អន្តរជាតិ
ម៉ា​ល់​ឌី​វ​៖ បាតុករ ២៥​នាក់​ត្រូវ​ឃុំខ្លួន​ព្រោះ​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​ប្រធានាធិបតី​
18, Feb 2018 , 2:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​បាតុករ​ប្រហែល ២៥​នាក់​ត្រូវបាន​អាជ្ញាធរ​ម៉ា​ល់​ឌី​វ​ចាប់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែកុម្ភៈ ដោយសារ​ពួកគេ​ចូលរួម​ចលនា​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​ឃុំខ្លួន​ប្រធានាធិបតី និង​ដោះលែង​អ្នកនយោបាយ​បក្សប្រឆាំង​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ស្របពេល​ដែល​ម៉ា​ល់​ឌី​វ​បន្ត​ស្ថិតក្រោម​បញ្ជា​ប្រធានាធិបតី​ដែល​បានប្រកាស​ដាក់​ក្នុងស្ថានភាព​អាសន្នកាល​ពី​ដើមខែ​។​



​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ មិនមាន​ថមថយ​កម្តៅ​សោះ បើទោះជា​មានការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ភាគី​នយោបាយ​ជ្រើស​រើសយក​ការសន្ទនា​គ្នា​ក្តី​។ គេ​ឃើញ​ប្រជាជន​ម៉ា​ល់​ឌី​វ​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ទង្វើ​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ បាន​ចេញមុខ​បាតុកម្ម​តវ៉ា និង​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន និង​ឃុំខ្លួន​ប្រ​ធានា​ធិ​ប​តិ​បច្ចុប្បន្ន​លោក Abdulla Yameen​។ 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចលនា​បាតុកម្ម​ដែល​ប្រមូលផ្តុំ​មនុស្ស​រាប់ពាន់នាក់​នេះ​កើតឡើង​នៅ​ទូទាំងប្រទេស​ម៉ា​ល់​ឌី​វ​ទាំងមូល ហ់យ​បាតុកម្ម​នេះ​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​មកម្ល៉េះ​។ ក្រៅពី​ទាមទារ​ឲ្យ​មានការ​ចាប់ឃុំខ្លួន​ប្រធានាធិបតី ប្រជាជន​ទាំងនោះ​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​កន្លងមក​ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នកនយោបាយ​បក្សប្រឆាំង ប្រាំ​បួនរូប​ផង​។ 
​តំណាងរាស្ត្រ​បក្សប្រឆាំង​លោក Ahmed Mahloof បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស​ប្រហែល ២៥​នាក់ រួមទាំង​អ្នកកាសែត​ពីរ​នាក់​ត្រូវបាន​គេ​ចាប់ឃុំខ្លួន​រួចទៅហើយ​។ លោក Mahloof បាន​ថ្លែង​ដូច្នេះ​៖ «​ប៉ូលិស​បដិសេធ​ប្រាប់​យើង​ពី ចំនួន មនុស្ស​ប៉ុន្មាន​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន​។ យើង​មិនអាច​ដឹង​ពី​ចំនួន​ពិតប្រាកដ​ឡើយ ហើយ​យើង​ក៏​មិនដឹងថា ពួកគេ​ត្រូវបាន​ឃុំខ្លួន​នៅទីណា​ដែរ​។ ពួក​ប៉ូលិស​បាន​ប្រាប់​យើង​ថា វា​គ្មាន​ហេតុផល​ដែល​ពួកគេរ​ត្រូវ​ផ្តល់ព័ត៌មាន​ឡើយ​ព្រោះ​ការចាប់ខ្លួន​ធ្វើឡើង​ពេល​រដ្ឋ​ស្ថិតក្នុង​គ្រាអាសន្ន​»​។​
 
​ពេល​ចាប់ផ្តើម​មាន​ចលនា​បាតុកម្ម ប៉ូលិស​បាន​ប្រាប់​បាតុករ​ថា ការជួប​ជុំគ្នា​ដើម្បី​ធ្វើបាតុកម្ម​នោះ​ត្រូវបាន​ហាមឃាត់​ជាដាច់ខាត​នៅក្នុង​រដ្ឋធានី​ម៉ា​ល់​។​ក្រោយមក​ប៉ូលិស​ក៏​ចាប់ផ្តើម​ប្រើប្រាស់​វិធានការ​ក្តៅ​ដើម្បី​បំបែក​បាតុករ​តែម្តង​។ ក្រោយ​ការបង្ក្រាប​ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​ទៀត​ចំ​ពីរ​កន្លែង​ស្ថិតនៅក្នុង​រដ្ឋធានី  ប៉ុន្តែ​ពួកគេ​ត្រូវបាន​ប៉ូលិស​បំបែក​ជាថ្មីទៀត​។​
​សូមបញ្ជាក់ថា នា​ថ្ងៃ​ចន្ទ​ទី ៥ ខែកុម្ភៈ ប្រធានាធិបតី Abdulla Yameen ចេញ​ក្រឹត្យ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន រយៈពេល ១៥ ថ្ងៃ​។ បន្ទាប់ពី​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ហើយ រដ្ឋាភិបាល​របស់លោក ចាប់ផ្តើម​បង្ក្រាប​រាល់​ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​ក្នុងនោះ​មានការ​ចាប់ខ្លួន​ចៅក្រម​តុលាការ​កំពូល និង​អ្នកនយោបាយ​ដែល​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​ត្រៀម​ទម្លាក់​លោក​ពី​តំណែង​ផង​។ Yameen ត្រូវបាន​គេ​រិះគន់ និង​ចាត់ទុកជា​អ្នកនយោបាយ​ពុករលួយ ប្រើប្រាស់​អំណាច​ខុស​គោលដៅ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​៕
 
អត្ថបទទាក់ទង
 
 

Tag:
 ម៉ា​ល់​ឌី​វ​
  Abdulla Yameen
© រក្សាសិទ្ធិដោយ thmeythmey.com