ជាតិ
សេដ្ឋកិច្ច
តើ​អ្វី​ជា​ប្រកាសនីយបត្រ​តក្កកម្ម (Patents)?
18, Feb 2018 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
ប្រកាសនីយបត្រ​តក្កក​ម្ម (Patents) គឺជា​វិញ្ញាបនបត្រ​ដែល​បាន ផ្តល់​ដើម្បី​ការពារ​តក្កកម្ម​។​



តក្កកម្ម
​តក្កកម្ម គឺជា​គំនិត​របស់​តក្កករ ដែល​អាច​យកទៅអនុវត្ត​បាន​នៅក្នុង​ដំណោះស្រាយ​បញ្ហា​ជាក់លាក់​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​តក្កកម្ម​អាចជា​ការរកឃើញ​ផលិតផល ឬ​ដំណើរការ​ផលិតកម្ម ឬ​អាចជា​ការរកឃើញ​អ្វីមួយ ដែល​ទាក់ទង​ទៅនឹង​ផលិតផល ឬ​ដំណើរការ​ផលិតកម្ម​។

តក្កកម្ម​ខាងក្រោម​នេះ មិនត្រូវ​បានការ​ពារ​ដោយ​ប្រកាសនីយបត្រ​តក្កកម្ម​ឡើយៈ
១. ការរកឃើញ ទ្រឹស្តី​វិទ្យាសាស្ត្រ និង​វិធីសាស្ត្រ​គណិតវិទ្យា

២. គម្រោងការ ក្បួន ឬ​វិធីសាស្ត្រ​សំរាប់ធ្វើ​ជំនួញ សម្រាប់ធ្វើ​សកម្មភាព​ហ្វឹកហ្វឺន​ខាង​ប្រាជ្ញា​សុទ្ធសាធ ឬ​សម្រាប់​លេងល្បែង​កំសាន្ត

៣. វិធីសាស្ត្រ​សម្រាប់​ព្យាបាល​មនុស្ស ឬ​សត្វ ដោយ​ការវះកាត់ ឬ​ដោយ​ការព្យាបាល ក៏ដូចជា​វិធីសាស្ត្រ​វិនិច្ឆ័យ​រោគ​ដែល​បាន​អនុវត្ត​លើ​រាងកាយ​មនុស្ស ឬ​សត្វ​។ បទ​ប្ប​ញ្ញ​តិ្ត​នេះ​មិន​យកមកអនុវត្ត​ចំពោះ​ផលិតផល​ទាំងឡាយ​ដែល​យកមកប្រើ​ប្រាស់​ក្នុង​វិធីសាស្ត្រ​ខាងលើនេះ​ទេ

៤. ផលិតផល​ឱសថ​ដូច​មានចែង​ក្នុង​មាត្រា ១៣៦ នៃ​ច្បាប់​

៥. រុក្ខជាតិ ឬ​សត្វ​ដែល​មិនមែនជា​មីក្រូ​សរីរាង្គ និង​ដំណើរ​ការកកើត តាម​លក្ខណៈ​ជីវសាស្ត្រ​សំខាន់ៗ​សម្រាប់​ផលិតកម្ម​រុក្ខជាតិ ឬ​សត្វ

៦. ប្រភេទ​ផ្សេងៗ​នៃ​ពូជ​រុក្ខជាតិ​ណាមួយ​។

​តក្កកម្ម​ណា​ដែល​ការធ្វើ​អាជីវកម្ម​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៖

-​ផ្ទុយ និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​សីលធម៌​

-​មិន​ការពារ​ជីវិត ឬ​សុខភាព​របស់​មនុស្ស សត្វ ឬ​រុក្ខជាតិ​ធ្វើឱ្យ​ខូច​បរិស្ថាន​ធ្ងន់ធ្ងរ ឬ​ត្រូវបាន​ច្បាប់​ហាមឃាត់​មិនត្រូវ​ផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​ឱ្យ​ទេ ។​

​លក្ខខណ្ឌ​ដែល​ទទួលបាន​ប្រកាសនីយបត្រ​តក្កកម្ម តក្កកម្ម​ដែល​អាច​ទទួល​ប្រកាសនីយបត្រ​តក្កកម្ម​បាន លុះត្រាតែ​តក្កកម្ម​នោះ ៖
១-​ថ្មី

២-​មាន​ជំហាន​រកឃើញ​ថ្មី និង

៣-​អាច​យកទៅ​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។



ថ្មី

​តក្កកម្ម​ដែល​អាច​ចាត់ទុកថា​ថ្មី​បាន លុះត្រាតែ​តក្កកម្ម​នោះ​ពុំទាន់​មាន​អ្នកណា​បាន​រកឃើញ​ពីមុន ។ ការរកឃើញ​ពីមុន គឺ​តក្កកម្ម​ដែល​សាធារណជន នៅ​កន្លែង​ណាមួយ​នៅលើ​ពិភពលោក​បានដឹង​មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ តាមរយៈ​ការផ្សព្វផ្សាយ ដោយ​ប្រើ​រូបភាព​ជាក់ស្តែង ឬ​ដោយ​ផ្ទាល់មាត់ តាមរយៈ​ការប្រើប្រាស់​តក្កកម្ម​នោះ ឬ​តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។

