អន្តរជាតិ
ថៃ​ស៊ើបអង្កេត​ករណី​ប៉ូលិស ៦០​នាក់​ទទួល​ហុង​ប៉ាវ​ពី​ម្ចាស់​បន​ល្បែង​
19, Feb 2018 , 4:39 pm        
រូបភាព
រូបភាព៖ Public Radio
រូបភាព៖ Public Radio
ដោយ: ថ្មីៗ
​ប៉ូលិស​ចំនួន ៦០​នាក់​ប្រចាំទីក្រុង​បាងកក ស្ថិតក្រោម​ការស៊ើបអង្កេត​ពិសេស ដោយសារ​ពួកគេ​បានទទួល​ហុង​ប៉ាវ​ពី​ម្ចាស់​បន​ល្បែង​មួយកន្លែង​។ រឿងអាស្រូវ​ទទួល​លុយ​ពី​ម្ចាស់​បន​ល្បែង​នេះ​ផ្ទុះឡើង ក្រោយ​អគ្គស្នងការ​ប៉ូលិស​ជាតិ​ថៃ​ដាក់បទបញ្ជា​មួយ​ហាមប្រាម​ប៉ូលិស​ទាំងអស់​យក​ហុង​ប៉ាវ​ពី​អ្នកជំនួញ​ចិន​ឡើយ​។​



​មេ​ប៉ូលិស​ប្រចាំ​តំបន់​ប្រាំពីរ​នៃ​ក្រុង​បាងកក  Boonyarit Rodma បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ពាក់ព័ន្ធ​ករណី​ទទួល​លុយ​ហុង​ប៉ាវ​ពី​ម្ចាស់​បន​ល្បែង​នេះ ក្រោយ​មានការ​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​សកម្មភាព​ប៉ូលិស​ថៃ​តម្រង់​ជួរ​គ្នា​ចាំ​ទទួល​លុយ​ពី​ម្ចាស់​បន​ល្បែង​មួយ​ក្នុង​រដូវ​កាល​ចូលឆ្នាំ​ចិន​នោះ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama វីដេអូ​នោះ​ត្រូវបាន​គេ​ចែកចាយ​រាប់ពាន់​ដង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លងទៅ​ចំ​ពេលដែល​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ចូលមក​ដល់​នោះ​។ 

​ចំពោះ​ប៉ូលិស​ដែល​ពាក់ព័ន្ធ​ការទទួល​លុយ​អំណោយ​ចូលឆ្នាំ​ចិន​ខុស​វិន័យ​ប៉ូលិស​នេះ​​មាន​ចំនួន ៦០​នាក់​ដែល​មកពី​ប៉ុស្តិ៍​ចំនួន​បួន​នៅ​ទូទាំង​ក្រុង​បាងកក​។  លោក Boonyarit Rodma បង្ហើប​ថា ប៉ុស្តិ៍​ទាំង​បួន​នោះ​មានដូចជា​នៅ Taling Chan, Thamma Sala, Ban Yikhan និង​នៅ Bang Saothong​។ ចំណែក​មេ​ប៉ុស្តិ៍​ទាំង​បួន​នាក់​ក៏ត្រូវ​បាន​កោះហៅ​មក​សួរនាំ​ពាក់ព័ន្ធ​ករណី​យកលុយ​ពី​ម្ចាស់​បន​ល្បែង​នេះដែរ​។​

​តាមពិតទៅ ករណី​យកលុយ​ហុង​ប៉ាវ​ពី​ម្ចាស់​បន​ល្បែង​នេះ​កើតឡើង​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​អគ្គស្នងការ​ប៉ូលិស​ជាតិ​ថៃ​លោក Chalermkiat Sriworakhan ចេញ​សេចក្តីណែនាំ​មួយ​ដល់​គ្រប់​ប៉ុ​សិ៍្ត​ប៉ូលិស​ទាំងអស់​មិន​ឲ្យ​ទទួល​អំណោយ​ពី​អ្នកជំនួញ​ជាប់​សែរ​ស្រ​ឡាយ​ចិន​ឡើយ​។ លោក​ក៏បាន​ព្រមាន​អនុវត្ត​វិន័យ​ប៉ូលិស​ចំពោះ​រាល់​អ្នក​ដែល​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះដែរ​៕



Tag:
 ថៃ​
  Boonyarit Rodma
  ហុង​ប៉ាវ
© រក្សាសិទ្ធិដោយ thmeythmey.com