ជាតិ
មានជីវិត​១​ខែ​១០​ថ្ងៃ ដង្កូវនាង​ប្ដូរ​ពណ៌​៦​ដង ហើយ​ផលិត​សរសៃសូត្រ​គុណភាព​ល្អ​លេខ​១
18, Feb 2018 , 3:00 pm        
រូបភាព
​ដង្កូវនាង​គឺជា​សត្វ​មួយ​ប្រភេទ​ដែល​គេ​ចិញ្ចឹម​ដើម្បី​យក​សរសៃសូត្រ ទៅ​ត្បាញ​ក្រមា សំពត់​ហូល ឬ​ផាមួង ជាដើម ហើយ​សូត្រ​ដែល​ចេញពី​ដង្កូវនាង​មានគុណ​ភាពល្អ​លេខ​១​។ អាយុកាល​របស់​ដង្កូវ​នាង​មាន​រយៈពេល​តែ​១​ខែ​១០​ថ្ងៃ​តែប៉ុណ្ណោះ វា​នឹង​ងាប់​ទៅវិញ ហើយ​ក្នុង​រយៈពេល​នេះ ខ្លួន​របស់​វា​ប្ដូរ​ពណ៌​រហូត​ទៅដល់​៦​ទៅ​៧​ដង​។

 
 
​មានបទពិសោធន៍​ចិញ្ចឹម​ដង្កូវនាង​រយៈពេល​៤​ឆ្នាំ អ្នកស្រី ថន ស្រី​ថា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey ទាក់ទង​នឹង​ការវិវត្ត​របស់​សត្វ​ដ៏​មាន​ប្រយោជន៍​មួយ​នេះ​។ អ្នកស្រី​បានបញ្ជាក់​ថា ជីវិត​របស់​ដង្កូវនាង​មាន​រយៈពេល​តែ​១​ខែ​១០​ថ្ងៃ​តែប៉ុណ្ណោះ​វា​នឹង​ងាប់​ទៅវិញ​។ ក្នុង​រយៈពេល​នេះ ដង្កូវនាង​ប្ដូរ​ពណ៌​រហូត​ទៅដល់​៦​ដង​។ កាល​នៅជាព​ង​មេអំបៅ​នៅឡើយ​វា​ប្ដូរ​ពណ៌​៣​ដង មាន​ពណ៌​លៀង ពណ៌​ស និង​ពណ៌​ខ្មៅ ដល់​ញាស់​ជា​កូន​ដង្កូវនាង​វា​ប្ដូរ​ពណ៌​៣​ដង​ទៀត គឺ​ពណ៌​ខ្មៅ ស និង លឿង​វិញ​។ 


 
​បើ​ដ​ង្កូ​នាង​ឈឺ វា​នឹង​ប្ដូរ​ទៅ​ពណ៌​ក្រហម ដំណើរការ​នៃ​ការ​ធំ​លូតលាស់​របស់​វា គឺមាន​រយៈពេល​តែ​១​ខែ​៨​ថ្ងៃ​តែប៉ុណ្ណោះ ហើយ​វា​នឹង​ប្ដូរ​ទៅ​ពណ៌​លឿង​ដែល​គេ​អាចយ​កវា​ទៅ​ដាក់​ក្នុង​សម្បុក ដើម្បី​ឲ្យ​វា​បញ្ចេញ​ទឹកមាត់​ផលិត​ជា​សរសៃសូត្រ​។​


