កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ អត្តពលិករុស្ស៊ីដែលឈ្នះមេដាយសំរិទ្ធ មានផ្ទុកសារធាតុហាមឃាត់
× អត្តពលិករុស្ស៊ីម្នាក់ដែលបានឈ្នះមេដាយសំរិទ្ធក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្រុងព្យុងឆាង (Pyeong Chang 2018) ប្រទេសកូរ៉េខាងត្បូង ត្រូវបានធ្វើតេស្តរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃគណៈប្រតិភូកីឡាអូឡាំពិករុស្ស៊ីនៅថ្ងៃចន្ទទី ១៩ ខែកុម្ភៈនេះ។
បើតាមការផ្សាយរបស់ The New York Times កីឡាករ Alexander Krushelnytsky ដែលបានប្រកួតប្រជែងលើវិញ្ញាសារ Curling ជាគូជាមួយប្រពន្ធរបស់គេគឺជាអត្តពលិករុស្ស៊ីដំបូងបង្អស់ដែលត្រូវបានស៊ើបអង្កេតរកឃើញថាមានប្រើប្រាស់សារធាតុហាមឃាត់ Meldonium នៅក្នុងព្រឹត្តិការណ៍ពូឡាំពិកឆ្នាំ២០១៨នេះ។
Meldonium ជាថ្នាំបេះដូងដើម្បីបង្កើនលំហូរឈាម និងសមត្ថភាពលំហាត់ប្រាណ ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៦មកម្លេះ ក្រោយរកឃើញលើអត្តពលិកជាច្រើនតាមរយៈការពិនិត្យទឹកនោម។
បើតាមការបញ្ជាក់របស់មន្ត្រីកីឡារុស្ស៊ី កីឡាករ Krushelnytsky បានចាកចេញពីភូមិកីឡាអូឡាំពិកហើយ និងបានប្រគល់មេដាយដែលខ្លួនទទួលបានត្រឡប់ទៅវិញបណ្តោះអាសន្នសិន ដោយរង់ចាំការធ្វើតេស្តលើកទីពីរដើម្បីបញ្ជាក់ឲ្យច្បាស់លាស់។
Krushelnytsky ជាអត្តពលិកទី២ហើយដែលជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុប៉ូវកំលាំង បន្ទាប់ពីកីឡាករប្រណាំងស្គីលើទឹកកក (short-track speed skater) របស់ជប៉ុន Kei Saito ត្រូវបានអាជ្ញាធរត្រួតពិនិត្យរកឃើញថារូបគេបានប្រើថ្នាំបញ្ចុះទឹកនោម Acetalozamide ហើយត្រូវក្រុមភ្នាក់ងារហាមឃាត់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៣នេះតែម្តង។
សូមបញ្ជាក់ថា តុលាការមជ្ឈត្តកម្មកីឡា (CAS) ដាក់ពិន័យអត្តពលិករុស្ស៊ីចំនួន៤៣នាក់ពីបទប្រើប្រាស់សារធាតុហាមឃាត់ (Doping) របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ក្រោយការប្តឹងឧទ្ធរណ៍ CAS បានលុបចោលការសម្រេចចិត្តរបស់ខ្លួនលើអត្តពលិកចំនួន២៨នាក់ ប៉ុន្តែពួកគេមិនមានសិទ្ធិប្រើប្រាស់ទង់ជាតិរបស់រុស្ស៊ីឡើយ។ អត្តពលិកទាំងនោះ ត្រូវបានហៅថាជា អត្តពលិកអូឡាំពិកពីរុស្ស៊ី (Olympic Athlete from Russia/OAR) ដែលជំនួសឲ្យការហៅថា អត្តពលិកជម្រើសជាតិរុស្ស៊ី។
ពេលទទួលបានមេដាយ ឬការអបអរផ្សេងៗ ពួកគេត្រូវប្រើទង់អូឡាំពិកជំនួសទង់ជាតិរុស្ស៊ី។ គិតត្រឹមការប្រកួតបាន៩ថ្ងៃ អត្តពលិក OAR ដណ្តើមបានមេដាយប្រាក់៣ និងសំរឹទ្ធ៨៕
Tag:
កីឡាអូឡាំពិក
Curling
Alexander Krushelnytsky
អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com