ជាតិ
ពីនេះ ពីនោះ
សុភាសិត​១៨​ឃ្លា​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត នាំ​ផ្លូវ​យុវជន​រស់នៅ​ដោយ​ថ្លៃថ្នូរ​
14, Apr 2018 , 11:00 pm        
រូបភាព
​សុភាសិត​១៨​ឃ្លា​ដែល​សម្ដេចព្រះ​មហាសុមេធាធិបតី ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) តែងតែមាន​ព្រះបន្ទូល​ទៅកាន់​ពួក​យុវជន​ជា​រឿងៗ ។ ព្រះអង្គ ដែលជា​កំពូល​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ បាន​ទូន្មាន​យុវជន​ឲ្យ​ធ្វើខ្លួន​ទៅជា​ពលរដ្ឋ​មួយរូប​ថ្លៃថ្នូរ ដោយ​មិនត្រូវ​ក្រាញ​នៅតែ​មួយកន្លែង ត្រូវតែ​ផ្លាស់​ដី​ថ្មី គំនិត​ថ្មី ទើប​រក​សុភមង្គល​ឃើញ មិនគួរ​គប្បី​ស្ដាយស្រណោះ​ដី​កំហិល ដែល​មានតែ​ដើមត្នោត​ឬ​ចេក​ដូង​មួយ​គុម្ព​ពីរ​ឡើយ ។​ល​។​

 
​សុភាសិត​ទាំង​១៨​ឃ្លា​នោះ មាន​៖
១. ការ​អម្បាល កុំអាល​ពោល​អួត​មុន ។​
២. ឧបាយកល​សើៗ ពុំ​ស្មើ​គំនិត​ជ្រៅ ។​
៣. កំណាច​ឃ្លាន​ពេក មានរឿង​ពុំ​សូវ​ស្រាក ។​
៤. សេពគប់​ពាល ពាល​នាំទៅរក​ខុស សេពគប់​ប្រាជ្ញ​ប្រុស ប្រាជ្ញ​នាំទៅរក​ត្រូវ ។​
៥. សូវ​នៅ​ម្នាក់ឯង គួរ​ជៀសវាង​បាបមិត្ត ។​
៦. ចិត្ត​ឥត​ភ្នែក ភ្នែក​ឥត​ចិត្ត អ្នក​គិត​ល្អិត​ទើប​អាច​យល់បាន ។​
៧. មើលងាយ​អ្នកផង នាំ​ឲ្យ​កន្លង​ច្បាប់ ។​
៨. រអិលមាត់​ច្រើនតែ​ភ្លាត់ស្នៀត ។​
៩. សើច​ក្អាកក្អាយ នាំ​ឲ្យ​ស្ដាយក្រោយ ។​
១០. កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង ភ្នែក​មិន​ឆ្មៀង​ឃើញ​មិន​សព្វ ។​
១១. ធ្វើស្រែ​ទាន់​មាន​ភ្លៀង ស្រែកច្រៀង​ទាន់​មាន​ភ្លេង ។​
១២. ពេល​ត្រូវ​ដើរ​បែរជា​ដេក ខ្ជិល​ហួសពេក​នាំ​ឲ្យ​ល្ងង់ ។​
១៣. មានៈ​ចចេស​ក្រៃ អស់​តម្លៃ​គ្មាន​ចំណេញ ។​
១៤. បំណាច់​កើតជា​អង្គ​ប្រុស កុំ​ប្រព្រឹត្ត​ខុស​ធម៌​ច្បាប់ ។​
១៥. ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក ។​
១៦. កុំ​ស្ដាយ​គុម្ព​ចេក​មួយ​គុម្ព ។​
១៧. កុំ​ស្ដាយ​អាចម៍​គោមួយ​គំនរ ។​
១៨. បើ​មិនចេះ​ត្រូវ​សួរ​គេ កុំ​មានៈ​យក​គ្រាន់បើ ។​
 
​ដកស្រង់​ចេញពី​៖ «​ទស្សនៈ សម្ដេចព្រះសង្ឃរាជ ជួន​-​ណាត​» ដោយ គង់ សម្ភារ សមាជិក​គណៈកម្មការ​ឃោសនាការ​នៃ​ពិធីបុណ្យ​ព្រះ​បរមសព (​ចុះផ្សាយ​នៅ​ឆ្នាំ​១៩៧០)

Tag:
 សម្តេច ជួន​ណាត​
  សុភាសិត​
© រក្សាសិទ្ធិដោយ thmeythmey.com