 
​អ្នកស្រី ស្រី​ថា បាន​ពន្យល់ថា ក្នុងដំណាក់កាល​នេះ គេ​ត្រូវ​ចាប់​ដង្កូវនាង​ទៅ​ដាក់​ក្នុង​សម្បុក​ដែល​គេ​បាន​ចងទុក​រួចជាស្រេច ហើយ​ដង្កូវនាង​ជា​អ្នករក​កន្លែង​កាច់​សម្បុក ដែល​ចេញពី​ទឹកមាត់​របស់​វា​ដោយ​ខ្លួនឯង​។ ប្រសិនបើ​ដល់​អាយុ​ដង្កូវនាង​អាច​ផលិត​សរសៃសូត្រ​បាន​ហើយ គេ​មិនបាន​យក​វា​ទៅ​ដាក់​ក្នុង​សម្បុក​ទេ នោះ​ដង្កូវនាង​នឹង​បញ្ចេញ​ទឹកមាត់ មក​ខាងក្រៅ​ដោយ​មិនអាច​កាច់​ជា​សម្បុក​បាន ហើយ​ទឹកមាត់​នោះ​មាន​ពណ៌​ស ដែល​វា​មាន​គុណភាព​ទាប​។ 



​អ្នកស្រី ថន ស្រី​ថា បញ្ជាក់​៖ « ពេល​ដង្កូវនាង​បាន​១​ខែ​៨​ថ្ងៃ ខ្លួន​វា​ឡើង​ពណ៌​លឿង យើង​យកទៅដាក់​ក្នុង​សម្បុក​ដែល​ចង​ស្រាប់ នោះ​វា​នឹង​បញ្ចេញ​ទឹកមាត់​ពណ៌​លឿង  បើ​មិន​ដាក់​ក្នុង​សម្បុក​ទេ វា​នឹង​ខ្ជាក់​ទឹកមាត់​ចេញមក​ពណ៌​សគុណ​ភាព​អត់​ល្អ​ទេ​»​។​
 
​បន្ទាប់ពី​ដាក់​ក្នុង​សម្បុក​រយៈពេល​១​យប់​១​ថ្ងៃ គេ​អាច​ប្រមូល​ផល​ពី​ដង្កូវនាង​បាន​ហើយ​។ អ្នក​ចិញ្ចឹម​ដង្កូវនាង​រូបនេះ​បញ្ជាក់ថា ដង្កូវនាង​ពូជ​មួយ​ចង្អេរ គេ​អាច​ប្រមូល​ផល​មកវិញ​បាន​ប្រមាណ ២០​ទៅ​៣០     ចង្អេរ​សម្បុក​ដង្កូវនាង​វិញ​។ រាល់​ការប្រមូល​ផល​សម្បុក​ដង្កូវនាង គេ​ត្រូវ​បែងចែក​ពាក់កណ្ដាល​នៃ​ផលិតផល​សរុប​យកទៅ​ផលិត​ជា​សរសៃសូត្រ ហើយ​ពាក់កណ្ដាល​ទៀត​ទុក​ធ្វើ​ពូជ​បន្ត​។  



​សម្បុក​ដង្កូវនាង​ដែល​គេ​យកទៅ​ចម្រាញ់​ជា​សរសៃសូត្រ​នោះ គឺ​គេ​យក​សម្បុក​ដង្កូវនាង​ដែលមាន​ដង្កូវនាង​នៅ​ពី​ក្នុង យកទៅ​ដាំ​ក្នុង​ទឹក​ក្ដៅ​ឱ្យ​ពុះ បន្ទាប់មក​គេ​យក​ស្លឹក​មន​យកទៅ​ជ្រលក់​ក្នុង​ទឹក​ក្ដៅ​ថ្ម​មៗ សរសៃសូត្រ​នឹង​ជាប់​តាម​មក នោះគេ​អាច​រវៃ​យក​សូត្រ​បាន​ហើយ​។ 
 
​អ្នកស្រី ថន ស្រី​ថា ពន្យល់​បន្ថែមថា​៖ «​បន្ទាប់ពី​យើង​ប្រមូល​សម្បុក​ដង្កូវនាង​រួចហើយ យើង​យក​វា​ទៅ​ស្ងោរ​ក្នុង​ទឹក​ក្ដៅ យើង​អាច​យក​សូត្រ​ពី​វា​បាន​ហើយ​។ ក្នុង​មួយ​ចង្អេរ​សម្បុក​ដង្កូវនាង អាច​ចម្រាញ់​ជា​សរសៃសូត្រ​បាន​ប្រមាណ​៤​គីឡូ​»​។​
 
