវិជ្ជមាន​ចំពោះ​ចិន​អាច​នឹងមាន​ឥទ្ធិពល​អាក្រក់​លើ​ចំណងមិត្តភាព​ទ្វេភាគី​នេះ​ផង​។ ជំនួស​ដោយ​ក្តីបារម្ភ កម្ពុជា​គួរប្រើ​ប្រាស់​ឱកាស​រៀនសូត្រ​ពី​ភាពជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ចិន​វិញ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​ក្នុងស្រុក​។



​ឆ្នាំ ២០១៨ នេះ​ជា​ខួប ៦០​ឆ្នាំ​គត់​នៃ​ការបង្កើត​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​មហា​យក្ស​ចិន​។ ទំនាក់ទំនង​ទ្វេភាគី​នេះ រីកចម្រើន​យ៉ាង​រហ័ស ហើយ​វា​ក៏​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកជា​គម្រូ​នៃ​ទំនាក់ទំនង​ការទូត​សម័យ​ទំនើប​ដែរ​។

​ប៉ុន្តែ​ផ្ទុយទៅវិញ ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​ភាពជិតស្និទ្ធ​រវាង​រដ្ឋ​អាស៊ាន​កម្ពុជា​ជាមួយ​មហា​យក្ស​ចិន​បែរជា​បង្កក្តី​បារម្ភ និង រង​ការរិះគន់​កន្លងមក​ទៅវិញ​។

១. ពាក្យ​ចរចា​ម​អា​រ៉ា​ម​ដែល​ធ្វើ​ឲ្យ​មាន​ផ្នត់គំនិត​ស្អប់​ចិន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ទ្វេភាគី​
​អ្នកស្រាវជ្រាវ​វិទ្យាស្ថាន​ចិន​សម្រាប់​ការសិក្សា​អន្តរជាតិ លោក LIU Chang  បាន​អះអាងថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា​ចិន​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ទិតៀន​ដោយ​ចំហ​កន្លងមក​។ មិន​ត្រឹ​មតែប៉ុណ្ណោះ​ទេ លោក​ក៏​កត់សម្គាល់ឃើញ​ពាក្យ​ចរចា​អា​រ៉ា​ម​ដែល​ប្រឆាំង​ចិន​ត្រូវបាន​ផ្សព្វផ្សាយ​បន្តបន្ទាប់​ផងដែរ​។​

« ខ្ញុំ​មើលឃើញថា ទំនាក់ទំនង​កម្ពុជា​និង​ចិន​រីកចម្រើន​យ៉ាង​រហ័ស​លើ​គ្រប់​វិស័យ គួរ​ជាទី​មោទន​។ ប៉ុន្តែ​គម្រូ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ​បែរជា​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​រិះគន់​ខ្លាំង​ទៅវិញ​»​។ លោក LIU បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​តាម​សារ​អេឡិចត្រូនិក​។​

​ពេល​សាក​សួរថា តើ​លោក​យល់​បែប​ម៉េច​ចំពោះ​ក្តីបារម្ភ​ដែល​ត្រូវបាន​គេ​លើក​ឡើងជា​បន្តបន្ទាប់​ពាក់ព័ន្ធ​កំណើន​វិនិយោគទុន និង​ជនជាតិ​ចិន​នៅ​កម្ពុជា លោក LIU បាន​ពន្យល់ថា គេ​គួរ​នាំគ្នា​មើល​បញ្ហា​នេះ​ដោយ​ត្រិះរិះ​ពិចារណា​ថា​តើ​វា​សម​ហេតុផល​ឬ​អត់​។

«​ខ្ញុំ​គិតថា យើង​គួរពិនិត្យមើល​បញ្ហា​ទាក់ទង​កំណើនប្រជាជន​ចិន​នៅ​កម្ពុជា​ដោយ​ផ្អែកលើ​ការពិចារណា​ឲ្យ​បាន​ដិតដល់​។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​ចុះ​។ កាលពី​ឆ្នាំមុន​ពាក្យ​ចរចា​អា​រ៉ា​ម​ជាច្រើន​ត្រូវបាន​គេ​និយាយ​ត​គ្នា​ពាក់ព័ន្ធ​ចំនួន​ជនជាតិ​ចិន​នៅ​ឥណ្ឌូណេស៊ី​។ គេ​ថា​ជន​ជាតិចិន​នៅ​ឥណ្ឌូណេស៊ី​មាន ២០​លាន​នាក់ ហើយ​បញ្ហា​នេះ​បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ចេញ​សេចក្តីថ្លែងការណ៍​បកស្រាយ​»​។​

​លោក​បាន​បន្តថា  ៖« តាមពិត​ប្រជាជន​ចិន​មាន​ត្រឹម ពីរម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ឥណ្ឌូណេស៊ី ខណៈដែល​ជនជាតិ​ឥណ្ឌូណេស៊ី​ធ្វើការ​នៅ​ចិន​ជាពិសេស​នៅ​ហុងកុង​មាន​យ៉ាងហោចណាស់ មួយ​សែន​នាក់​។ យើង​អាច​រៀនសូត្រ​បាន​ច្រើន​ពីបទ​ពិសោធន៍បែបនេះ​ជាពិសេស​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ពី​មាត់​មួយ​ទៅ​មាត់​មួ​យ​ទៀត »​។​

