ជាតិ
មន្ត្រីតុលាការកំពូល ២រូប មានអាយុ៦៥ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យបន្តការងារ
× ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចឲ្យព្រះរាជអាជ្ញាមួយរូប និងចៅក្រមមួយរូប នៃតុលាការកំពូល ដែលមានអាយុ៦៥ឆ្នាំ បន្តការងាររបស់ពួកគេដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី២៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២0១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចនេះ គឺធ្វើតាមសំណើរបស់សាមីខ្លួនទាំងពីរ។ អ្នកទាំងពីរនោះ គឺលោក ជុំ សំបាន ព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល និងលោក អ៊ីវ គឹមស្រ៊ី ចៅក្រមនៃតុលាការកំពូល។
មាត្រា៦២ ក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា បានចែងថា៖«ចៅក្រមទាំងអស់នៃតុលាការកំពូល ដែលមានអាយុចាប់ពី ៦0ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន។ ប៉ុន្តែ នៅពេលដល់អាយុ ៦៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវសម្រេចពីការបន្តការងាររបស់ចៅក្រមទាំងអស់នៃតុលាការកំពូល តាមការស្នើសុំរបស់សាមីខ្លួន»៕
© រក្សាសិទ្ធិដោយ thmeythmey.com