ជាតិ
ចូលឆ្នាំ​ចិន​៖ ទេសចរ​ជាង​៩​ម៉ឺន​នាក់មក​កម្សាន្ត​ខេត្តសៀមរាប​
19, Feb 2018 , 2:53 pm        
រូបភាព
​សៀមរាប​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៥ ដល់​១៧ ខែកុម្ភៈ មាន​ចំនួន​ជាង ៩​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​



​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍ ទេសចរ​សរុប​អំឡុង​បុណ្យចូលឆ្នាំ​ចិន មាន​ចំនួន ៩០,៨២៦​នាក់ កើនឡើង ១៣.៩៣​ភាគរយ​។ ក្នុងចំណោម ជាង ៩​ម៉ឺន​នាក់​នោះ មាន​ទេសចរ​បរទេស​ចំនួន ៣៥,០២៦​នាក់ កើនឡើង ១០.៧៥​ភាគរយ និង​ទេសចរ​ជាតិ ៥៦,៨០០​នាក់ កើន ១៥.៩២​ភាគរយ​។​

​ទោះ​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មិនបាន​បញ្ជាក់​ក៏ដោយ តែ​តាម​ការសង្កេត មុន​និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ ទេសចរ​បរទេស​ដែលមាន​ចំនួន​ច្រើនជាងគេ​នៅ​ខេត្តសៀមរាប គឺ​ជន​ជាតិចិន​។ ក្រៅពីនេះ ទេសចរ​អឺរ៉ុប​ក៏​រៀង​ងើបឡើង​វិញ​ដែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ចំនួន​នេះ ត្រូវបាន​មគ្គុទ្ទេសក៍​អះអាងថា ហាក់​មាន​ចំនួន​តិច​នៅឡើយ បើ​ធៀប​នឹង​ឆ្នាំទៅ​៕








Tag:
 ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com