សេដ្ឋកិច្ច
កម្ពុជា គ្រោង​បង្កើន​ការនាំចេញ អង្ករ ម្រេច​កំពត ស្ករត្នោត ចូល​ទីផ្សារ​អង់គ្លេស​
18, Feb 2018 , 10:10 am        
រូបភាព
រូបភាព ហ្វេសប៊ុក ក្រសួងការបរទេស
រូបភាព ហ្វេសប៊ុក ក្រសួងការបរទេស
ដោយ:
​ភ្នំពេញ​៖ កម្ពុជា គ្រោង​បង្កើន​ការនាំចេញ អង្ករ ម្រេច​កំពត ស្ករត្នោត ចូល​ទីផ្សារ​អង់គ្លេស ។ គម្រោង​នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន លើក​ពិភាក្សា​ជាមួយ​លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ កុម្ភៈ​។​



​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា កម្ពុជា​ចង់​បង្កើន​ការនាំ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ចូលទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ជាពិសេស​អង្ករ ,​ម្រេច​កំពត ដែល​ទទួល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication-GI)​របស់​សហភាព​អឺរ៉ុប និង​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​នឹង​ទទួល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ពី​សហភាព នាពេល​ខាងមុខនេះ​។ 
​ជាការ​ឆ្លើយតប លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​សន្យា​ជួយ​សម្រួលការ​នាំចូល​ផលិតផល​ទាំងនេះ ទៅកាន់​ទៅ​ផ្សារ​ចក្រភព​អង់គ្លេស​។ លោក Vaizey បន្ថែមថា ស្ករត្នោត​កម្ពុជា​មានគុណ​ភាពល្អ ដែល​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញនិយម នៅលើ​ទីផ្សារ​ចក្រភព​អង់គ្លេស នាពេល​អនាគត​។​«​អង់គ្លេស​ត្រៀមខ្លួន​ធ្វើជា​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាមួយ​កម្ពុជា ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Edward Vaizey ។​
​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ បាន​កើន​ប្រមាណ ៩០០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ និង​កើន​ជាង ១​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​៕
 
 

Tag:
 ប្រាក់ សុខុន​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com