​មិនត្រូវ​ចាត់ទុកថា​ជាការ​ដឹង​ដល់​សាធារណជន ចំពោះ​ករណី​ដូច​ខាង ក្រោម ៖

​ក​-​ការដឹង​ដល់​សាធារណជន​នូវ​តក្កកម្ម ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់​ពីរ​(១២)​ខែ មុន​កាល បរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ ។        

ខ​-​ការធ្វើឱ្យ​លេចឮ​ខ្ចរខ្ចាយ​ពត៌មាន​ស្តីអំពី​តក្កកម្ម តាមរយៈ​អ្នកដាក់ពាក្យសុំ តាមរយៈ​អ្នក​ស្នង​របស់​បុព្វ​ជន ឬ​តាមរយៈ​ការរំលោភ​របស់​ភាគី​ទី​បី​ទៅលើ​អ្នកដាក់ពាក្យសុំ ឬ​អ្នក​ស្នង​របស់​បុព្វ​ជន​ដែល​បណ្តាលឱ្យ​លេចឮ​ខ្ចរខ្ចាយ​ពត៌មាន​នេះ ។

​ជំហាន​រកឃើញ​ថ្មី
​តក្កកម្ម​ត្រូវ​ចាត់ទុកថា​មាន​ជំហាន​រកឃើញ​ថ្មី ប្រសិនបើ​តក្កកម្ម​នោះ​មិន​អាចឱ្យ​បុគ្គល​ណា​ដែលមាន​កម្រិត​ធម្មតា​ក្នុង​ជំនាញ​យល់ដឹងបាន ។

អាច​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម
តក្កកម្ម​មួយ​ត្រូវ​ចាត់ទុកថា​អាច​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម ប្រសិនបើ​តក្កកម្ម​នោះ​អាច​ត្រូវ​ផលិត ឬ​ត្រូវ​ប្រើប្រាស់​នៅក្នុង​ប្រភេទ​ណាមួយ​នៃ​ឧស្សាហ​កម្មបាន ។​

សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ប្រកាសនីយបត្រ​តក្កកម្ម​

ការធ្វើ​អាជីវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​តក្កកម្ម​ដែល​បានទទួល​ប្រកាសនីយបត្រ​តក្កកម្ម​រួចហើយ​ដោយ​បុគ្គល​ដទៃទៀត ចាំបាច់​ត្រូវតែមាន​ការយល់ព្រម​ពី​ម្ចាស់​ប្រកាសនីយបត្រ​តក្កកម្ម​នោះ ។ ការធ្វើ​អាជីវកម្ម នៃ​តក្កកម្ម​ដែល​បានទទួល​ប្រកាសនីយបត្រ​តក្កកម្ម​រួច​ហើ គឺ​មានន័យថា​ជា​សកម្មភាព​ណាមួយ​នៃ​សកម្មភាព​ទាំងឡាយ​ខាងក្រោម​នេះ ៖

១-​ចំពោះ​ផលិតផល​មួយ ដែល​បាន​ផ្តល់ជូន​នូវ​ប្រកាសនីយបត្រ​តក្ក​កម្ម​រួចហើយ ការធ្វើ​អាជីវកម្ម​គឺជា ៖
               ក​-​ការផលិត ការនាំ​ចូល ការផ្គត់ផ្គង់​សម្រាប់​ការលក់ និង​ការប្រើប្រាស់​ផលិតផល​នោះ
               ខ​-​ការ​ស្តុក​ទុក​ផលិតផល​នោះ ក្នុង​គោលបំណង​ផ្គត់ផ្គង់ សម្រាប់​លក់ ឬ​ប្រើប្រាស់

២-​ចំពោះ​ដំណើរការ​ផលិតកម្ម​មួយ ដែល​បាន​ផ្តល់ជូន​នូវ​ប្រកាសនីយបត្រ​តក្ក​កម្ម រួចហើយ ការធ្វើ​អាជីវ កម្ម​គឺជា ៖
               ក​-​ការប្រើប្រាស់​ដំណើរការ​ផលិតកម្ម​នោះ
               ខ​-​ការធ្វើសកម្មភាព​ណាមួយ​នៃ​សកម្មភាព​ទាំងឡាយ​ដូច​មានចែង​ក្នុង​ចំណុក ក និង​ចំណុច ខ នៃ ចំណុច​ទី ១  លើ​ផលិតផល ដែល​ទទួលបាន​ដោយផ្ទាល់​ពី​មធ្យោបាយ​នៃ​ដំណើរការ​ផលិតកម្ម​នោះ ។​

រយៈពេល​ការពារ​
ប្រកាសនីយបត្រ​តក្កក​ម្ម មាន​សុពលភាព​រយៈពេល​ម្ភៃ​(២០)​ឆ្នាំ គិត​ចាប់ពី​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​នៃ​ការស្នើសុំ​ប្រកាសនីយបត្រ​តក្កកម្ម លុះត្រាតែ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង មាត្រា​៤៦ នៃ​ច្បាប់​៕

​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​ 
ព័ត៌មានបន្ថែម៖ ច្បាប់​ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែល មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែល មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​
ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែល មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែល មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​
 
អត្ថបទទាក់ទង



Tag:
 WIPO
  IP
  កម្មសិទ្ធិបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com