កីឡាជាតិ
កីឡាហែលទឹក​ឆ្លងទន្លេ និង​កីឡា​៧​ផ្សេងទៀត​នឹង​បង្ហាញខ្លួន​ក្នុង​បុណ្យ​ទន្លេ​ឆ្នាំនេះ​
18, Feb 2018 , 7:30 pm        
រូបភាព
ការប្រកួតកីឡាចំបាប់មហាជនក្នុងបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង
ការប្រកួតកីឡាចំបាប់មហាជនក្នុងបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែង
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បានកំណត់​ដាក់​កីឡា​ចំនួន​៨​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​និង​សម្តែង​ដើម្បី​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៤ ដែល​រៀបចំ​ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្នុងចំណោម​កីឡា​ទាំងនេះ គេ​ឃើញ​មាន​កីឡា​ថ្មី​១​ប្រភេទ គឺ​កីឡាហែលទឹក​ឆ្លងទន្លេ​(១​គីឡូម៉ែត្រ​)​។

 
 
​កីឡាហែលទឹក​ឆ្លងទន្លេ ដែលជា​ប្រភេទ​កីឡា​ថ្មី រួមទាំង​កីឡា​៧​ផ្សេងទៀត​ដូចជា​រត់​កម្សាន្ត​, ប្រណាំង​កង់​, បាល់ទាត់​, បាល់ទះ​, ប្រដាល់​គុន​ខ្មែរ​, ចំបាប់​បុរាណ​មហាជន និង​ទូក​កា​នូ ត្រូវបាន NOCC ដាក់​ឲ្យ​ប្រកួត​និង​សម្តែង ដើម្បី​អបអរ​បុណ្យ​ទន្លេ​ឆ្នាំនេះ​។ បុណ្យ​ទន្លេ​លើក​ទី​៤​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា នៅ​ដង​ទន្លេបាសាក់​ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ តែ​យ៉ាងណា កីឡា​ទាំងនេះ អាចមាន​ការប្រែប្រួល​តា​ម​ភាពជាក់ស្តែង​។ 
 


​ពិធីបុណ្យ​ទន្លេ​ជា​ផលិតផល​ទេសចរណ៍​មួយ ដែល​រៀបចំឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ ក៏ដូចជា​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក​។ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​រំពឹងថា បុណ្យ​ទន្លេ​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់ ដោយសារ​ឆ្នាំនេះ​រៀបចំ​នៅក្បែរ​រាជធានី​ភ្នំពេញ​។ 
 


​ក្រៅពី​គោលបំណង​ទាក់ទាញ​ទាក់ទាញ​ភ្ញៀវទេសចរ ពិធីបុណ្យ​បែប​ទេសចរណ៍​មួយ​នេះ ក៏​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ពី​របៀប​ផ្តល់​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ និង​ការការពារ​បរិស្ថាន​ផងដែរ​។ លើសពីនេះ ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​កាន់តែច្រើន​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​


 
​បើ​យោងតាម​តារាង​កម្មវិធី​របស់ NOCC កីឡា​រត់ប្រណាំង​កម្សាន្ត​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ ធ្វើឡើង​នៅ​ថ្ងៃទី​៩ មីនា នៅ​មាត់ទន្លេ​ក្បែរផ្លូវ​អ្នកតាចិន រីឯ​កីឡាបាល់ទាត់​ដែលជា​ការប្រកួត​មិត្តភាព​កម្ពុជា​វៀតណាម និង​កីឡាហែលទឹក​ឆ្លងទន្លេ​(១​គីឡូម៉ែត្រ​)​រៀប​នៅ​ថ្ងៃទី​១០ មីនា​។ ចំ​ណែ​កីឡា​ប្រណាំង​កង់​២០​គីឡូម៉ែត្រ និង​៤០​គីឡូម៉ែត្រ​, បាល់ទះ និង​ប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​១១ មីនា ខណៈ​កីឡា​ចំបាប់ និង​ទូក​កា​នូ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១១ មីនា​។   


 
​គូរ​រំលឹកថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៣ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ ផ្សារភ្ជាប់​ប្រជាជន និង​វប្បធម៌​»​នៅ​ខេត្តស្ទឹងត្រែង NOCC បានដាក់​កីឡា​ចំនួន​១១​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត និង​សម្តែង​។ កីឡា​ទាំងនោះ​រួមមាន​រត់​កម្សាន្ត​, ប្រណាំង​កង់​, បាល់ទាត់​, បាល់ទះ​, ល្បុក្កតោ​, រាំ​, ប្រដាល់​គុន​ខ្មែរ​, ចំបាប់​មហាជន​, វាយ​សី​, ទូក​កា​នូ និង​វាយ​ព្រ័ត្រ​៕    

Tag:
 ហែល​ទឹក​ឆ្លងទន្លេ​
  បុណ្យ​ទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com