​ចំណែកឯ​ដង្កូវនាង​ដែល​ទុក​សម្រាប់ធ្វើ​ពូជ​បន្ត​នោះ គេ​ទុក​វា​នៅក្នុង​សម្បុក រយៈពេល​៨​ថ្ងៃ​ទៀត​ក្រោយពី​កាច់​សម្បុក​។ នៅ​ថ្ងៃទី​៨​មេអំបៅ នឹង​ខាំ​សម្បុក​ចេញ​ដោយ​ខ្លួនឯង បន្ទាប់ពី​ចេញពី​សម្បុក​វា​នឹងរ​កញី​រក​ឈ្មោល​ដើម្បី​បង្កាត់​ពូជ​ជាថ្មី​។ មេអំបៅ​ដែល​ក្លាយ​ពី​ដង្កូវនាង​នេះ ស្លាប​របស់​វាទ​ន់ មិនអាច​ហើយ​ទៅណា​បានឡើយ បន្ទាប់ពី​ពង​រួច​បាន​ប្រមាណ​១​ឬ​២​ថ្ងៃ មេអំបៅ​ទាំង​អស់វា​នឹង​ងាប់​ដោយ​ខ្លួន​វា​។ បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ស្រី​ថា ដែលមាន​បទពិសោធន៍​ចិញ្ចឹម​ដង្កូវនាង​៤​ឆ្នាំ​មកហើយ​នោះ ថា​ក្នុង​មេអំបៅ​មួយ​ក្បាល ជាធម្មតា​វា​អាច​ពង​បាន​១០០​ពង មិនតិច​ឬ​ច្រើនជាង​នេះឡើយ​។ 
 


​ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូបនេះ​បន្តថា ការថែទាំ​ដង្កូវនាង​ក៏មាន​ការលំបាក​ណាស់ដែ​រ ព្រោះ​សត្វ​នេះ​វាចា​ញ់​អាកាសធាតុ​ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង ជាពិសេស​វា​ចាញ់​ក្លិនក្រអូប​។ អាការ​ដែល​អាច​សម្គាល់​បាន​ថា​ដង្កូវនាង​កំពុងតែ​ទទួលរង​សម្ពាធ​នោះ គឺ​នៅពេលដែល​ខ្លួន​របស់​វា​ឡើង​ពណ៌​ក្រហម មកដល់​ដំណាក់កាល​នេះ ដង្កូវនាង​អាច​នឹង​ងាប់​បាន​។ នៅពេលដែល​អាកាសធាតុ​ក្ដៅ​ពេក គេ​ត្រូវយក​ចង្អេរ​មក​គ្របពីលើ ហើយ​យក​កំណាត់សំពត់​មក​គ្របពីលើ​ឱ្យបាន​ច្រើន​ជាន់​ទៀត បើ​អាកាសធាតុ​ត្រជាក់​វិញ វា​មិនសូវ​ប៉ះពាល់​ប៉ុន្មាន​ទេ ព្រោះ​នៅ​កម្ពុជា​មិនសូវ​ត្រជាក់​ខ្លាំង​។​
 
​ជាធម្មតា ដង្កូវនាង​ស៊ី​តែ​ស្លឹក​មន​តែប៉ុណ្ណោះ ហើយ​ក្នុង​មួយថ្ងៃ​វា​ស៊ី​៣​ដង បន្ទាប់ពី​បាន​អាយុ​១​ខែ​៨​ថ្ងៃ ពោលគឺ​នៅពេល​គេ​ដា​ក់វា​ក្នុង​សម្បុក​ហើយ វា​មិន​ស៊ី​ចំណី​ទៀត​ទេ គឺ​វា​បញ្ចេញ​ទឹកមាត់​មក​ផលិត​សរសៃសូត្រ​វិញ​ម្ដង​៕
 

Tag:
 ដង្កូវនាង​
  សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com