អន្តរជាតិ
អ៊ីរ៉ង់៖ មនុស្ស ៦៦នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ រូបភាពតំណាង៖ យន្តហោះ ATR របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ( Iran Aviation)
× យន្តហោះមួយគ្រឿងម៉ាក ATR 72 ដែលដឹកអ្នកដំណើរ ៦០ នាក់បានធ្លាក់នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ពេលកំពុងធ្វើដំណើរចេញពីរដ្ឋធានី តេអ៊ីរ៉ង់ ទៅកាន់ទីក្រុង Yasuf នៅថ្ងៃអាទិត្យ ទី ១៨ ខែកុម្ភៈនេះ។ គេរាយការណ៍ថា អ្នកដំណើរនៅលើយន្តហោះទាំងអស់ស្លាប់បាត់បង់ជីវិតក្រោយករណីធ្លាក់នេះ។ នេះបើយោងតាមទីភ្នាក់ងារ AFP។
យន្តហោះ ATR 72 ខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍ Aserman ហើយវាបានធ្លាក់នៅត្រង់តំបន់ភ្នំស្ថិតនៅចម្ងាយប្រហែល ៦២០ គីឡូម៉ែត្រពីរដ្ឋធានី តេអ៊ីរ៉ង់ ហើយនៅតំបន់នោះសម្បូរដោយអ័ព្ទផ្សែងខ្លាំងដែរ។ បើតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ Press TV ចំនួនអ្នកដំណើរលើយន្តហោះមាន ៦០នាក់ ហើយបុគ្គលិកបម្រើការងារលើយន្តហោះនោះមាន ប្រាំមួយនាក់ផ្សេងទៀតផង។ ដូច្នេះសរុបទាំងអស់ ៦៦នាក់។
បើតាមអាជ្ញាធរអ៊ីរ៉ង់ ប្រភេទយន្តហោះ ATR នេះជាយន្តហោះសម្រាប់ការធ្វើដំណើរដែលមានរយៈចម្ងាយខ្លី ហើយទាក់ទិនមូលហេតុពិតប្រាកដដែលបណ្តាលឲ្យយន្តហោះធ្លាក់នោះនៅមិនទាន់កំណត់បាននៅឡើយទេ។ ឥឡូវនេះ ការស៊ើបអង្កេតកំពុងបន្តនៅឡើយ។
យ៉ាងណាក៏ដោយចុះ ដោយស្ថិតក្រោមទណ្ឌកម្មសហគមន៍អន្តរជាតិក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ យន្តហោះសម្រាប់ដឹកអ្នកដំណើរអ៊ីរ៉ង់មានសភាពទ្រុឌទ្រោមបន្តិច ហើយគេសង្កេតឃើញមានករណីគ្រោះថ្នាក់កើតឡើងញឺកញាប់់ដែរប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕ © រក្សាសិទ្ធិដោយ thmeythmey.com