ជាតិ
សេដ្ឋកិច្ច
តើ​អ្វី​ជា​ម៉ាកពាណិជ្ជកម្ម (Trademarks)?
17, Feb 2018 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ម៉ាក (Trademarks) គឺជា​សញ្ញា​ដែល​មើលឃើញ ហើយ​អាច​សំគាល់​លក្ខណ​:​ខុសគ្នា​នៃ​ទំនិញ ឬ​សេវា​នៃ​សហគ្រាស​នីមួយៗ​។ ម៉ាក​ដែល​ប្រើប្រាស់​សំរាប់​ទំនិញ​ហៅថា​ពាណិជ្ជសញ្ញា ហើយ​ម៉ាក​ដែល​ប្រើប្រាស់​សំរាប់ សេវា​ហៅថា សេវា​សញ្ញា​។

        
  
 
​ម៉ាក​មាន​ច្រើន​ប្រភេទ​ដូចជា ម៉ាក​ជា​ពាក្យ ម៉ាក​ជា​អក្សរ ម៉ាក​ជា​លេខ ម៉ាក​ជា​រូប​សញ្ញា ម៉ាក​ជា​និមិត្តសញ្ញា ម៉ាក​ជា​ស្លាក​សញ្ញា ម៉ាក​ជាការ​រួមគ្នា​នៃ​ពាក្យ​និង​លេខ ម៉ាក​ជាការ​រួមគ្នា​នៃ​អក្សរ​និង​រូប​សញ្ញា ម៉ាក​ជា​ពណ៌ ម៉ាក​អាចជា​ពណ៌​ច្រើន​ចំរុះ​គ្នា ម៉ាក​ជា​ឈ្មោះ ម៉ាក​ជាស​ញ្ញា​ដែល​មើល​ឆ្លុះ​បី​ជ្រុង ម៉ាក​ជា​ហត្ថលេខា​។​
 
​ម៉ាក​អាចមាន​លក្ខណៈ​ជា ពាក្យ អក្សរ រូបភាព រូប​សញ្ញា (​ឡូហ្គោ​) និមិត្តសញ្ញា ពណ៌ បង្គុំ​នៃ​ពណ៌ ឬ​បង្គុំ​នៃ​សញ្ញា​ទាំងនេះ​។ មិនមែន​គ្រប់​ម៉ាក​ទាំងអស់ សុទ្ធតែ​អាច​ចុះបញ្ជី​ដើម្បី​ទទួលបាន​កិច្ចការពារ នោះទេ​។ 
 
​តាម​មាត្រា​៤​នៃ​ច្បាប់​ស្តីពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ ការប្រកួតប្រជែង​មិន​ស្មោះត្រង់ កំណត់​ពី​ម៉ាក​មួយចំនួន​ដែល​មិនអាច​ចុះបញ្ជី​បាន ដូចខាងក្រោម​៖           

ក​. ម៉ាក​ដែល​មិនអាច​សម្គាល់​លក្ខណៈ​ខុសគ្នា​នៃ​ទំនិញ​ឬ​សេវា របស់​សហគ្រាស​មួយ​ទៅនឹង​សហគ្រាស​មួយ​ផ្សេងទៀត​។​

ខ​. ម៉ាក​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សីលធម៌ ឬ​ប្រពៃណី​ល្អ​របស់​ជាតិ​។​

​គ​. ម៉ាក​ដែលនាំឱ្យ​សាធារណជន​ឬ​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​ភាន់ច្រឡំ​ទៅនឹង​ប្រភព​ភូមិសាស្ត្រ​ទំនិញ​ឬ​សេវា​ពាក់ព័ន្ធ ឬ​ធាតុ​ដើម​ឬ​លក្ខណៈ​ខាងក្រៅ​របស់​ទំនិញ​ឬ​សេវា​នោះ​។         

​ឃ​. ម៉ាក​ដែល​ដូចគ្នា​នឹង​/​ឬ​ត្រាប់​តាម ឬ​មាន​ចំណុច​ណាមួយ​ដូច សញ្ញា​ជាតិ ទង់ជាតិ និង​និមិត្តរូប​ផ្សេងៗ ឈ្មោះ ឬ​ឈ្មោះ​សង្ខេប ឬ​អក្សរ​កាត់ ឬ​សញ្ញា​ឬ​ត្រា​ជា​ផ្លូវការ ដែល​អនុម័ត ដោយ​រដ្ឋ​ណាមួយ អង្គការ​អន្តររដ្ឋាភិបាល ឬ​អង្គ​ការដែល​បង្កើត​ដោយ​អនុសញ្ញា​អន្តរជាតិ​មួយ លើកលែងតែ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​រដ្ឋ​នោះ​ឬ​អង្គការ​នោះ​។​

​ង​. ម៉ាក​ដែល​ដូចគ្នា ឬ​ប្រហាក់ប្រហែលគ្នា ដែលនាំឱ្យ​ច្រឡំ​នឹង​ម៉ាក​ឬ​ពាណិជ្ជ​នាម​មួយ​ដែល​ល្បី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​បង្កើត​ពី​ការបកប្រែ​នៃ​ម៉ាក​ឬ ពាណិជ្ជ​នាម​ដែល​ល្បី​នោះ សម្រាប់​ទំនិញ​ឬ​សេវា​ដូចគ្នា​ឬ​ប្រហាក់ប្រហែលគ្នា​នៃ​សហគ្រាស​មួយទៀត​។     

