អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ផ្លូវ​សូត្រ​ទឹកកក​របស់​មហា​យក្ស​ចិ​ន​៖ ច្រកទ្វារ​ទៅកាន់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការពង្រីក​ឥទ្ធិពល
19, Feb 2018 , 9:00 am        
រូបភាព
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បង្ហើប​ពី​មហិច្ឆតា​បង្កើត «​ផ្លូវ​សូត្រ​ទឹកកក​» នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំ​២០១៧។ រូបថត AFP
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បង្ហើប​ពី​មហិច្ឆតា​បង្កើត «​ផ្លូវ​សូត្រ​ទឹកកក​» នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំ​២០១៧។ រូបថត AFP
​នៅ​ថ្ងៃទី​២៦ ខែមករា មហា​យក្ស​ចិន​បាន​ដាក់ចេញ​នយោបាយ​ស្ដីពី​តំបន់​អាក់​ទិ​ក ដែល​សម្បូរ​ដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ច្រើន​ប្រភេទ និង​ឧស្ម័ន​ជាច្រើន​រាប់លាន​ម៉ែត្រគូប​។ ចិន​ប្រកាសថា ខ្លួន​ចង់​ចូលរួម​គ្រប់គ្រង​តំបន់​ទឹកកក​នេះ ទាញយក​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ និង​ការគោរព​គ្នា​ទៅវិញទៅមក​។ ការ​ងាក​ទៅរក​តំបន់​អាក់​ទិ​ក​មិនមែនជា​រឿង​ចម្លែក​ឡើយ​សម្រាប់​ចិន ក្នុងការ​បង្កើត​ផ្លូវ​សូត្រ​ទឹកកក ដែល​នឹង​បើកផ្លូវ​ដល់​ការ​លូកដៃ​កាន់តែ​ជ្រៅ​នៅ​តំបន់​នេះ​។​

 
​មហា​យក្ស​ចិន​បាន​បង្កើន​សកម្មភាពរ​បស់​ខ្លួន​ជាខ្លាំង​នៅ​តំបន់​អាក់​ទិ​ក​។ ក្នុង​ឆ្នាំ​២០១៣ ចិន ដែល​មិនមែនជា​រដ្ឋ​នៅជាប់​អាក់​ទិ​ក ក្លាយជា​ប្រទេស​សង្កេតការណ៍​នៃ​ក្រុមប្រឹក្សា​អាក់​ទិ​ក ដែល​គ្រប់​គ្រង់​តំបន់​សម្បូរ​ធនធាន​មួយ​នេះ​។ កាណ​ដា ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ស៊ុយអែត ន័​រ​វ៉េ​ស រុស្ស៊ី អាមេរិក និង​អ៊ី​ស្លង់ ជា​សមាជិក​ពេញសិទ្ធិ​ក្រុមប្រឹក្សា​នេះ ប៉ុន្តែ​សុទ្ធតែ​មិនទាន់​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ពេញដៃពេញជើង​នៅឡើយ​ទេ ក្រៅតែពី​គោលដៅ​វិទ្យាសាស្ត្រ​។ 
 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បង្ហើប​ពី​មហិច្ឆតា​បង្កើត «​ផ្លូវ​សូត្រ​ទឹកកក​» នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​ការបញ្ចេញ​គម្រោង​ជាមួយ​រុស្ស៊ី​នៅ​អាក់​ទិ​ក​។ គម្រោង​ទាំងនោះ​នឹង​ច្របាច់​បញ្ចូល​ជាមួយ​គម្រោង​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» ដែលមាន​កញ្ចប់​ទឹកប្រាក់​មហាសាល​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សំដៅ​ឲ្យ​មាន​ការតភ្ជាប់​អាស៊ី​ទៅកាន់​អឺរ៉ុប ហើយ​សព្វថ្ងៃ​គ្របដណ្ដប់​ទៅដល់​តំបន់​អាហ្វ្រិក និង​អាមេរិក​ឡាទីន​។ 
 
​ការបែងចែក​ផលប្រយោជន៍​
 
​ក្នុង​សៀវភៅ​ស​ស្ដីពី​តំបន់​អាក់​ទិ​ក ចិន​បាន​និយាយ​ដោយ​ត្រង់​ថា ខ្លួន​ចាប់អារម្មណ៍​លើ​ភោគទ្រព្យ​ហូរហៀរ​របស់​តំបន់​អាក់​ទិ​ក និង​សំឡឹង​ឃើញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ឧស្ម័ន ថាមពល​មិនមែន​ផូស៊ីល ការនេសាទ និង​ទេសចរណ៍​។ ចិន​ចង់​សហការ​ជាមួយ​ប្រទេស​ផ្សេង​លើ​ការងារ​អភិវឌ្ឍ​នេះ ដោយ​រក្សា​ប្រពៃណី និង​វប្បធម៌​របស់​ប្រជាជន​ទាំងអស់​រស់នៅ​តំបន់​អាក់​ទិ​ក ក៏ដូចជា​ការពារ​បរិ​ស្ថាន​ធម្មជាតិ​នៅ​មហាសមុទ្រ​ទឹកកក ដែល​កំពុង​ប្រឈមមុខ​ការគំរាមកំហែង​របស់​បម្រែបម្រួល​អាកាសធាតុ​។​
 
