ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្ត​ទៅដោយ​រលូន ខណៈ​CPP​មាន​សកម្មភាព​លេចធ្លោ​ជាងគេ​
19, Feb 2018 , 12:01 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ គឺមាន​រយៈពេល​៩​ថ្ងៃ​ហើយ ដែល​គណបក្សនយោបាយ​ចំនួន​៤ ត្រូវធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​។ ក្នុង​យុទ្ធនា​ការឃោសនា​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ទេ ដែល​ធ្វើ​សកម្មភាព​លេចធ្លោ​ជាងគេ ក្នុង​ស្វែងរក​ការគាំទ្រ​ពី​អង្គ​បោះឆ្នោត​ខ្លួន​។



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​វាយតម្លៃថា ការឃោសនាបោះឆ្នោត​ប្រព្រឹត្ត​ដោយ​រលូន ប្រកបដោយ​ភាពស្ងប់ស្ងាត់ ស្ថិរ​ភាពល្អ គ្មាន​ពាក្យបណ្ដឹង និង​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​ទេ​។ ប៉ុន្តែ​អ្វីដែល​គ​.​ជ​.​ប កត់សម្គាល់​នោះ គឺ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​ធ្វើ​សកម្មភាព​ឃោសនា​ជា​បន្តបន្ទាប់ ។​

​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​បញ្ជាក់ថា ក្នុង​យុទ្ធនា​ការឃោសនា​នេះ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនសូវមាន​សកម្មភាព​អ្វី​ច្រើន​ឡើយ​។ គ​.​ជ​.​ប ទុកពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ ដល់ ២៣ ខែកុម្ភៈ សម្រាប់​ឲ្យ​គណបក្សនយោបាយ ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ខាងមុខ​។​
អត្ថបទទាក់ទង

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤​នេះ មាន​គណបក្ស​ចំនួន​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង នៅក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។ អង្គ​បោះឆ្នោត​ទាំង​២៥​រាជធានី​-​ខេត្ត សរុប​ចំនួន ១១,៦៩៥​នាក់​។​

​អាសនៈ​ព្រឹទ្ធសភា​មាន​៨​ភូមិភាគ ក្នុងនោះ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ មាន​៦​អាសនៈ​, ភូមិភាគ​ទី​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​, ភូមិភាគ​ទី​៣ ខេត្តកណ្តាល មាន​៥​អាសនៈ​, ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១0​អាសនៈ​, ភូមិភាគ​ទី​៥ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប មាន​៧​អាសនៈ​, ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ​, ភូមិភាគ​ទី​៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ​, ភូមិភាគ​ទី​៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​មណ្ឌលគិរី មាន​៦​អាសនៈ​៕



Tag:
 បោះឆ្នោត​
  ព្រឹទ្ធសភា​
  CPP
  ហ្វ៊ុនស៊ិនប៉ិច​
 ​យុវជន​កម្ពុជា​
 ​ខ្មែរ​រួបរួម​ជាតិ​)
© រក្សាសិទ្ធិដោយ thmeythmey.com