អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​៖ យើង​កំពុង​ស្ដាប់​កូរ៉េខាងជើង​និយាយថា «​តោះ​! ចរចា​»
19, Feb 2018 , 11:22 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក រិច ធីល័រសិន (រូបភាព៖ AFP)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន និយាយ​ក្នុង​កិច្ច​សម្ភាស​មួយ​ថា អាមេរិក​កំពុង​ស្ដាប់​សញ្ញា​ចង់​ចរចា​របស់​កូរ៉េខាងជើង​។ ក្នង​ន័យ​នេះ លោក ធី​ល័​រ​សិន ចង់​ប្រាប់​កូរ៉េខាងជើង​ថា បាល់​កំពុង​នៅក្រោម​ជើង​របស់​ក្រុង​ព្យុងយ៉ាង ហើយ​ការចរចា​អាច​ចាប់ផ្ដើម​នៅពេលណា គឺ​អាស្រ័យ​លើ​ក្រុង​ព្យុងយ៉ាង​ប៉ុណ្ណោះ​។ លោក ធី​ល័​រ​សិន និយាយ​ដូចនេះ ខណៈដែល​ទំនាក់ទំនង​អន្តរ​កូរ៉េ​ល្អ​កំពុង​ប្រសើរ ដែល​គេ​ជឿថា អាច​នាំ​ដល់​ការជួប​មុខ​ផ្ទាល់​រវាង​អាមេរិក និង​កូរ៉េខាងជើង​មិន​ខាន​។​



​ក្នុង​កម្មវិធី 60 Minutes របស់​ទូរទស្សន៍ CBS រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បានប្រកាស​ជំហរ​របស់​អាមេរិក​ក្នុងការ​បើកទ្វារ​ចរចា​ជាមួយ​កូរ៉េខាងជើង​លើ​សំណុំរឿង​នុយក្លេអ៊ែរ​។ បើតាម​លោក ធី​ល័​រ​សិន ក្នុងនាម​ជា​ប្រមុខ​ការទូត ការងារ​របស់លោក គឺ​ធានាថា ទ្វារ​ចរចា​នៅតែ​បើកចំហ​សម្រាប់​កូរ៉េខាងជើង​។ ប៉ុន្តែ ការជជែក​គ្នា​នឹង​ចាប់ផ្ដើម​នៅពេលណា គឺ​កូរ៉េខាងជើង​ជា​អ្នកសម្រេចចិត្ត ឯ​អាមេរិក​កំពុង​រង់ចាំ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​កិច្ច​សម្ភាស​ដែល​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ លោក ធី​ល័​រ​សិន បញ្ជាក់ថា លោក​កំពុង​ចាំ​ស្ដាប់​កូរ៉េខាងជើង​ប្រាប់ថា ខ្លួន​ត្រៀម​រួចរាល់​ដើម្បី​ចរចា​។ នៅ​ខណៈ​នេះ អាមេរិក​មិន​ផ្ញើ​សារ​អ្វី​ច្រើន​ទៅ​ឲ្យ​កូរ៉េខាងជើង​ឡើយ ព្រោះ​អាមេរិក​បាន​និយាយ​ច្រើនណាស់​ហើយ​លើ​បញ្ហា​នេះ​។ ខណៈដែល​ទំនាក់ទំនង​អន្តរ​កូរ៉េ​កំពុង​រីកចម្រើន​នោះ ប្រមុខ​ការទូត​អាមេរិក​អាមេរិក​រូបនេះ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា កូរ៉េខាងជើង​នឹង​ងាក​ចូល​តុ​ចរចា​មិន​ខាន​។​

​ទោះជា​អាមេរិក​ចំហ​ទ្វារ​សម្រាប់​កូរ៉េខាងជើង​មែន លោក ធី​ល័​រ​សិន ប្រកាសថា អាមេរិក​មិនមាន​សម្បទាន​អ្វី​ដើម្បី​អូសទាញ​កូរ៉េខាងជើង​ឲ្យ​ចូល​តុ​ជជែក​ផ្ទាល់​ជាមួយ​អាមេរិក​ឡើយ​។ មន្ត្រីការទូត​អាមេរិក​រូបនេះ​បាន​ប្រៀបធៀប​ថា អាមេរិក​មិនបាន​យក​ការ៉ុត​ដើម្បី​ធ្វើធ្នាក់​ទាក់​កូរ៉េខាងជើង​ឡើយ តែ​កំពុង​ប្រើ​ដំបង​ដ៏​ធំ​មួយ​។ លោក​ចង់​សំដៅ​ដល់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​លើ​កូរ៉េខាងជើង ដែល​លោក​អះអាងថា កំពុង​បញ្ចេញ​ប្រសិទ្ធភាព​។​

​តាមពិតទៅ ក្រុង​វ៉ាស៊ីនតោន​ក៏​ធ្លាប់​និយាយ​ច្រើនលើក​ហើយ​លើ​រឿង​ចរចា​នេះ ហើយក៏​ត្រៀម​រួចខ្លួន​ជជែក​ជាស្រេច​ដែរ ក្នុងករណី​ក្រុង​ព្យុងយ៉ាង​ចង់​ចរចា​ដោយស្មោះ និង​មានន័យ​។ យ៉ាងណាមិញ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​បង្ហាញ​ជំហរ​របស់ខ្លួន​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ មុននឹង​ការ​ចរ​ចាប់ផ្ដើម​។ និយាយ​បែប​ផ្សេង អាមេរិក​ចង់​ឲ្យ​មានការ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​ឈប់​សាកល្បង​មី​ស៊ី​ល​សិន ទើប​ការចរចា​ដំណើការ​បាន​។​

​ចំណែកឯ​ប្រធានបទ​ចរចា​វិញ លោក ធី​ល័​រ​សិន លើកឡើងថា កូរ៉េខាងជើង​ដឹង​ហើយ​ថា ត្រូវយក​អ្វី​ដាក់​លើ​តុ​ចរចា​។ ប៉ុន្តែ​កូរ៉េខាងជើង​ឯណោះ​ក៏​ធ្លាប់​ប្រកាស​ក្ដែ​ងៗ​ហើយ​ថា កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល មិនមែនជា​កម្មវត្ថុ​សម្រាប់​ការចរចា​ណាមួយ​ឡើយ ព្រោះ​ជា​អាយុជីវិត​របស់ខ្លួន​។ បើ​ការចរចា​និយាយ​ពី​រឿង​នុយក្លេអ៊ែរ​នេះ កូរ៉េខាងជើង​មិន​ចរចា​ដាច់ខាត​។ ម្យ៉ាង​កូរ៉េខាងជើង​ក៏​មិន​ចង់​និយាយ​ជាមួយ​អាមេរិក​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  រិច ធី​ល័​រ​សិន
© រក្សាសិទ្ធិដោយ thmeythmey.com