​អ្នកជំនាញ​ជនជាតិ​ចិន​រូបនេះ​ក៏បាន​សង្ក់​ត​ធ្ងន់​ផងដែរ​ថា ពាក្យ​ចរចា​អា​រ៉ា​ម​នេះហើយ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការជំរុញ​ផ្នត់គំនិត​ស្អប់ខ្ពើម​ចិន ហើយ​វា​ក៏​ងាយ​នឹង​ត្រូវគេ​បំប៉ោង និង​បំភ្លៃ​ថែមទៀត​។ បញ្ហា​ទាំងអស់នេះ​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ចំណងមិត្តភាព​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ថែម​ទៀតផង​។ 

២.​កម្ពុជា​អាច​រៀន​ពី​ភាពជោគជ័យ​របស់​ចិន ដោយ​ជ្រើសរើស​ផ្លូវ​ដើរ​មួយ​ដែល​សមស្រប​សម្រាប់​ខ្លួន​
​ស្លេះ​បញ្ហា​ប្រឈម​ត្រឹមនេះ​សិន​ចុះ ហើយ​ងាក​ទៅ​មើល​ភាព​វិជ្ជមាន​នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ​វិញ​ម្តង​។ ក្រៅពី​ទាញ​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​និង​សង្គម​ពី​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន កម្ពុជា​ក៏​អាច​ឆ្លៀតឱកាស​រៀនសូត្រ​ពី​ភាពជោគជ័យ​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រហូត​ក្លាយជា​មហាអំណាច បានដែរ​។​

 ពេល​ចោទ​សួរថា តើ​កម្ពុជា​អាច​រៀនសូត្រ​អ្វី​បាន​ខ្លះ​ពី​ភាពជោគជ័យ​របស់​ចិន​កន្លងមក​ក្នុងការ​អភិវឌ្ឍ​ប្រទេស លោក LIU បាន​លើកឡើងថា ក្នុងនាម​ប្រទេស​ត​តី​យ​លោក កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ជ្រើសរើស​ផ្លូវ​ណាមួយ​ដែល​ស្រប​នឹង​ស្ថានភាព​របស់ខ្លួន ដូច​ចិន​បានធ្វើ​កន្លងមក​។​

​លោក​ពន្យល់ថា រដ្ឋ​នីមួយៗ​មាន​លក្ខណៈពិសេស និង​ចរិតលក្ខណៈ​ប្លែកៗ​គ្នា​ទៅតាម​ស្ថានភាព​ជាក់ស្តែង​រៀងៗ​ខ្លួន​។ គ្មាន​ទ្រឹស្តី ឬ​គោលនយោបាយ​ឬ​ប្រព័ន្ធ​នយោបាយ​ណាមួយ​ដែល​អាច​យកមកប្រើ​ប្រាស់​ដើម្បី​សម្រេច​ជោគជ័យ​គ្រប់​កាលៈទេសៈ​នោះឡើយ​។​

​លោក LIU  អះអាង​ដូច្នេះ​៖ «​ពិសោធន៍​មួយ​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ពី​ការ​កែទម្រង់​និង​ការបើកចំហ​របស់​ចិន​កន្លងមក​គឺ គ្រប់​ប្រទេស​ទាំងអស់​មាន​លក្ខណៈសម្បត្តិ និង​ច​រិ​ក​លក្ខណៈ​ដោយឡែក​ពីគ្នា នេះ​មិន​គិត​ទាំង​ស្ថាប័ន​សង្គម សាសនា ទីតាំង​ភូមិសាស្ត្រ និង​ក​តា្ត​បន្ទាប់បន្សំ​ផ្សេង​ទៀតផង​។ កិច្ចការ​ស្នូល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​រួមទាំង​កម្ពុជា គឺ​ត្រូវ​ជ្រើសរើស​ផ្លូវ​ដើរ​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន​»​។

«​ហេតុ​ដូច្នេះហើយ បានជា​ចិន​តែងតែ​លើកឡើងថា ប្រព័ន្ធ​សង្គមនិយម​ដែល​គេ​កំពុង​អនុវត្ត គឺជា​ប្រព័ន្ធ​សង្គមនិយម​បែប​ចិន​នៅក្នុង​បរិបទ​សម័យកាល​ថ្មី​។ ខ្ញុំ​ដឹងថា កម្ពុជា​ក៏មាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ខុសពី​គេឯង​ដែរ​។ ដូច្នេះហើយ​កម្ពុជា​ប្រាកដជា​មានលទ្ធភាព​ជ្រើសរើស​ផ្លូវ​នៃ​ការអភិវឌ្ឍ​ដែល​សមស្រប​នឹង​ខ្លួន​ជាក់​ជាមិនខាន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកជំនាញ​ចិន​៕


Tag:
 ចិន​
  កម្ពុជា​
  LIU Chang
© រក្សាសិទ្ធិដោយ thmeythmey.com