​ចិន​លើកឡើងថា ខ្លួន​នឹង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​ទំនិញ​កាត់​តាម​តំបន់​នេះ ដោយ​គោរព​តាម​បញ្ញត្តិ​មាន​ស្រាប់​។ ជាមួយគ្នា​នោះ ចិន​ចង់​ការពារ អភិវឌ្ឍ និង​គ្រប់គ្រង​តំបន់​អាក់​ទិ​ក​រួមគ្នា ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​នេះ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួច​ផ្ដើ​ច​ខ្សែក្រវ៉ាត់ និង​ផ្លូវ​។ ធនធាន​រ៉ែ​ច្រើន​ក្រាស់ក្រែល និង​មិនទាន់មាន​នរណា​ប៉ះពាល់​នោះ នឹង​ក្លាយជា​អាហារ​បំប៉ន​យក្ស​ចិន ដែល​កំពុង​ត្រូវការ​ធនធាន​ផ្គត់ផ្គង់​តម្រូវការ​យ៉ាងច្រើន​។​
 
​គេ​ប៉ាន់​ស្មានថា តំបន់​សមុទ្រ​ទឹកកក​អាក់​ទិ​ក មាន​ឧស្ម័ន​ធម្មជាតិ​ចំនួន​៣០​ភាគរយ​នៃ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​ដែល​មិនទាន់​រុករក​របស់​ពិភពលោក និង​មាន​ប្រេង​១៣​ភាគរយ​នៃ​ប្រេង​មិនទាន់​រុករក​។ បរិមាណ​ធនធាន​ធម្មជាត​ដ៏​មហាសាល​នេះ ពិតជា​ធ្វើ​ឲ្យ​ស្រក់ទឹកមាត់​ខ្លាំង ដើម្បី​យកទៅ​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​។​
 
​ផ្លូវ​ដឹកជញ្ជូន​ថ្មី 
 
​ការចេញផ្សាយ​នយោបាយ​តំបន់​អាក់​ទិ​ក​របស់​មហា​យក្ស​ចិន ធ្វើឡើង​ចំពេល​តែម្ដង គឺ​ការឡើង​កម្ដៅ​ពិភពលោក​ក្លាយជា​ឱកាស​របស់​ចិន​។ និយាយ​មួយបែប ចិន​ចង់​ទាញ​ប្រយោជន៍​ពី​តំបន់​នេះ ស្របពេល​ការ​រលាយ​ទឹកកក​បង្ក​ជាការ​ងាយស្រួល​ដល់​ស្រូបយក​ធនធាន​រ៉ែ និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​នាវា​អំឡុងពេល​រដូវក្ដៅ​។ ក្រោម​ទស្សនវិស័យ​ផ្លូវ​សូត្រ​ទឹកកក ការបង្កើត​ផ្លូវ​ដឹកជញ្ជូន​ថ្មី គឺជា​កត្តា​សំខាន់​ទី​ពីរ​ក្នុង​នយោបាយ​តំបន់​អាក់​ទិ​ក​របស់​ចិន​។​
 
​បច្ចុប្បន្ន ការដឹកជញ្ជូន​ពី​អាស៊ី​ទៅ​អឺរ៉ុប​តាមផ្លូវ​ទឹក​ដោយ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង មហាសមុទ្រ​ឥណ្ឌា និង​ព្រែកជីក​ស៊ុយ​អេ ត្រូវបាន​ចំណាយពេល​យូរ​ខែ​ទម្រាំ​ដល់​គោលដៅ និង​មាន​ប្រឈម​ច្រើន​។ ផ្លូវ​ដឹកជញ្ជូន​នេះ​ជួប​បញ្ហា​ដោយសារ​ចោរ​សមុទ្រ មមាញឹក​ខ្លាំង និង​គ្រប់គ្រង​ដោយ​គូប្រជែង​របស់​ចិន​មាន​អាមេរិក និង​ឥណ្ឌា​។ ប៉ុន្តែ​គន្លង​ផ្លូវ​ថ្មី​នៅ​អាក់​ទិ​ក ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ខាងជើង​ភ្ជាប់​អាស៊ី​ខាងកើត​ទៅ​អឺរ៉ុប​កាត់​តាម​ឆ្នេរ​របស់​រុស្ស៊ី មាន​សុវត្ថិភាព​ជាង និង​ចម្ងាយ​ផ្លូវ​ខ្លី​ជាង​។ 
 
