អន្តរជាតិ
បុរស​បែ​ល​ហ្សិ​ក​ម្នាក់​ក្លាយជា​មហាសេដ្ឋី​ពិភពលោក​រយៈពេល​២ ទៅ​៣​ម៉ោង​
18, Feb 2018 , 9:00 pm        
រូបភាព
ដោយ: ធីតា
​លោក Luc Mahieux ដែលជា​មន្ត្រី​ធម្មតា​ម្នាក់​នៅ​សភា​បែលហ្ស៊ិក បាន​ក្លាយជា​មហាសេដ្ឋី​ពិភពលោក​រយៈពេល​៣ ទៅ​៤​ម៉ោង ជាមួយនឹង​ប្រាក់​២​ទ្រី​លាន (២ ០០០ ០០០ ០០០ ០០០) អឺរ៉ូ ឬ​ជាង​២០០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ករណីនេះ បាន​កើតឡើង​ដោយសារតែ​កំហុស​បច្ចេកទេស​ដែល​បង្កឡើង​ដោយ​បុគ្គលិក​ធនាគារ​។​

 
«​តើ​កាត​ឥណ​ពន្ធ (Debit Card) និង កាត​ឥណទាន (Credit Card)? ហេតុអ្វី​មាន​លេខ​នៅខាងមុខ​ច្រើន​ម្ល៉េះ​? ខ្ញុំ​ត្រូវ​ទូរ​សព្ទ​ទៅ​សួរ​ខាង​ធនាគារ​»​។ លោក Luc Mahieux បាន​សរសេរ​បែបនេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​របាយការណ៍​ទឹកប្រាក់​ក្នុង​គណនី​រហូតដល់​ទៅ​២​ទ្រី​លាន​អឺរ៉ូ​។​
 
​ទឹកប្រាក់​មហាសាល​ដែល​ត្រូវបាន​ដាក់ចូល​ក្នុងគណ​នី​ធនាគារ​របស់ លោក Luc Mahieux ជិត​ស្មើ​ចំនួន​កំណើន​ផលិតផល​សរុប​ក្នុងប្រទេស​បែលហ្ស៊ិក រហូតដល់​ទៅ​៥​ដង​។​
 
​បុរស​ជនជាតិ​បែលហ្ស៊ិក​ដែលមាន​ជីវភាព​ដ៏​សាមញ្ញ​នៅ​ក្រុង Dinant បាន​អះអាងថា លោក​បាន​ជាវ​ទំនិញ​តាមរយៈ​ក្រុមហ៊ុន​អន​ឡាញ​មួយ ហើយ​ក្រោយមក គណនី​របស់លោក​រង​ការ​កាត់ទឹក​ប្រាក់ ៣៤.៩០​អឺរ៉ូ​ដោយ​ស្វ័យប្រវត្តិ​អស់​រយៈពេល​៣​ខែ​ជាប់​គ្នា​។​
 
​ដោយ​យល់ថា មិនមាន​សុវត្ថិភាព លោក Mahieux បាន​ទាក់ទង​ទៅខាង​ធនាគារ​ឲ្យ​បញ្ឈប់​ការ​កាត់​ប្រាក់​ស្វ័យប្រវត្តិ​ចំនួន​៣៤.៩០​អឺរ៉ូ (​ឬ​៣៥​អឺរ៉ូ​) ពី​គណនី​របស់លោក និង​ទាមទារ​ប្រាក់​៣៤.៩០​អឺរ៉ូ នោះមក​វិញ​។​
 
​ភាគី​ធនាគារ​បានបញ្ជាក់​ថា ហាង​ទំនិញ​អន​ឡាញ​នោះ​មាន​បញ្ហា​។ ប៉ុន្តែ​ក្រោយ​ទាក់ទង​រួច ស្រាប់តែ​គាត់​បានឃើញ​ប្រាក់​រហូតដល់​ទៅ ២ ០០០ ០០០ ០០០ ៣៤៩ អឺរ៉ូ​នៅក្នុង​គណនី​របស់ខ្លួន ជំនួស​ឲ្យ ៣៤.៩០​អឺរ៉ូ ដែល​ខ្លួន​ទាមទារ​។​
 
​ដោយ​គិតថា ជា​កំហុស​របស់ខ្លួន លោក​បាន​ទាក់ទង​នឹង​ខាង​ធនាគារ​ពិនិត្យឡើងវិញ ហើយ​ក្រោយមក​ទើប​ដឹងថា វា​ជា​កំហុស​បច្ចេកទេស​របស់​បុគ្គលិក​ធនាគារ​។ ទឹកប្រាក់​ដ៏​មហាសាល​ក៏ត្រូវ​ដកចេញ​ពី Visa  Card របស់លោក Mahieux ផងដែរ​។​
 
​បច្ចុប្បន្ន លោក Mahieux បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​ពិភពលោក ផ្លេក​បន្ទរ ប៉ុន្តែ​បុរស​ម្នាក់នេះ បានសម្រេច​ចិត្ត​ឈប់​ប្រើ​ប្រា​ស់ Visa Card នោះ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​៕

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com