រដ្ឋាភិបាលជប៉ុនតាមរយៈគម្រោងជំនួយឥតសំណង សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) បានផ្ដល់ថវិកាសរុបចំនួន ៣៤២,៦៦៣ដុល្លារអាមេរិក ដល់ដើម្បីកែលម្អបរិស្ថាននៃការសិក្សាសម្រាប់កុមារពិការ និងសាងសង់អាគារមន្ទីពេទ្យ តាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា គម្រោងសាងសង់ភូមិសហគមន៍សាមគ្គីធម៌ម៉ារីសកម្ពុជា នៅខេត្តកណ្ដាល ចំណាយទឹកប្រាក់ចំនួន ៧២,១៧៩ដុល្លារ។ គម្រោងនេះនឹងសាងសង់អាគារសិក្សាថ្មី ៣បន្ទប់ ហើយតភ្ជាប់ផ្លូវប្រវែង ២២៥ម៉ែត្រ ជាកន្លែងដែលអង្គការជួយឧបត្ថម្ភដល់កុមារ និងយុវជនពិការភាព ដែលមានសិស្សប្រមាណ ៨០នាក់ ជារៀងរាល់ឆ្នាំ។
គម្រោងសាងសង់អាគារផ្នែកជំងឺទូទៅ និងជំងឺកុមារក្នុងមន្ទីពេទ្យបង្អែកបាទី ខេត្តតាកែវ ចំណាយទឹកប្រាក់ចំនួន ៩០,៧១២ដុល្លារ។ ដោយរំពឹងថា អាគារថ្មីនេះ នឹងមានអ្នកជំងឺសម្រាកព្យាបាលទូទៅ ប្រមាណ ២,១០០នាក់ និងផ្នែកជំងឺកុមារ ៥៥០នាក់ អាចទទួលបាននូវសេវាសុខាភិបាលក្នុងបរិស្ថានវេជ្ជសាស្ត្រកាន់តែប្រសើរជាងមុន។
គម្រោងសាងសង់អាគារជំងឺទូទៅក្នុងមន្ទីរពេទ្យកោះញែក ខេត្តមណ្ឌលគិរី ចំណាយទឹកប្រាក់ចំនួន ៨៩,៧០០ដុល្លារ។ គម្រោងនេះ នឹងជួយលម្អបរិស្ថានវេជ្ជសាស្ត្រ ហើយនិងលើកកម្ពស់សមត្ថភាពផ្នែកផ្សេងៗទៀតនៃមន្ទីរនេះ។ ដោយរំពឹងថា ប្រជាជនប្រមាណ ១៨,០០០នាក់អាចទទួលសេវា ល្អជាងមុន។
រីឯគម្រោងសាងសង់អាគារសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកបារាយណ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណាយទឹកប្រាក់ចំនួន ៩០,០៧២ដុល្លារ។ គម្រោងសាងសង់អាគារសង្គ្រោះបន្ទាន់ថ្មីនេះ នឹងជួយកែលម្អបរិស្ថានវេជ្ជសាស្ត្រអគារចាស់ ជាមួយគ្នានេះដែរ រំពឹងថា នឹងមានអ្នកជំងឺប្រមាណ ១,១០០នាក់ ជារៀងរាល់ឆ្នាំអាចទទួលសេវាសង្គ្រោះបន្ទាន់។
ក្រោយពិធីចុះហត្ថលេខា ផ្ដល់ថិវិកាឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខជាតិ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា គម្រោងទាំងនេះ នឹងជួយកែលម្អធ្វើឲ្យប្រសើរឡើងនូវបរិស្ថានសម្រាប់កុមារ និងយុវជនពិការភាព។ លោក បន្តថា អាគារសាងសង់ថ្មី ផ្នែកជំងឺទូទៅ និងជំងឺកុមារ ហើយនិងអាគារសង្គ្រោះបន្ទាន់ នឹងមានមានមនុស្សជាច្រើនទទួលបានសេវាថែទាំសុខភាពល្អប្រសើរជាងមុនដែលមានការយកចិត្តទុកដាក់ ហើយជួយកែលម្អវេជ្ជសាស្ត្រ ព្រមទាំមលើកកម្ពស់សមត្ថភាពពេទ្យផ្នែកផ្សេងៗផងដែរ។
គម្រោងជំនួយគូសាណូណិរបស់ជប៉ុននេះ បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ១៩៩១។ មកដល់ពេលនេះជប៉ុនបានផ្ដល់ថិវកាដល់កម្ពុជា តាមរយៈគម្រោងជំនួយមានថវិកាសរុបជាង ៥៧លានដុល្លារអាមេរិកហើយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនិងស្ថាបនានៅតាមមូលដ្ឋានប្រទេសកម្ពុជាឡើងវិញ។
រីឯជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមពីឆ្នាំ២០០២ សម្រាប់គាំទ្រដល់សកម្មភាពនៃអង្គការក្រៅរដ្ឋាភិបាលប៉ុន ក្នុងការប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ដែលមានថវិកាសរុបជាង ៣០លានដុល្លារ។ ជំនួយទាំងនេះ សម្រាប់ទ្រទ្រង់គម្រោងចំនួន ១០៥ ដោយផ្ដោតសំខាន់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន៕