​ការបើក​ច្រក​ដឹកជញ្ជូន​ថ្មី​នេះ នឹង​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​ពេលវេលា​ធ្វើដំណើរ​សំណាក់​នាវា​ពី​អាស៊ី​ទៅ​អឺរ៉ុប​ជិត​២០​ថ្ងៃ​។ ប៉ុន្តែ​ច្រក​នៅ​សមុទ្រ​ខាងជើង​នោះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មហាអំណាច​មួយ​ទៀត គឺ​រុស្ស៊ី​។ ដូចនេះ​ចិន​ទំនងជា​ត្រូវ​ចាប់ដៃ​ជាមួយ​រុស្ស៊ី​ដើម្បី​សម្រេច​គោលដៅ តែ​នេះ​មិនមែនជា​បញ្ហា​ឡើយ ព្រោះ​រុស្ស៊ី​ក៏​ចាប់អារម្មណ៍​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​ដែរ​។ ការភ្ជាប់​គ្នា​រវាង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​ជាមួយ​ច្រក​សមុទ្រ​របស់​រុស្ស៊ី នឹង​ផ្ដល់​ប្រយោជន៍​ធំ​ឲ្យ​ភាគី​ទាំងសងខាង​។ 

​ការពង្រីក​ឥទ្ធិពល និង​បញ្ហា​ប្រឈម​
 
​តាមរយៈ​ទស្សនវិស័យ​បង្កើត​ផ្លូវ​សូត្រ​ទឹកកក ចិន​កំពុងធ្វើដំណើរ​សន្សឹមៗ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​ទឹកកក​អាក់​ទិ​ក​។ តាមពិតទៅ តំបន់​អាក់​ទិ​ក​នេះ មិន​ស្ថិតក្រោម​ក្រសែភ្នែក​ចិន​ប៉ុន្មាន​ឡើយ ខុសពី​តំបន់​ផ្សេងទៀត​ដែល​ចិន​បាន​បញ្ជ្រាប​ឥទ្ធិពល​ខ្លាំង​។ ចាប់ពី​អាស៊ី អាហ្វ្រិក អាហ្វ្រិក មជ្ឈិមបូព៌ា ទៅដល់​អាមេរិក​ឡាទីន ចិន​កំពុង​កាន់កាប់​តំណែង​ទីមួយ​ស្ទើរ​គ្រប់​វិស័យ​ទៅហើយ មិន​ថា​ការផ្ដល់​ជំនួយ ការវិនិយោគ​ក្រៅប្រទេស ឬ​វប្បធម៌​។​
 
​យ៉ាងណាមិញ មហិច្ឆតា​របស់​ចិន​នៅ​តំបន់​អាក់​ទិ​ក​នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ទាំង​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​។ ច្បាស់​ណាស់​ថា ចិន​ត្រូវតែ​យកចិត្ត ឬ​សហការ​ជាមួយ​ជាមួយ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​តំបន់​អាក់​ទិ​ក ដែលមាន​ទាំង​អាមេរិក និង​ទាំង​រុស្ស៊ី​ផង​។ ជាមួយ​រុស្ស៊ី ចិន​អាច​ជួប​រឿង​ងាយស្រួល ព្រោះ​វត្តមាន​ចិន​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​រុស្ស៊ី តែ​ជាមួយ​អាមេរិក និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត ចិន​នឹង​ជួប​ការលំបាក​ខ្លាំង​។ 
 
​និយាយ​ពី​ការរកស៊ី​វិញ​នោះ ក្រុមហ៊ុន​ចិន​ទំនង​ត្រូវ​ចំណាយ​ទុក​ច្រើន បើ​ចង់​កើប​ប្រាក់ចំណេញ​ពី​តំបន់​នោះ​។ ជា​តំបន់​ក្រាល​ដណ្ដប់​ដោយ​ផ្ទាំង​ទឹកកក​ធំ ហើយ​ក្រាស់ គេ​ត្រូវការ​នាវា​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​បំបែក​ដុំ​ទឹកកក​ទាំងនោះ​។ គម្រោង​អភិវឌ្ឍ​ទៀតសោត ក៏​អាច​ប្រឈមមុខ​ជាមួយ​ប្រជាជន​តំបន់ រដ្ឋាភិបាល​ក្នុងស្រុក​ក ព្រមទាំង​បញ្ហា​បរិស្ថាន​ផង​។ នេះ​គេ​មិនទាន់​និយាយ​ពី​ឥទ្ធិពល​នយោបាយ និង​ការ​ប្រទាញប្រទង់​រវាង​មហាអំណាច​ក្នុង​តំបន់​ពោរពេញ​ដោយ​ទ្រព្យសម្បត្តិ​នេះ​ផង​៕

Tag:
 ចិន​
  ផ្លូវ​សូត្រ​ទឹកកក​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com