កីឡាជាតិ
ហេង ស៊ីវឡាង ត្រៀមឈប់ពីកីឡាប្រណាំងកង់ជម្រើសជាតិ ក្រោយឈ្នះមេដាយមាសអាស៊ី កីឡាការិនី ហេង ស៊ីវឡាង ខាំមេដាយមាសអាស៊ីដែលដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
× ក្រោយនាំមេដាយមាសកម្រិតអាស៊ីពីប្រទេសមីយ៉ាន់ម៉ាមកដល់មាតុភូមិកាលពីពេលថ្មីៗ កីឡាការិនីប្រណាំងកង់ឆ្នើមកម្ពុជា ហេង ស៊ីវឡាង ត្រៀមឈប់ពីកីឡាការិនីជម្រើសជាតិកម្ពុជា។ ការចាកចេញនេះ គឺដើម្បីទុកឱកាសនេះដល់កីឡាការិនីជំនាន់ក្រោយ។ តែយ៉ាងណា អ្នកស្រីមិនបោះបង់ពីអាជីពនេះឡើយ ពោលគឺនឹងបន្តហ្វឹកហាត់ធម្មតា ដោយឈរជាកីឡាការិនីបម្រុង។
ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រកីឡាការិនី ហេង ស៊ីវឡាង អាចនឹងមិនឃើញវត្តមានកីឡាការិនីឆ្នើមរូបនេះក្នុងក្រុមជម្រើសជាតិទៀតឡើយចាប់ពីឆ្នាំ២០១៨នេះទៅ បន្ទាប់ពីម្ចាស់មេដាយមាសកម្រិតអាស៊ីរួបនេះអះអាងថា អ្នកស្រីនឹងលាឈប់ពីកីឡាការិនីជម្រើសជាតិ។ ការចាកចេញរបស់កីឡាការិនីឆ្នើមរូបនេះ គឺដើម្បីទុកឱកាសនេះដល់កីឡាការិនីវ័យក្មេងជំនាន់ក្រោយ។
ក្រោយនាំមេដាយមាសអាស៊ីពីប្រទេសមីយ៉ាន់ម៉ាមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១២ កុម្ភៈ កីឡាការិនីរូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖«ត្រឹមត្រូវហើយ ខ្ញុំនឹងផ្អាកការចូលជាជម្រើសជាតិ ពេលខ្ញុំត្រឡប់មកពីការប្រកួតជើងឯកអាស៊ីនៅមីយ៉ាន់ម៉ា ព្រោះខ្ញុំចង់ទុកឱកាសនេះដល់ក្មេងៗជំនាន់ក្រោយ»។ នេះជាការអះអាងពីការត្រៀមលាឈប់ពីកីឡាប្រណាំងកង់ជម្រើសជាតិរបស់កីឡាការិនី ហេង ស៊ីវឡាង។
ទោះបីអះអាងពីផ្អាកចូលជម្រើសជាតិក៏ដោយ តែម្ចាស់មេដាយមាសអាស៊ីរូបនេះ មិនបានបោះបង់អាជីពចេញពីវិស័យកីឡានេះឡើយ ពោលគឺអ្នកស្រីនៅបន្តហ្វឹកហាត់ធម្មតា ដោយធ្វើជាកីឡាការិនីបម្រុង។ តែបើមានការប្រកួតជើងឯកផ្សេងៗ អ្នកស្រីអាចនឹងចូលរួមប្រកួតដូចធម្មតា។
ពាក់ព័ន្ធនឹងការផ្អាកចូលជម្រើសជាតិនេះ កីឡាការិនី ហេង ស៊ីវឡាង បានរៀបរាប់ថា៖«ខ្ញុំចង់ផ្តល់ឱកាសនេះដល់កីឡាការិនីជំនាន់ក្រោយ ព្រោះពួកគេត្រូវការចូលជម្រើសជាតិពេញសិទ្ធ។ ការផ្អាករបស់ខ្ញុំ វាអាចផ្តល់ថវិកាមួយដល់ពួកគេ ដើម្បីទ្រទ្រង់ដល់ការហ្វឹកហាត់របស់ពួកគេផងដែរ»។
ទន្ទឹមនឹងការផ្អាកចូលជម្រើសជាតិនេះដែរ កីឡាការិនីឆ្នើម ហេង ស៊ីវឡាង ពុំទាន់ឃើញមានកីឡាការិនីវ័យក្មេងណាម្នាក់មានសមត្ថភាពប្រហែលអ្នកស្រីនៅឡើយទេ។ ហើយតាមរយៈមេដាយមាសកម្រិតអាស៊ីដែលទើបដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ា អ្នកស្រី ស៊ីវឡាង រំពឹងថា នឹងអាចទាក់ទាញយុវជន ពិសេសយុវនារីចូលរួមលេងកីឡានេះកាន់តែច្រើនផងដែរ។
ជាមួយការអំពាវនាវឲ្យយុវជនចូលរួមជាមួយវិស័យកីឡាប្រណាំងកង់ឲ្យបានច្រើន កីឡាការិនី ហេង ស៊ីវឡាង អះអាងថា អ្នកស្រីនឹងខិតខំស្វែងរកធនធានកីឡាករនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីធ្វើជាយុវជនថ្នាលត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយអ្នកស្រីក៏ត្រៀមចែករំលែកបទពិសោធដល់ពួកគេទាំងនោះផងដែរ៕
Tag:
ប្រណាំងកង់
ហេង ស៊ីវឡាង
© រក្សាសិទ្ធិដោយ thmeythmey.com