ច​. ម៉ាក​ដែល​ដូចគ្នា​ឬ​ប្រហាក់ប្រហែល​ដែលនាំឱ្យ​ច្រឡំ​នឹង​ម៉ាក​ឬ​ពាណិជ្ជ​នាម​មួយ​ដែល​ល្បី​ឬ​បង្កើត​ពី​ការបកប្រែ​នៃ​ម៉ាក​ឬ​ពាណិជ្ជ​នាម​ដែល​ល្បី​នោះ ហើយ​ដែល​បាន​ចុះបញ្ជី​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទំនិញ​ឬ​សេវា​ដែល​មិន​ដូចគ្នា ឬ​មិន​ប្រហាក់ប្រហែលគ្នា ដោយ​ការប្រើប្រាស់​ម៉ាក​នោះ ធ្វើឱ្យ​ខូចខាត​ប្រយោជន៍​របស់​ម្ចាស់​ម៉ាក​ល្បី​។​

ឆ​. ម៉ាក​ដែល​ដូច​ឬ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​ម៉ាក​ដែលជា​កម្មសិទ្ធិ​របស់​ម្ចាស់​ផ្សេង ដែល​បាន​ចុះបញ្ជី​រួចហើយ ឬ​បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​មុន ឬ​បានទទួល​អាទិភាព​ចុះបញ្ជី​មុន នៅឯ​បរទេស ចំពោះ​ទំនិញ​ឬ​សេវា​ដូចគ្នា​ឬ​ទំនិញ​ឬ​សេវា​ដែល​ពាក់ព័ន្ធ​គ្នា​យ៉ាង​ជិត​ស្និ​ទ្ធិ​។           

សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ការចុះបញ្ជី​ម៉ាក មាន​ដូចខាងក្រោមៈ 

ក​- ចំពោះ​ម៉ាក​ដែល​ទាក់ទង​នឹង​ទំនិញ​ឬ​សេវា ដែល​បាន​ចុះបញ្ជី​រួចហើយ ការប្រើប្រាស់​ម៉ាក​នោះ ដោយ​ជន​ណាមួយ​ក្រៅពី​ម្ចាស់​ដើម ត្រូវមាន​ការយល់ព្រម​ពី​ម្ចាស់​ម៉ាក​ដើម​ជាមុនសិន​។ 

ខ​- ម្ចាស់​ដើម​នៃ​ម៉ា​កមាន​សិទ្ធិ​ប្តឹងទៅ​តុលាការ​ប្រឆាំងនឹង​ជនណាម្នាក់ ដែល​ប្រើប្រាស់​ដោយ​រំលោភ​នូវ​ម៉ាក​របស់ខ្លួន ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។ ម្ចាស់​ដើម​ក៏មាន​សិទ្ធិ​ប្តឹង ផងដែរ​ចំពោះ​ការប្រើប្រាស់​នូវ​សញ្ញា​ដែល​ប្រហាក់ប្រហែល​នឹង​ម៉ាក​ដែល​ខ្លួន​បាន​ចុះបញ្ជី​រួចហើយ និង​ការប្រើប្រាស់​ម៉ាក​ដែល​ទាក់ទិន​ទៅនឹង​ទំនិញ​និង សេវា​ដែល​ប្រហាក់ប្រហែល ទៅនឹង​ទំនិញ​ឬ​សេវា​នៃ​ម៉ាក​ដែល​ចុះបញ្ជី​រួចហើយ ដែល​អាច​បណ្តាលឱ្យមាន​ការភាន់ច្រឡំ​ជា​សាធារណៈ​។ 

គ​- សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ការចុះបញ្ជី ម៉ាក​នឹងមិន​រាប់បញ្ចូល​នូវ​ការដាក់​លក់ទំនិញ​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ឬ​ដោយមាន​ការយល់ ព្រម​ពី​ម្ចាស់​ម៉ាក​នោះទេ​។           

រយៈពេល​ការពារ​នៃ​ម៉ាក 

ម៉ាក​ដែល​បាន​ចុះបញ្ជី​ហើយ មាន​សុពលភាព​១០​ឆ្នាំ ចាប់ពី​កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​។ 

តាម​ការស្នើសុំ ការចុះបញ្ជី​ម៉ាក​មួយ អាចធ្វើ​សាជាថ្មី​សម្រាប់​រយៈពេល​១០​ឆ្នាំ​ម្តង ជា​បន្តបន្ទាប់ ក្នុង​លក្ខខណ្ឌ​ដែល​ម្ចាស់​ដើម​បង់អាករ​ចុះបញ្ជី​ជាថ្មី​
​តាម​ការកំណត់​។            

ការអនុគ្រោះ​ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ចុះបញ្ជី​សាជាថ្មី ត្រូវបាន​អនុញ្ញាត​ត្រឹម​រយៈពេល​៦​ខែ​៕
 
​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​

Tag:
 WIPO
  Trademark
© រក្សាសិទ្ធិដោយ thmeythmey.com