អន្តរជាតិ
ចិនទាមទារការដាក់ទោសធ្ងន់ធ្ងរលើបុរសអាមេរិកដែលបានលួចម្រាមដៃ Terracotta រូបសំណាក មុន និងក្រោយបាត់ម្រាមដៃ។ រូបថត South China Morning Post
× បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Michael Rohana អាយុ២៤ឆ្នាំ ត្រូវបានកាត់ទោសកាលពីដើមខែកន្លងមកពីបទបង្កឲ្យខូចខាត និងលួចម្រាមដៃឆ្វេងរបស់រូបសំណាកកងទ័ពសេះ Terracotta របស់ចិន ដែលត្រូវបានដាក់តាំងពិព័រណ៌នៅវិទ្យាស្ថាន Franklin ក្នុងរដ្ឋ Philadelphia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ។
ខណៈដែលសារមន្ទីរអាមេរិក បានធ្វើការសុំទោសជាសាធារណៈ មន្ត្រីម្នាក់របស់មជ្ឈមណ្ឌល Cultural Heritage Promotion Center របស់ខេត្ត Shaanxi ក៏ទាមទារឲ្យវិទ្យាស្ថាន Franklin សងការខូចខាតចំពោះរូបសំណាកដែលមានអាយុកាលជាង២០០០ឆ្នាំនោះផងដែរ។
បើតាមការផ្សាយរបស់ Beijing Youth Daily មជ្ឈមណ្ឌលវប្បធម៌ខេត្ត Shaanxi ជាអ្នកដែលបាននាំយករូបសំណាកទ័ពសេះ Terracotta ចំនួនទៅតាំងពិព័រណ៌នៅអាមេរិក។ ពួកគេបានទាមទារសំណងខូចខាតដែលមានតម្លៃ ៤.៥លានដុល្លារអាមេរិក។ រូបសំណាកទ័ពសេះ Terracotta របស់ចិន ចំនួន១០ ត្រូវបានដាក់តាំងបង្ហាញនៅរដ្ឋ Philadelphia តាំងពីខែកញ្ញាមកម្ល៉េះ។
Rohana ដែលមកពីរដ្ឋ Delaware បានចូលរួមទស្សនាពិព័រណ៌នោះជាមួយមិត្តភក្តិពីររូបទៀត។ តាមកាម៉េរ៉ាសុវត្ថិភាព យុវជនអាមេរិករូបនោះ បានថត Selfie នៅកៀកនឹងរូបសំណាក ហើយឆ្លៀតពេលលួចកាច់ម្រាមដៃ Terracotta ដាក់ក្នុងហោប៉ៅ រួចក៏ដើរចេញទៅ។
ក្រោយការស៊ើបអង្កេតរបស់ភ្នាក់ងារ FBI ចោររូបនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ។ ប៉ុន្តែ Rohana ត្រូវបានដោះលែងក្រោយបង់ប្រាក់ធានាចំនួន១៥០០០ដុល្លារអាមេរិក ព្រមទាំងការដកហូតលិខិតឆ្លងដែន។
ចិនមិនអាចបញ្ចប់រឿងនេះស្រួលៗនោះឡើយ ដោយពួកគេបានបញ្ជាក់ថា វាជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ ដោយពួកគេធ្លាប់ដាក់តាំងពិព័រណ៌ជាង២៦០លើក នៅប្រទេសជាង៦០នារយៈពេល៤០ឆ្នាំចុងក្រោយនេះ។ វាជាករណីបាត់បង់ដំបូងបំផុតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com