សង្គមជាតិ
កម្ពុជា​-​ថៃ សម្រួល​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់​មាន​ភាពស្រប​ច្បាប់ មុន​ដំណាច់​ខែមិថុនា​
18, Feb 2018 , 5:00 pm        
រូបភាព
រូបភាពហ្វេសប៊ុក  ក្រសួងការងារ
រូបភាពហ្វេសប៊ុក ក្រសួងការងារ
ដោយ:
​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និង​សម​ភាគី​ថៃ នាយ​ឧ​ត្ត​ម​សេនីយ៍ Adul sangsingkeo បាន​ជួប​ពិភាក្សាគ្នា​រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃទី​១៣-១៤ ខែកុម្ភៈ កន្លងមក ដោយ​ក្រុមការងារ​រួម​របស់​ប្រទេសជិតខាង​ទាំងពីរ ព្យាយាម​ឲ្យ​សម្រេច​រួល​រាល់​លើ​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​នៅមុន​ដំណាច់​ខែមិថុនា ឆ្នាំ​២០១៨ ។

 
​ក្រសួង​ការងារ​ភាគី​កម្ពុជា បានរៀបចំ​ក្រុមការងារ​ចល័ត និង​មជ្ឈមណ្ឌល​មួយចំនួន​បន្ថែមទៀត ដើម្បី​បង្កើនល្បឿន​ធ្វើឯកសារ​ស្របច្បាប់​ដល់​ពលករ​ខ្មែរ ឲ្យ​បាន ៤,០០០​នាក់ ក្នុង​មួយថ្ងៃ​។ ចំណែក​ភាគី​ថៃ ក៏បាន​កំណត់​ទីតាំង​ដើម្បី រៀបចំ​បញ្ជី​ឈ្មោះ​ពលករ​ខ្មែរ និង​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ ហើយ​និង​ទិដ្ឋាការ​ការងារ​ឲ្យ​ពលករ​ខ្មែរ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា​។​
 
​មជ្ឈមណ្ឌល​ចំនួន ៣​កន្លែង ដែល​ក្រុមការងារ​ចល័ត​ចុះ​ធ្វើឯកសារ​ស្របច្បាប់​ជូន​ដល់​ពលករ​ខ្មែរ គឺ​នៅ​ទីក្រុង​បាងកក ខេត្ត​រ៉ាកយ៉ង និង​ខេត្ត​សុង​ខ្លា​។ ក្រសួង​ការងារ​កម្ពុជា​បន្តថា ក្រុមការងារ​ចល័ត​បានធ្វើ​លិខិត​ធ្វើដំណើរ​( TD) និង​បណ្ណ​ពលករ​ខ្មែរ ធ្វើការ​នៅ​បរទេស ( OCWC) ដោយ​ក្នុង​មួយថ្ងៃ​ផ្ដល់ជូន​ពលករ​ខ្មែរ ពី ១,៧០០ ទៅ​១,៨០០​នាក់​។  
 
«​បច្ចុប្បន្ន​នៅសល់​ប្រមាណ ៣៤​ម៉ឺន​នាក់​ទៀត ដែល​ត្រូវ​បន្ត​ផ្ដល់​ភាពស្របច្បាប់​រហូតដល់ ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៨»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ការងារ​កម្ពុជា​៕

Tag:
 ​ក្រសួង​ការងារ​
 ​ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com