ជាតិ
ឆ្នាំ​២០១៧ ភូមិ​សរុប​ទូទាំងប្រទេស​ប្រមាណ ៨២​ភាគរយ​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​
18, Feb 2018 , 9:30 pm        
រូបភាព
រូបភាព ហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល
រូបភាព ហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល
ដោយ:
​ឆ្នាំ​២០១៧​នេះ កម្ពុ​ជាមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ឲ្យ​ភូមិ​ប្រមាណ ១១៥,៥៨ លើ​ចំនួន​ភូមិ​សរុប ១៤១,៦៨​ស្មើនឹង ៨១,៥៨​ភាគរយ នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស និង​បាន​ភ្ជាប់​ដល់​លំនៅដ្ឋាន​ប្រមាណ ៦៨,៥០​ភាគរយ លើ​ខ្នង​ផ្ទះ​សរុប​ទូទាំងប្រទេស ដែលមាន​ថាមពល​សរុប ២២០,១៩៣​មេ​ហ្គា​វ៉ា​ត់ មកពី​គ្រប់​ប្រភព​វា​រី​អគ្គីសនី​ចំនួន​៧ ក្នុងប្រទេស និង​ក្រៅ​។ នេះ​បើ​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល​។​
 
 
​ក្នុងជំនួប​កិច្ចពិភាក្សា​ជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ នៅ​ទីស្ដីការក្រសួង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា ប្រភព​វា​រី​អគ្គិសនី​ចំនួន​៧ ក្នុងនោះ​មាន ១៣២,៩៧០​មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ៥៧៨ មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ២៥១​មេ​ហ្គា​វ៉ា​ត់​, ថាមពល​ករ​កើត​ឡើងវិញ ៧២២,៧ មេ​ហ្គា​វ៉ា​ត់​, ថាមពល​អគ្គិសនី​ចែកចាយ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តូចៗ ១០​មេ​ហ្គា​វ៉ា​ត់ និង​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេសជិតខាង​នា​រដូវប្រាំង មាន​ប្រទេស​ថៃ ១៣៥,៥​មេ​ហ្គា​វ៉ា​ត់​, វៀតណាម ២៧៧​មេ​ហ្គា​វ៉ា​ត់ និង​ឡាវ ៤​មេ​ហ្គា​វ៉ា​ត់​។ 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង លោក ស៊ុយ សែម បាន​ថ្លែង​ទៅកាន់​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ថា កន្លងមក​អាល្លឺម៉ង់ បាន​ជួយ​ដល់​វិស័យ​ថាមពល​នៅ​កម្ពុជា​ក្នុងនោះ​មានដូចជា គម្រោង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី តាកែវ កំពត និង​គម្រោង​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ភាគខាងត្បូង​កម្ពុជា ដែល​ទទួល​ថវិកា​ពី​ឥណទាន​នៃ​ធនាគារ​អភិវឌ្ឍ​ន៏​អាល្លឺម៉ង់​ប្រមាណ ២៨,៨២០,១៩១​ដុល្លា​អាមេរិក​។​
 
​គម្រោង​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​ដល់​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ បានចាប់ផ្ដើម​ពី​ឆ្នាំ​២០១៥-២០២០ ដែលមាន​ទឹកប្រាក់​ប្រមាណ ១៥,៥​លាន​ដុល្លា​អាមេរិក ហើយ​និង​គម្រោង​កំពុង​ដំណើការ​សិក្សា​សមិទ្ធិ​លទ្ធភាព Energy Efficiency in Rural power supply នៅ​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។ នេះ​តាម​ការបន្ថែម លោក ស៊ុយ សែម​៕
 
 

Tag:
 អគ្គិសនី​
 ​ស៊ុយ សែម​
© រក្សាសិទ្ធិដោយ thmeythmey.com